សម្តេច ហ៊ុន សែន​ចាត់ទុកសម្តីលោក លី សៀនឡុង ថា «ដូចគាំទ្ររបបប្រល័យពូជសាសន៍»
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​ចាត់ទុកសម្តីលោក លី សៀនឡុង ថា «ដូចគាំទ្ររបបប្រល័យពូជសាសន៍»
07, Jun 2019 , 12:20 am        
រូបភាព
សម្តេច ហ៊ុន សែន និងលោក លី សៀនឡុង នាកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញឆ្នាំ២០១២។ រូបថត AFP
សម្តេច ហ៊ុន សែន និងលោក លី សៀនឡុង នាកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញឆ្នាំ២០១២។ រូបថត AFP
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារទាំងភាសាខ្មែរនិងភាសាអង់គ្លេស លើទំព័រហ្វេសប៊ុកទាំងពាក់កណ្តាលយប់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីតបទៅលោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ដែលលើកឡើងថា «វៀតណាម ឈ្លានពានកម្ពុជា ក្នុងអំឡុងទសវត្សរ៍៨០»។


អត្ថបទទាក់ទង


«ខ្ញុំ ពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែឧសភា កន្លងទៅ ដោយលើកឡើងថា ពេលដែលឧត្តមសេនីយ៍ ព្រេម ធ្វើជានាយករដ្ឋមន្ត្រីថៃ គាប់ជួននឹងពេលដែលសមាជិកអាស៊ាន រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម.....»។ នេះជាឃ្លាដំបូងក្នុងសំណេររបស់សម្តេច​នាយករដ្ឋមន្រ្តីកម្ពុជា។

សម្តេចបានសរសេរបន្តថា៖ «ការលើកឡើងនេះបង្ហាញថា កាលនោះសិង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញដែរ។ សិង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជុំដែលនាំដល់ការបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជាជាង១០ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ»។

ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តទៀតថា៖«ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍។ ការលើកឡើងរបស់ឯកឧត្តម លី សៀនឡុង នាពេលនេះ ក៏បានបង្ហាញប្រជាជនសិង្ហបុរី និងពិភពលោកថា មេដឹកនាំសិង្ហបុរីនាពេលនោះ បានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ»។

តាមរយៈសារដដែល មេដឹកនាំកម្ពុជា បាន​ចោទ​ជា​សំណួរ​ផងដែរ​ថា​៖«​ចុងក្រោយ​នេះ ខ្ញុំ​ចង់​សួរ ឯកឧត្តមនាយករដ្ឋមន្ត្រី លី សៀន​ឡុង ថា តើ​គាត់​ចាត់ទុក​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​កន្លងទៅនេះ​ថា ជាការ​ត្រឹមត្រូវ​ដែរ​ឬ​អត់​»?

© រក្សាសិទ្ធិដោយ thmeythmey.com