កីឡាជាតិ
ជាតិ
Hun Sen Cup៖ សូល​ទី​ឡូ ស៊ី រតនគិរី ១០-១ រីឯ​វិសាខា ឈ្នះ ប៉ូលិស ៦-០
04, Jul 2019 , 6:39 pm        
រូបភាព
ជំនួបរវាងសូលទីឡូអង្គរ (អាវលឿន) និងរតនគិរី។ រូបថត CNCC
ជំនួបរវាងសូលទីឡូអង្គរ (អាវលឿន) និងរតនគិរី។ រូបថត CNCC
ដោយ: ថ្មីៗ
សូល​ទី​ឡូ​អង្គរ​យកឈ្នះ​រតនគិរី ១០-១ ខណៈ​វិសាខា ធ្វើ​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មិនអាច​តបត​បាន​ក្នុង​លទ្ធផល ៦-០ សម្រាប់​ការប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុនសែន ឆ្នាំ​២០១៩ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​



អត្ថបទទាក់ទង


​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប លទ្ធផល ៧-០ បានកើត​ឡើង​នៅ​តង់​ទីមួយ ដែល​សម្រេចបាន​ដោយ ប្រាក់ ចាន់​រតនា ២​គ្រាប់ លី សា​រ័ត្ន ២​គ្រាប់ រ័ត្ន សំណាង ២​គ្រាប់ និង​លី អា​រី​ហ្វី​ន ១​គ្រាប់ សម្រាប់​ក្រុម​សូល​ទី​ឡូ​អង្គរ​។

​ឈានដល់​តង់​ទី​ពីរ សម្បត្តិ បញ្ញា វាយបក​បាន​១​គ្រាប់​វិញ​សម្រាប់​រតនគិរី ប៉ុន្តែ​ក្រោយមក សូល​ទី​ឡូ បន្ថែម​បាន​៣​គ្រាប់​ទៀត ពី​សំណាក់ សឿង បញ្ញា ១​គ្រាប់ និង លី ម​ស្លី​ម ២​គ្រាប់​។​

​ស្របពេល​ជាមួយគ្នា នគរបាលជាតិ បាន​ចាញ់​វិសាខា ៦-០ នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ដែល​ខ្លួន​យក​ធ្វើជា​ការប្រកួត​ក្នុង​ដី​។ នៅ​ចុង​តង់​ទីមួយ ទិ​ត ឌី​ណា បាន​ស៊ុត​បាល់​បញ្ចូល​ទី​លើ​ក្រុម​ចាស់​របស់ខ្លួន មុនពេល ស៊ិន កក្កដា រកបាន​១​គ្រាប់​នៅ​ចុង​តង់​។​

​នៅ​តង់​ទី​ពីរ វិសាខា ដឹកនាំ​ដោយ​គ្រូបង្វឹក​បណ្តោះអាសន្ន លោក Akeep Tunji Ayoyinka​សម្រេចបាន​៤​គ្រាប់​ទៀត ដែល​រកបាន​ដោយ កែវ សុខ​ផេង​, សាន គឹម​ហេង​, ស៊ិន សុ​ផា​ណាត និង​ស៊ិន កក្កដា ១​គ្រាប់​ទៀត​។​

​កាលពី​ម្សិលមិញ គិរីវង់​សុខ​សែន​ជ័យ បាន​យកឈ្នះ​ណាហ្គា​វើ​ល ២-០ ខណៈ​ក្រសួងការពារជាតិ​វាយបក​យកឈ្នះ​ម្ចាស់ផ្ទះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៣-១​។​
​សម្រាប់​ជំនួប​ជើង​ទី​១ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន បឹងកេត​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​សៀមរាប ៦-០ រីឯ​អគ្គិសនី​កម្ពុជា​បញ្ចប់​ក្នុង​លទ្ធផល​ដោយ​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាមួយ​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​រ​។ មួយថ្ងៃ​បន្ទាប់ ភ្នំពេញ​ក្រោ​ន​យកឈ្នះ​កំពង់ចាម ១០-០ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ត្បូងឃ្មុំ ៤-០៕


Tag:
 Hun Sen Cup 2019
© រក្សាសិទ្ធិដោយ thmeythmey.com