រថយន្ត
សេដ្ឋកិច្ច
អន្តរជាតិ
ថៃតាំងចិត្តពង្រឹងផលិតកម្មយានយន្ត ក្រោយអឺរ៉ុបងាកខ្លាំងទៅវៀតណាម អគ្គនាយកនៃការិយាល័យយុទ្ធសាស្រ្ត និងគោលនយោបាយពាណិជ្ជកម្មថៃ លោកស្រី Pimchanok Vonkorpon
× មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ បានមើលឃើញពីជំហានទៅមុខដ៏លំបាកក្នុងវិស័យឧស្សាហកម្មយាន្ត និងគ្រឿងអេឡិចត្រូនិក បន្ទាប់ពីវៀតណាម បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។ បើយោងតាមការផ្សាយរបស់បាងកក ប៉ុស្តិ៍ លោកស្រី Pimchanok Vonkorpon បានលើកឡើងពីយុទ្ធសាស្ត្រដើម្បីទប់ទល់ហានីភ័យដែលអាចកើតឡើងនាខាងមុខ។
វៀតណាម និងសហភាពអឺរ៉ុប កាលពីថ្ងៃទី៣០ ខែមិថុនា បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម (EVFTA) និងកិច្ចព្រមព្រៀងគាំពារការវិនិយោគសហភាពអឺរ៉ុប-វៀតណាម (EVIPA) ហើយត្រៀមដាក់ឲ្យចូលជាធរមាននាពេលណាមួយក្នុងឆ្នាំ២០១៩នេះ។
«វៀតណាម អាចទាញផលប្រយោជន៍ច្រើនជាងប្រទេសថៃពីកិច្ចព្រមព្រៀងនេះ»។ នេះជាការវាយតម្លៃរបស់អគ្គនាយកនៃការិយាល័យយុទ្ធសាស្ត្រ និងគោលនយោបាយពាណិជ្ជកម្មថៃ លោកស្រី Pimchanok Vonkorpon ។
តាមកាសែតបាងកកប៉ុស្តិ៍ លោកស្រី Pimchanok ព្រមានថា ក្រុមហ៊ុនផ្គត់ផ្គង់រថយន្ត ក្នុងប្រទេសថៃ ត្រូវត្រៀមលក្ខណៈសម្រាប់ស្ថានការណ៍ដែលរោងចក្រផលិតរថយន្តជាច្រើនអាចផ្លាស់ប្តូរទីតាំងទៅកាន់វៀតណាម។
មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មថៃរូបនេះបានសង្កត់ធ្ងន់ថា រោងចក្រក្នុងស្រុក ត្រូវតែពង្រឹងប្រសិទ្ធភាព និងពន្លឿនផលិតកម្មនៃយានយន្តជំនាន់ថ្មីៗ។ លោកស្រី Pimchanok Vonkorpon គូសបញ្ជាក់ថា EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ និងមានមហិច្ឆតាបំផុត ដែល EU បានបង្កើតឡើងជាមួយប្រទេសកំពុងអភិវឌ្ឍ។
ក្រៅពីនេះ រោងចក្រផលិតកុំព្យូទ័រ និងគ្រឿងអេឡេចត្រូនិកមួយចំនួនទៀត ក៏ប្រឈមមុខនឹងការផ្លាស់ប្តូរទីតាំងទៅកាន់វៀតណាមផងដែរ ព្រោះថាប្រទេសនេះ មានភាពប្រកួតប្រជែងគ្រប់គ្រាន់ដើម្បីអភិវឌ្ឍរោងចក្រអេឡិចត្រូនិកផ្ទាល់ខ្លួន។
ថៃមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EU ហើយប្រព័ន្ធអនុគ្រោះរបស់អឺរ៉ុបសម្រាប់ប្រទេសថៃ ត្រូវបានកាត់ផ្តាច់កាលពីឆ្នាំ ២០១៥កន្លងទៅ ដូច្នេះវាមានន័យថា ការនាំចេញផលិតផលរបស់ថៃទាំងអស់ នឹងត្រូវជាប់ពន្ធ។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Pimchanok លើកឡើងថា ថៃ ត្រូវតែអភិវឌ្ឍកម្លាំងពលកម្មជំនាញ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍ខ្ពស់ ដើម្បីបន្ថែមតម្លៃទៅកាន់ផលិតផល និងរក្សាភាពប្រកួតប្រជែង។ ការិយាល័យលោកស្រី មានសុទិដ្ឋិនិយមថា EU នឹងចូលរួមក្នុងកិច្ចចរចាដូចគ្នានេះជាមួយថៃ ព្រោះថាប្លុកពាណិជ្ជកម្មដ៏ធំនេះ ចង់ចូលទៅកាន់ទីផ្សារវេជ្ជសាស្ត្រ រថយន្ត និងគ្រឿងស្រវឹងក្នុងស្រុកថៃ៕
Tag:
វៀតណាម
ថៃ
អឺរ៉ុប
FTA
© រក្សាសិទ្ធិដោយ thmeythmey.com