អន្តរជាតិ
លោក មូន ចេអុីន៖ ជប៉ុននឹងរងគ្រោះជាងកូរ៉េខាងត្បូង បើមិនដកការរឹតត្បិត ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ។ រូបភាព AFP
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី១៥ ខែកក្កដា បានព្រមានពីផលវិបាកធ្ងន់ធ្ងរក្នុងសេដ្ឋកិច្ចជប៉ុន បើមិនដកការរឹតត្បិតការនាំចេញរូបធាតុគីមីសំខាន់ៗទៅឲ្យកូរ៉េខាងត្បូងនោះ។ លោក មូន ដែលបានព្រមានប្រទេសជិតខាងនេះម្ដងហើយនោះ អះអាងថា ចំណាត់ការរបស់ជប៉ុន មានគោលដៅទប់ស្កាត់កំណើនសេដ្ឋកិច្ចរបសកូរ៉េខាងត្បូង ប៉ុន្តែនឹងបរាជ័យមិនខាន។ មេដឹកនាំកូរ៉េខាងត្បូង បានអំពាវនាវទៅកាន់ជប៉ុនឲ្យឈប់យកបញ្ហាប្រវត្តិសាស្ត្រមកឡូកឡំរឿងសេដ្ឋកិច្ច។
កូរ៉េខាងត្បូង នឹងមិនចុះញ៉មសម្ពាធសេដ្ឋកិច្ចរបស់ជប៉ុនឡើយ។ នេះជាការប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី១៥ ខែកក្កដា ទៅនឹងការរឹតត្បិតការនាំចេញរបស់ជប៉ុនលើរូបធាតុគីមីបីយ៉ាងដែលសំខាន់ក្នុងការផលិតបន្ទះឈីប និងទូរសព្ទឆ្លាតវៃ។ លោក មូន ក៏ព្រមានដែរថា ជប៉ុននឹងរងផលប៉ះពាល់ខ្លាំងជាងកូរ៉េខាងត្បូងទៅទៀត បើបញ្ហាពាណិជ្ជកម្មនេះអូសបន្លាយរកច្រកចេញមិនឃើញនោះ។
នាកិច្ចប្រជុំជាមួយទីប្រឹក្សានៅវិមានប្រធានាធិបតី Cheong Wa Dae លោក មូន និយាយថា ការរឹតត្បិតរបស់តូក្យូដែលដាក់គោលដៅលើក្រុមហ៊ុនកូរ៉េខាងត្បូង ជាចំណាត់ការដែលបង្កឥទ្ធិពលមិនល្អឲ្យជប៉ុន ហើយមិនធ្វើឲ្យជប៉ុនរងគ្រោះវិញដោយសារការរួបរួមរបស់ប្រជាជនកូរ៉េខាងត្បូង។ បើតាមទីភ្នាក់ងារព័ត៌មាន Yonhap លោក មូន ព្រមានចំៗទុកមុនថា៖ «សេដ្ឋកិច្ចជប៉ុន នឹងទទួលផលប៉ះពាល់ធំធេងនៅចុងក្រោយ។»
ជាមួយនឹងការអះអាងពីការពួតដៃគ្នារបស់ប្រជាជនកូរ៉េខាងត្បូង លោក មូន បានផ្ញើសារទៅកាន់តូក្យូដែរថា កូរ៉េខាងត្បូង អាចជម្នះបញ្ហាដែលកើតចេញពីសកម្មភាពរបសជប៉ុនដូចដែលជាធ្លាប់បានដោះស្រាយបញ្ហាកន្លងមក។ កាន់តែធ្ងន់ធ្ងរ ប្រជាជនកូរ៉េខាងត្បូង នឹងបាត់ទំនុកចិត្តលើភាពជាដៃគូជាមួយជប៉ុន ហើយនឹងស្វះស្វែងធ្វើពិពិធកម្មការផ្គត់ផ្គង់របស់ខ្លួនតាមរយៈការរកប្រភពផ្គត់ផ្គង់ថ្មី ឬបង្កើនការផលិតក្នុងស្រុកតែម្ដង។
ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ចាត់ទុកវិធានការរបស់ជប៉ុន ជាការប៉ុនប៉ងរាំងខ្ទប់កំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូង។ បើនេះជាគោលដៅពិតរបស់ជប៉ុនមែននោះ លោក មូន ប្រាប់ជប៉ុនវិញថា វានឹងមិនជោគជ័យឡើយ។ ខណៈដំណោះស្រាយមិនទាន់មានទោះមន្ត្រីប្រទេសទាំងពីរជួបគ្នាក្ដី លោក មូន អះអាងថា ការរកដំណោះស្រាយការទូត នៅតែជាជម្រើសដដែល។
ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងមហាអំណាចអាស៊ីទាំងពីរនេះដែលផ្ដើមដោយការរឹតត្បិតរបស់ជប៉ុន កើតឡើង ក្រោយពីសាលក្រមជាបន្តបន្ទាប់របស់តុលាការកូរ៉េខាងត្បូង ដែលបញ្ជាឲ្យក្រុមហ៊ុនជប៉ុនដែលបានប្រើប្រាស់កម្លាំងពលកម្មប្រជាជនកូរ៉េដោយបង្ខំក្នុងអំឡុងសម័យសង្គ្រាម បង់ថ្លៃសំណងដល់ជនរងគ្រោះ។ ប៉ុន្តែតូក្យូអះអាងថា បញ្ហានេះត្រូវបានដោះស្រាយចប់តាំងពីពេលប្រទេសទាំងពីរស្ដារទំនាក់ទំនងឡើងវិញមកម្ល៉េះ។
លោក មូន រិះគន់ជប៉ុនដែលយកបញ្ហាប្រវត្តិសាស្ត្រមកពាក់ព័ន្ធរឿងសេដ្ឋកិច្ច។ ដោយចាត់ទុកការសម្រេចចិត្តរបស់ជប៉ុនជារឿងមិនឆ្លាតវៃ ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ លើកឡើងថា ការរឹតត្បិតនេះ ដើរផ្ទុយពីការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី។ លោក មូន រំពឹងថា ជប៉ុននឹងដកថយ ហើយងាកទៅរកដំណោះស្រាយការទូតវិញ៕
Tag:
កូរ៉េខាងត្បូង
ជប៉ុន
មូន ចេអ៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com