អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក ស្នើ​ប្រទេស​ផ្សេងទៀត​ធ្វើតាម​កម្ពុជា​ដែល​ការពារ​អធិបតេយ្យ​ខ្លួន​
02, Aug 2019 , 9:29 am        
រូបភាព
ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ  ស្ថិតនៅវេទិកាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២​និងកិច្ចប្រជុំពាក់ព័ន្ធនាទីក្រុងបាងកកថ្ងៃ ១ ខែសីហា (រូបភាព៖ AFP)
ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ស្ថិតនៅវេទិកាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២​និងកិច្ចប្រជុំពាក់ព័ន្ធនាទីក្រុងបាងកកថ្ងៃ ១ ខែសីហា (រូបភាព៖ AFP)
​ពី​រាជធានី​បាងកក រាជាណាចក្រ​ថៃ ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ (Mike Pompeo) នៅ​ថ្ងៃទី​១ ខែសីហា បាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​អនុវត្តតាម​កម្ពុជា​ក្នុង​ការពារ​ធិបតេយ្យ​របស់ខ្លួន​ប្រឆាំង​ការធ្វើ​យោ​ធូប​នីយកម្ម​របស់​ចិន​។ លោក ប៉ុ​ម​ប៉េ​អូ និយាយ​ដូចនេះ ក្រោយ​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរ​ទស​អាស៊ាន​-​អាមេរិក​លើក​ទី​៥២ និង​ក្រោយពី​កម្ពុជា​បដិសេធ​ព័ត៌មាន​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​សង់​មូលដ្ឋាន​យោធា​ចិន​នៅ​តំបន់​សមុទ្រ​របស់ខ្លួន​នោះ​។​

 
​សំណុំរឿង​កិច្ចព្រមព្រៀងសម្ងាត់​ដែល​កម្ពុជា​ត្រូវបាន​ចោទថា ប្រុង​ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់ខ្លួន​នោះ ទំនងជា​ស្ថិតក្នុង​ប្រធានបទ​មួយ​ដែល​ត្រូវបាន​ជជែក​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​អាមេរិក​លើក​ទី​៥២ នៅ​ថ្ងៃទី​១ ខែសីហា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ព្រលយ​ពី​ការពិភាក្សា​លើ​បញ្ហា​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​អាស៊ាន​របស់លោក​។​
 
«​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​-​អាមេរិក កម្ពុជា បាន​បដិសេធ​មិន​រាយការណ៍​ពី​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​ទទួលយក​មូល​ដ្ឋា​ន​យោធា​ចិន​នៅ​ទឹកដី​របស់ខ្លួន​»។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ុ​ម​ប៉េ​អូ ទៅកាន់​អ្នកសារព័ត៌មាន ដែល​ផ្សាយ​ដោយ​កាសែត​ថៃ​បាងកក​ប៉ុស្តិ៍​។ ទោះជា​យ៉ាងណា ប្រមុខ​ការទូត​អាមេរិក​រូបនេះ «​បាន​ស្វាគមន៍​កម្ពុជា​ដែល​ប្ដេជ្ញា​ការពារ​ដាច់ខាត​បូរណភាព​ទឹកដី​របស់ខ្លួន និង​ទទូច​ឲ្យ​ប្រទេស​ផ្សេង​ធ្វើតាម​ការនាំ​មុខ​របស់​កម្ពុជា​បែបនេះ​»​។​
 
​លោក ប៉ុ​ម​ប៉េ​អូ ទំនង​ចង់​សំដៅ​ដល់​ការបដិសេធ​ម្ដង​ហើយ​ម្ដងទៀត​របស់​កម្ពុជា​ពាក់ព័ន្ធ​ព័ត៌មាន​ដែល​ចុះផ្សាយ​ដោយ​កាសែត​អាមេរិក Wall Street Journal ពី​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​ចិន​ដែល​បើកផ្លូវ​ឲ្យ​យោធា​ចិន​ប្រើប្រាស់​មូលដ្ឋាន​រាម​។ រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ហើយ​ប្រកាស​ទៀតថា ការតាំង​មូលដ្ឋាន​យោធា​បរទេស​នៅ​ទឹកដី ជាការ​ប្រឆាំង​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ដែល​ហាម​មិន​ឲ្យ​មាន​មូលដ្ឋាន​បរទេស​អចិន្ត្រៃយ៍​នោះឡើយ​។​
 
អត្ថបទទាក់ទង
 
​និយាយ​ដល់​រឿង​ចិន​នេះ ប្រមុខ​ការទូត​អាមេរិក​ក៏​ឆ្លៀត​រិះគន់​ចិន​ទាក់ទង​ការធ្លាក់ចុះ​កម្ពស់​ទឹកទន្លេ​មេគង្គ​ផង​។ អំឡុងពេល​ស្នាក់នៅ​ទឹកដី​ថៃ លោក ប៉ុ​ម​ប៉េ​អូ មាន​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​មកពី​ក្របខណ្ឌ​គំនិត​ផ្ដួចផ្ដើម​មេគង្គ​ក្រោម​ផងដែរ​។ មន្ត្រីការទូត​ជាន់ខ្ពស់​របស់​អាមេរិក​រូបនេះ​អះអាងថា ការធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត ជា​លទ្ធផល​នៃ​ការសម្រេចចិត្ត​បិទ​ទំនប់​របស់​ចិន​នៅ​ប៉ែក​ខាងលើ​។ ប៉ុន្តែ​ចិន​បាន​បដិសេធ ដោយ​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី និយាយថា ចិន​បាន​បើកទឹក​ច្រើនជាង​ធម្មតា​ផង​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​នៅ​ផ្នែក​ខាងក្រោម​៕
 

Tag:
 អាមេរិក​
  កម្ពុជា​
  ចិន​
  Mike Pompeo
© រក្សាសិទ្ធិដោយ thmeythmey.com