ជាតិ
ខេត្តព្រះសីហនុ មានសំរាម១០០០តោន ក្នុងមួយថ្ងៃ!
× ភ្នំពេញ៖ ដោយសារកំណើនប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុកើនឡើងជាគំហុកនោះ វាបានធ្វើឱ្យខេត្តតំបន់ទេសចរណ៍នេះ កំពុងជួបបញ្ហាសំរាម និងបរិស្ថាន។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលប្រាប់លោកស្រី Grace Smith សហស្ថាបនិក Go Green Cambodia និងជាទីប្រឹក្សាធនាគារពិភពលោក ឱ្យជួយផ្ដល់បច្ចេកទេសដោះស្រាយបញ្ហាសំរាម កាលពីថ្ងៃទី៧ តុលា។
លោក គួច ចំរើន ដែលបានដឹងពីបញ្ហាសំរាមនេះ បានប្រាប់ទីប្រឹក្សាធនាគារពិភពលោកថា អាជ្ញាធរខេត្តកំពុងពិភាក្សារកដៃគូរវិនិយោគលើសំរាម ដោយបំលែងទៅជាអគ្គីសនី ដើម្បីជួយកាត់បន្ថយបរិមាណសំរាម។
ហ្វេសប៊ុករដ្ឋាបាលខេត្តព្រះសីហនុ បានស្រង់សម្តីអភិបាលខេត្តយ៉ាងដូច្នេះថា៖«ដោយការរីកចម្រើនរយៈពេល ២ឆ្នាំនេះ សំរាមក៏មានការកើនឡើងផងដែរ តាមការព្យាករសំរាមកើនឡើងពី ១០ទៅ ១៥ភាគរយក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ២០១៥ សំរាមមានចន្លោះពី ១០០ទៅ ២០០តោន ក្នុងមួយថ្ងៃ បច្ចុប្បន្នសំរាមមានរហូត ១,០០០តោនក្នុងមួយថ្ងៃ។ យើងក៏បានធ្វើយុទ្ធនាការប្រមូលសំរាម បង្កើនការដឹកសំរាមចេញដោយចង់ដឹងថាសំរាមមានប៉ុន្មានក្នុងមួយថ្ងៃ»។
លោក គួច ចំរើន បានសង្កត់ធ្ងន់ថា បច្ចុប្បន្នក្រុមហ៊ុនប្រមូលសំរាមនៅខេត្តព្រះសីហនុ មានរថយន្តដឹកសំរាមចំនួន ៨៥គ្រឿង (គ្រោងបន្ថែមរថយន្ត ៨០គ្រឿងទៀតនៅពេលខាងមុខ) ប៉ុន្តែការសម្អាតសំរាមនិងបរិស្ថាន នៅតែមានបញ្ហា ដោយសារក្រុមហ៊ុនប្រមូលសំរាមជួបវិបត្តខ្វះកម្មករ។ «ខេត្តព្រះសីហនុ ជាខេត្តសេដ្ឋកិច្ច នូវពេលក្រុមហ៊ុនប្រមូលសំរាមរើសកម្មករគ្រប់ គឺបានតែរយៈពេលខ្លីតែប៉ុណ្ណោះ (ព្រោះ)ពួកគេនឹងទៅរកការងារកន្លែងថ្មី។ គួបផ្សំនឹងផ្លូវថ្នល់មានការខូចខាត និងការកកស្ទះចរាចរណ៍ តាមធម្មតាឡានអាចដឹកសំរាមចេញបាន ៣ជើងក្នុងមួយថ្ងៃ តែនៅពេលកកស្ទះការដឹកជញ្ជូនសំរាមចេញបានតែមួយជើងក្នុងមួយថ្ងៃ ជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន»។ នេះជាការបញ្ជាក់របស់អភិបាលខេត្តព្រះសីហនុ ដែលបានបន្ថែមថា បញ្ហាប្រឈមដ៏ធំមួយទៀតនោះ គឺនៅពេលសំរាមគរច្រើននោះ វាបានហូរតាមទឹកភ្លៀង ចូលលូទឹកកខ្វក់ និងធ្លាក់ចូលសមុទ្រ ។
កាលពីថ្ងៃទី១៤កញ្ញា ឆ្នាំ២០១៩ មានសំរាមប្រមាណ១០០តោន បានរសាត់ ឬអណ្តែតជាច្រើននៅលើផ្នែកខាងនៃឆ្នេរអូរឈើទាល ។ មូលហេតុដែលសំរាមទាំងនេះ រសាត់អណ្ដែតមកចុងសមុទ្រឆ្នេរអូរឈើទាល គឺបណ្តាលមកពីមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ដែលនាំយកសំរាមនៅតាមតំបន់នានាហូរធា្លក់ចូលសមុទ្រ ។ ក្រោយបោសសម្អាតសំរាមទាំងអស់នោះ អាជ្ញាខេត្តព្រះសីហនុ នឹងសិក្សារៀបចំដាក់សំណាញ់ដែកបន្ថែម ដើម្បីទប់ស្កាត់សំរាម កុំឱ្យហូលចូលចាក់ទៅតំបន់ឆ្នេរ។ នេះជាការលើកឡើងរបស់លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ។
សំរាមប្រមាណ ១ ម៉ឺនតោន ត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃៗនៅកម្ពុជា ក្នុងនោះសំរាមជាង ២០ ភាគរយជាថង់ប្លាស្ទិក ឬស្មើនឹងប្រមាណ ២,០០០តោន។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន លើកឡើងដូច្នេះ នៅក្នុងកម្មវិធីបញ្ចប់យុទ្ធនាការសប្ដាហ៍បៃតងរបស់សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី៦តុលា ឆ្នាំ២០១៩។
អ្នកនាំពាក្យរូបនេះ បើនិយាយតែនៅរាជធានីភ្នំពេញ មានសំរាមប្លាស្ទិកជាងថង់១០លានថង់ ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ។ កត្តាចម្បងបំផុត ដែលនាំឲ្យការប្រើប្រាស់ថង់ប្លាស្ទិកកើនឡើង គឺការផ្លាស់ប្ដូរឥរិយាបថរបស់ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច និងកំណើនប្រជាពលរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com