អន្តរជាតិ
ប្រធានាធិបតី ពូ​ទីន ការពារ​លោក ត្រាំ ក្រោយ​ត្រូវ​សភា​អាមេរិក​ចោទប្រកាន់​ជា​ផ្លូវការ​
20, Dec 2019 , 10:39 am        
រូបភាព
លោកដូណាល់ត្រាំ (ឆ្វេង) និងលោក វ្ល៉ាឌីមៀ ពូទីន
លោកដូណាល់ត្រាំ (ឆ្វេង) និងលោក វ្ល៉ាឌីមៀ ពូទីន
ដោយ:
​ប្រធានាធិបតី​រុស្ស៊ី លោក វ៉ា្ល​ឌី​មៀ ពូ​ទីន បានចេញ​មុខការ​ពារ​សម​ភាគី​អាមេរិក ដោយ​អះអាងថា ការ​ការចោទប្រកាន់​ជា​ផ្លូវ​ការដែល​ឈានដល់​ការដកហូត​តំណែង​លោក  ដូ​ណា​ល់ ត្រាំ គឺ​ផ្អែកលើ «​ហេតុផល​ប្រឌិត​» ។ ទន្ទឹមនេះ មេដឹកនាំ​រូបនេះ ក៏​មិន​ជឿ​ទេ​ថា លោក ត្រាំ នឹងត្រូវ​បណ្ដេញ​ចេញពី​តំណែង​កំពូល​នេះឡើយ​។

 
«​ខ្ញុំ ពិតជា​មិន​ជឿថា អាណត្តិ​ប្រធានាធិបតី [​លោក​ត្រាំ​] បញ្ចប់​ត្រឹម​នេះឡើយ​»​។  លោក វ៉ា្ល​ឌី​មៀ ពូ​ទីន លើកឡើង​បែបនេះ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៩ ធ្នូ ដោយ​ឆ្លើយ​នឹង​សំណួរ​ថា​តើ​រុស្ស៊ី​មាន​យុទ្ធសាស្ត្រ​សម្រាប់​បន្ត​កិច្ចសន្ទនា​ជាមួយ​សហរដ្ឋអាមេរិក​រហូតដល់​បញ្ចប់​អាណត្តិ​ប្រធានាធិបតី​របស់លោក ត្រាំ ឬ យ៉ាងណា​។ 
 
​លោក បញ្ជាក់ថា សំណុំរឿង​ដកហូត​តំណែង​នេះ នឹងត្រូវ​ឆ្លងកាត់​ព្រឹទ្ធសភា ដែល​បក្ស​សាធារណរដ្ឋ​មានមតិ​ភាគច្រើន ម្ល៉ោះហើយ វា​មិន​ទំនង​ទេ​ថា ពួកគេ​នឹង​ចង់​ដកហូត​អ្នកតំណាង​បក្ស​ពួកគេ ដោយ​ផ្អែកលើ «​ហេតុផល​ប្រឌិត​» នោះឡើយ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អាមេរិក CNN មេដឹកនាំ​រុស្ស៊ី​អាយុ​៦៧​ឆ្នាំ​រូបនេះ អះអាង​ទៀតថា «​នេះ គឺ​គ្រាន់​ការបន្ត​សង្គ្រាម​នយោបាយ​ផ្ទៃក្នុង បក្ស​មួយ​ដែល​ចាញ់​ការបោះឆ្នោត នោះ​គឺ​បក្ស​ប្រជាធិបតេយ្យ ហើយ​ពួកគេ​កំពុង​ព្យាយាម​ស្វែងរក​វិធី​ថ្មី ដោយ​ចោទប្រកាន់​លោក​ត្រាំ​ថា គប់គិត​ជាមួយ​រុស្ស៊ី​»​។ 
 
​យ៉ាងណាមិញ ក្រោយមក វា​បង្ហាញ​ច្បាស់​ថា​គ្មាន​ឡើយ​ការ​គប់គិត​ណាមួយ​ជាមួយ​ទីក្រុង​ម៉ូស្គូ​កើតឡើង​ទេ ហើយ​នេះ​ពុំ​អាច​ក្លាយជា​មូលដ្ឋាន​សម្រាប់​ការប្តឹង​ដកហូត​តំណែង​លោក​ប្រធានាធិបតី ត្រាំ ។ លោក ពូ​ទីន បកស្រាយ​បែបនេះ ដោយ​សង្កត់ធ្ងន់ថា ឥឡូវនេះ បក្ស​ប្រជាធិបតេយ្យ​បាន​បង្កើត​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​អ៊ុយ​ក្រែ​ន​ឡើង​។ 
 
អត្ថបទទាក់ទង
 
​ការចេញមុខ​ការពារ​លោក​ដូ​ណា​ល់ ត្រាំ​បែបនេះ កើតឡើង​ខណៈ​មេដឹកនាំ​ទាំងពីរ​មាន​ភាពស្អិតល្មួត​ខុសធម្មតា ដែល​ត្រូវបាន​គេ​មើលឃើញ​ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។ លោក ត្រាំ ធ្លាប់បាន​ឈរ​ខាង​លោក​ប្រធានាធិបតី ពូ​ទីន ដោយ​បដិសេធ​ការវាយតម្លៃ​របស់​ភ្នាក់ងារ​អាមេរិក​ថា រុស្ស៊ី​បាន​ជ្រែ​ត​ជ្រៀក​ក្នុងការ​បោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ​២០១៦​។ ទន្ទឹមនេះ លោក ត្រាំ ក៏បាន​ទាត់ចោល​ការចោទប្រកាន់​ថា លោក ពូ​ទីន ប្រើប្រាស់​អំពើហិង្សា​ប្រឆាំង​គូប្រជែង​នយោបាយ​ខ្លួន ដោយនិយាយ​ក្នុង​ឆ្នាំ​២០១៥ ថា លោក មិន​ធ្លាប់​បានឃើញ​ភស្តុតាង​ណាមួយ​ដែល​បង្ហាញថា លោកពូ​ទីន​សម្លាប់​មនុស្ស​ណា​ម្នាក់​ឡើយ​។ 
 
​សូមបញ្ជាក់ថា សភា​តំណាង កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បាន​បោះឆ្នោត​ចោទប្រកាន់​ជា​ផ្លូវ​ការដែល​អាចឈាន​ដល់​ការដកហូត​តំណែង​លោក​ប្រធានាធិបតី ក្រោម​បទ​ចោទ រំលោភ​អំណាច និង​រារាំង​ដំណើការ​សភា ។ ជាមួយ​លទ្ធផល​បោះឆ្នោត​នេះ លោក ត្រាំ បាន​ក្លាយជា​ប្រធានាធិបតី​ទី​៣ ក្នុង​ប្រវត្តិសាស្ត្រ ដែល​ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ ហើយ​ឥឡូវនេះ លោក នឹងត្រូវ​ប្រឈម​ការជំនុំជម្រះ​ក្តី​ក្នុង​ព្រឹទ្ធសភា​អាមេរិក ដែល​រំពឹង​នឹង​ចាប់ផ្តើម​នា​ខែមករា ២០២០ ខាងមុខ​។ 
 
​ការបោះឆ្នោត​របស់​សភា​តំណាង​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ ធ្វើឡើង​៤​ខែក្រោយ​ពី មន្ត្រី​ចារកិច្ច​អាមេរិក​មួយរូប​ដែល​មិន​បញ្ចេញ​ឈ្មោះ (whistleblower) បានដាក់​ពាក្យបណ្តឹង​ទៅ​សភា​ក្នុង​ខែកញ្ញា អំពី​ការជជែក​គ្នា​តាម​ទូរ​សព្ទ​រវាង​លោក ត្រាំ និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​។ អំឡុង​ការជជែក​គ្នា​តាមរយៈ​ទូរ​សព្ទ​ក្នុង​ខែកក្កដា​នេះ លោក ត្រាំ បានដាក់​សម្ពាធ​លោក Zelensky បើក​ការស៊ើបអង្កេត​លើ​លោក ចូ បៃ​ឌិន ដែល​បច្ចុប្បន្ន​ជា​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ឈានមុខ​ម្នាក់​ក្នុងការ​បោះឆ្នោត​ឆ្នាំក្រោយ ដោយ​ភ្ជាប់​ទៅនឹង​ជំនួយ​យោធា​៕
 

Tag:
 សហរដ្ឋអាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់​ត្រាំ​
  impeachment
© រក្សាសិទ្ធិដោយ thmeythmey.com