COVID-19
ជាតិ
សង្គមជាតិ
មហាផ្ទៃ​សម្រេច​ឲ្យ​ភ្ញៀវទេសចរ​ផុត​ទិដ្ឋាការ អាច​បន្ត​ស្នាក់នៅ​កម្ពុជា រហូតដល់​ជំងឺ​COVID-19​ស្ងប់ស្ងាត់​
31, Mar 2020 , 5:59 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ ភ្ញៀវ​ទេសចរណ៍ ដែល​មកលេង និង​ស្នាក់នៅ​កម្ពុជា ហើយ​ហួសកំណត់​ទិដ្ឋាការ​នៅ​អំឡុង​ពេលនេះ អាច​បន្ត​ស្នាក់នៅ​កម្ពុជា​ទៀត​បាន រហូតដល់​ជំងឺ​COVID-19 ត្រូវបាន​ទប់ស្កាត់​។ នេះ​បើតាម​ក្រសួងមហាផ្ទៃ ដែល​ឆ្លើយតប​ទៅ​អាមេរិក ដែល​ស្នើសុំ​កម្ពុជា​យោគយល់ និង​អនុគ្រោះ​ដល់​ប្រជាពលរដ្ឋ​ខ្លួន ដែល​កំពុងស្នាក់នៅ​កម្ពុជា ទាំង​ផុត​ទិដ្ឋាការ ព្រោះ​មិនអាច​ត្រឡប់​ទៅ​អាមេរិក​វិញ​បាន ដោយសារ​ជំងឺ​COVID-19​កំពុង​រាតត្បាត​។​

 
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy បាន​និយាយថា ប្រជាជន​អាមេរិក​នៅ​កម្ពុជា​បច្ចុប្បន្ន (​ភ្ញៀវទេសចរ វិនិយោគិន គ្រូបង្រៀន បុគ្គលិក​តាម​ស្ថាប័ន​មួយចំនួន​ជាដើម​) ដែល​ផុត​សុពលភាព​ទិដ្ឋាការ មិនអាច​ត្រលប់​ទៅ​មាតុភូមិ​វិញ​បានទេ ដោយសារ​ជើងហោះហើរ​ត្រូវបាន​ពន្យា​ពេល និង​បិទ និង​ជើងហោះហើរ​ដោយ​គ្មាន​ការកំណត់ ព្រោះតែ​ពិភពលោក​ជួប​នូវ​វិបត្តិ​ជំងឺ Covid-19 ។ ដោយសារ​បញ្ហាលំបាករ​បស់​ប្រជាជន​ខ្លួន​នេះហើយ ទើប​ស្ថានទូត​អាមេរិក​ស្នើ​ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និង​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​សម្រួល និង​យោគយល់​ចំពោះ​ប្រជាជន​អាមេរិក ទម្រាំ​ពួកគេ​អាច​ត្រលប់​ទៅ​ប្រទេស​វិញ ក្រោយ​ជំងឺ​COVID-19​ស្ងប់ស្ងាត់​។​
 
​ក្រសួងមហាផ្ទៃ យល់ព្រម​តាម​សំណើ​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក​នេះ​។ លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា ភ្ញៀវ​ទេសចរណ៍​នៅ​កម្ពុជា មិនថាតែ​ភ្ញៀវ​អាមេរិក​ទេ គឺអាច​បន្ត​ការ​ស្នាក់នៅ​បណ្ដោះអាសន្ន រហូតដល់​ជំងឺ​COVID-19 ត្រូវបាន​កម្ចាត់​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​យើង​យល់​គ្នា​ទៅវិញទៅមក ដោយសារ​អ្នកទេសចរ​គាត់​មកវា​ជាក់ស្តែង​ពិតមែន យើង​ត្រូវ​ចាត់ចែង​តាម​ករណី​នីមួយៗ ដោយ​យើង​មានការ​ពិនិត្យ​វិ​ច្ច័​យ​ដោយមាន​ការយកចិត្តទុកដាក់​។ ពួកគាត់​ត្រូវ​ពន្យា​ពេល​ជើងយន្តហោះ​។ យើង​មិនចាំបាច់​ទៅ​ផាក​វិន័យ ឬ​ត្រូវតែ​បង្ខំ​ឲ្យ​ចាកចេញ​នោះទេ ដោយសារតែ​កាលៈទេសៈ​នេះ​វា​កើតឡើង​ទូទាំងប្រទេស​ទៅហើយ​»​។ 
 
​ក្នុងជំនួប​ជាមួយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា កាលពី​ថ្ងៃទី​៣០ មីនា ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​លោក W. Patrick Murphy បាន​អះអាងថា អាមេរិក​នឹងមិន​បំភ្លេច​គុណ​កម្ពុជា​ដែល​បាន​អន្តរាគមន៍​ដល់​នាវា Westerdam ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ និង​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​អាមេរិក និង​អន្តរជាតិ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​ឡើយ​។ បើតាម​លោក Murphy អាមេរិក​នៅតែមាន​ទំនាកទំនង​ល្អ​ជាមួយ​កម្ពុជា​លើ​វិស័យ​ទេសចរណ៍ ។ លោក​បាន​សន្យាថា លោក​នឹង​ជំរុញឱ្យមាន​ចលនា​ទេសចរ​ពី​អាមេរិក​មក​កម្ពុជា ដើម្បីឱ្យ​ពួកគេ​បាន​ស្គាល់​កម្ពុជា «​ប្រទេស​តូច តែ​ទឹកចិត្ត​ទូលំទូលាយ​» នៅពេល​ស្ថានការណ៍​ជំងឺ COVID-19 បាន​ធូរស្រាល​។​
 
​កន្លងមក​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​អាមេរិក ក៏បាន​ស្នើសុំ​ឲ្យ​អាមេរិក​ជួយ​សម្រួល​ឲ្យ​និស្សិត​ខ្មែរ​១២​នាក់ បន្ត​រស់នៅ​ប្រទេស​អាមេរិក​ដែរ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ឆ្លង​COVID-19 តាមរយៈ​ការធ្វើដំណើរ​។​
 
​ជាមួយគ្នានេះ កម្ពុជា​បានសម្រេច​ផ្អាក​ការផ្តល់​ទិដ្ឋាការ​រយៈពេល​១​ខែ សម្រាប់​ភ្ញៀវ​បរទេស ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​COVID-19​។ ប៉ុន្តែ​បើ​ជនបរទេស​នោះ មានបំណង​ចូលមក​កម្ពុជា​នោះ ពួកគេ​ត្រូវមាន​លិខិតបញ្ជាក់​សុខភាព និង​បណ្ណ​ធានារ៉ាប់រង ដែលមាន​ទឹកប្រាក់​មិន​ក្រោម​៥​ម៉ឺន​ដុល្លារ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២៨ មីនា​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា​នេះ នៅ​កម្ពុ​ជាមាន​អ្នកជំងឺ​ដល់​ទៅ​១០៩​នាក់ និង​ជាសះស្បើយ​ចំនួន​២៣​នាក់​៕ 
 
អត្ថបទទាក់ទង

Tag:
 ភ្ញៀវទេសចរ​
 ​អាមេរិក​
 ​ទិដ្ឋាការ​
© រក្សាសិទ្ធិដោយ thmeythmey.com