COVID-19
ជាតិ
សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន KTV...​ជិត​៣​ពាន់​កន្លែង​បិទទ្វារ ដោយសារ COVID-19
30, Apr 2020 , 12:29 am        
រូបភាព
«សណ្ឋាគារអប្សរាអង្គរក្នុងខេត្តសៀមរាបដែលបានប្រកាសបិទទ្វារនាដើមឆ្នាំ២០២០»
«សណ្ឋាគារអប្សរាអង្គរក្នុងខេត្តសៀមរាបដែលបានប្រកាសបិទទ្វារនាដើមឆ្នាំ២០២០»
​ភ្នំពេញ​៖ អាជីវកម្ម​ក្នុង​វិស័យ​នៅ​កម្ពុជា ដែល​ផ្អាក​ដំណើរការ និង​បញ្ចប់​អាជីវកម្ម ដោយសារតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19) មាន​២,៨៦៥​ទីតាំង ស្មើ​ជិត​៣០​ភាគរយ ធៀប​នឹង​អាជីវកម្ម​ទេសចរ​ណ៍ស​រុ​ប​៩,៦៨៩​ទីតាំង​។ នេះ​បើតាមរបាយការណ៍របស់​ក្រសួងទេសចរណ៍​ដែលសារព័ត៌មានថ្មីៗទើបតែទទួលបាន។​

 
​បើតាមទិន្នន័យ​អំពី​ផលប៉ះពាល់​ទៅលើ​ឧស្សាហកម្ម​ទេសចរណ៍ គិត​ត្រឹម​ថ្ងៃទី​១៧ មេសា របស់​ក្រសួងទេសចរណ៍ ​អាជីវកម្ម​ដែល​បិទទ្វារ​ទាំងនេះ បាន​ប៉ះពាល់​ដល់​បុគ្គលិក​ចំនួន ៤៦,៣៦៩​នាក់ ដែល​បម្រើ​ការងារ ក្នុង​សេវាកម្ម​សណ្ឋាគារ​, សំណាក់​, ភោ​ជនី​យដ្ឋា​ន​, ខារ៉ាអូខេ​, ម៉ាស្សា​, ស្ប៉ា​...​ជាដើម​។​
 
អត្ថបទទាក់ទង

​​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍​ដដែល​បាន​បញ្ជាក់ថា  ក្នុងចំណោម​អាជីវកម្ម​ទេសចរណ៍​ដែល​បិទ​ទា្វរ​ទាំងអស់នោះ មាន​សណ្ឋាគារ​ចំនួន​២៨២​កន្លែង ​(​ជាង​១,៥​ម៉ឺន​បន្ទប់​) ស្មើនឹង​២៧​ភាគរយ​ នៃ​សណ្ឋាគារ​សរុប​ ១,០៤៤​ទីតាំង​ (​ជិត​៥​ម៉ឺន​បន្ទប់​)​។ សណ្ឋាគារ​ដែល​បិទទ្វារ​នេះ បាន​ប៉ះពាល់​ដល់​បុគ្គលិក​ ១៦,២០៣​នាក់ ស្មើ​៤១​ភាគរយ នៃ​បុគ្គលិក​សរុប​ជិត​៤​ម៉ឺន​នាក់​។ 
 
​ផ្ទះសំណាក់​បាន​បិទ​មាន ​៤០៥​ទីតាំង ​(​ជាង​៥​ពាន់​បន្ទប់​) ស្មើ​១៥​ភាគរយ នៃ​ចំនួន​ផ្ទះសំណាក់​សរុប​ ២,៦៤៣ ​ទីកន្លែង​(​ជិត​៣,៥​ម៉ឺន​បន្ទប់​)​។ បុគ្គលិក​ដែល​បាត់បង់​ការងារ​ពី​សេវាកម្ម​ផ្ទះសំណាក់​មាន​ជាង​២​ពាន់​នាក់ ស្មើ​ជិត​២០​ភាគរយ ​នៃ​បុគ្គលិក​សរុប​ជាង​១​ម៉ឺន​នាក់​។ 
 
​រីឯ​ភោ​ជនីយ​ដ្ឋា​ន​វិញ​ មាន​៣៧១​ទីតាំង បាន​បិទ​។ ចំនួន​នេះ​ស្មើ​ជិត​១១​ភាគរយ បើ​ធៀប​នឹង​ចំនួន​ភោ​ជនី​យដ្ឋា​ន​ទូទាំងប្រទេស ​មាន​ជាង​៣​ពាន់​ទីតាំង  ដែល​ធ្វើឱ្យ​បុគ្គលិក​ជាង​ ៣​ពាន់​នាក់ ស្មើនឹង ១១,១១​ភាគរយ អត់​ការងារ​ធ្វើ​។ ជាមួយគ្នានេះ មគ្គុទេសក៍​ទេសចរណ៍ មាន​ជិត​១០០​នាក់​ ដែល​បាន​ព្យួរ​អាជ្ញា​បណ្ណ​ដោយសារតែ​បញ្ហា​កូ​វីដ​-១៩​។ 
 
​ក្រៅ​ធ្វើឱ្យប៉ះពាល់​ដល់​អាជីវកម្ម និង​មនុស្ស​រាប់ម៉ឺន​នាក់​អត់​ការងារ​ធ្វើ នៅក្នុង​វិស័យ​ទេសចរណ៍​ហើយ​នោះ វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏បាន​ប៉ះពាល់​យ៉ាង​ធំ ដល់​ផ្នែក​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ​ផងដែរ​។ ពេលនេះ មាន​រោងចក្រ​ជាង​១៣០​ហើយ បាន​ផ្អាក​ដំណើរការ​ផលិតកម្ម ដែល​ធ្វើឱ្យ​កម្មករ​ជិត​១០​ម៉ឺន​នាក់ បាត់បង់​ការងារ និង​អ្នក​អត់​ការងារ​ចំនួន​ជាង ​៨,៥​ម៉ឺន​នាក់​ទៀត ជា​ពលករ​ដែល​ត្រឡប់​ពី​បណ្តា​ប្រទេស​ផ្សេងៗ​៕ 

Tag:
 COVID-19
  សណ្ឋាគារ​
  ផ្ទះសំណាក់​
© រក្សាសិទ្ធិដោយ thmeythmey.com