ជាតិ
បណ្ណ​សមធម៌​៖ រដ្ឋមន្ត្រី​សង្គមកិច្ច ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ច្បាប់​លើ​ម​ន្រី្ត​ពុករលួយ​
03, Jul 2020 , 11:29 pm        
រូបភាព
វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងពិធីសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព បញ្ហ
វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតី ក្នុងពិធីសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព បញ្ហ
​ភ្នំពេញ​៖ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ផ្ញើលិខិត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ឲ្យ​ចាត់វិធានការ​លើ​ម​ន្រី្ត​ពុករលួយ លើ​ការធ្វើ​បណ្ណ​សមធម៌​។ ការស្នើ​នេះ ធ្វើ​ឡើយ​ក្រោយពី​រកឃើញ​មាន​ភាពមិនប្រក្រតី​នៅលើ​ម​ន្រី្ត​មូលដ្ឋាន​យកប្រាក់​ពី​ពលរដ្ឋ ក្នុងស្រុក​មេសាង ខេត្តព្រៃវែង​។



​លោក វង សូត អះអាងថា ក្រុមការងារ​របស់​ក្រសួង​សង្គម​បាន​ចុះ​ពិ​និត្យនៅ​មូលដ្ឋាន​ក្នុងស្រុក​មេសាង ខេត្តព្រៃវែង ឃើញ​មាន​ម​ន្រី្ត​ពុករលួយ​យកលុយ​ពី​ពលរដ្ឋ​ក្រីក្រ​មែន​។ បន្ទាប់ពី​ឃើញបែបនេះ រដ្ឋ​ម​ន្រី្ត​សង្គមកិច្ច បាន​ឲ្យ​ក្រុមការងារ​ធ្វើលិខិត​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ការអន្តរាគមន៍​។ 
 
​រដ្ឋ​ម​ន្រី្ត​ក្រសួង​សង្គមកិច្ច ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ស្ដីពី​ភាពមិនប្រក្រតី​និង​ការតវ៉ា​ជុំវិញ​ការ​អនុ​វត្ថ​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​ទីស្តីការក្រសួង​សង្គមកិច្ច កាលពី​ថ្ងៃទី​២ ខែកក្កដា​ថា​៖ «​ត្រូវធ្វើ​លិខិត​ទៅ​ក្រសួងមហាផ្ទៃ​ភ្លាម ហើយ​យើង​បង្ហាញ​កន្លែង​មួយ ពីរ បី ដែល​មិន​ប្រក្រតី រួម​ហើយ​សុំ​គោលការណ៍​ឲ្យ​មានការ​ណែនាំ ដាសតឿន​យ៉ាងណា តាម​នីតិវិធី​នៃ​ច្បាប់​របស់​ក្រសួងមហាផ្ទៃ​»​។ 
 
​យ៉ាងណាក៏ដោយ លោក វង សូត សង្កត់ធ្ងន់ថា បើ​រកឃើញ​ម​ន្រី្ត​ណា​ដែល​រំលោភបំពាន់​ឬ​អនុវត្ត​ខុសពី​គោលការណ៍ ត្រូវតែ​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់ ដោយ​មិនត្រូវ​លើកលែង​ឡើយ​។ 
​ភាពមិនប្រក្រតី​នៃ​ការធ្វើ​បណ្ណសម​ធម៌​នេះ មាន​ប្រមាណ​១៥០០​ករណី ដែល​ក្រសួងផែនការ​បាន​រក​ឃើញ នៅ​អំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​-១៩​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងផែនការ លោក ស្រី ដា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ទៀតថា ភាពមិនប្រក្រតី​ដែល​ក្រុមការងារ​របស់​ក្រសួង​ផែន​បាន​រកឃើញ គឺ​ភាគច្រើន​បាត់​បណ្ណ​សមធម៌​។ លោក​បន្ថែមថា បច្ចុប្បន្ន​ក្រសួងផែនការ​បានបញ្ចប់​ការ​ស្រង់​ទិន្ន័យ​ជុំ​ទី​២​ហើយ ប៉ុន្តែ​ពលរដ្ឋ​ក្រីក្រ​នៅតែ​ធ្វើ​បណ្ណ​សមធម៌​បន្តបាន​ដដែល តាមរយៈ​ការស្នើសុំ​ទៅ​ឃុំ​-​សង្កាត់​។ 
 
​កន្លងមក សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​បាន​ព្រម​មាន​ថា នឹងមិន​ឲ្យ​ម​ន្រី្ត​ណា​ម្នាក់​រួចខ្លួន​នោះទេ បើ​ធ្វើ​រឿង​មិន​ត្រឹមត្រូវ​ណាមួយ ក្នុងការ​អនុវត្ត​កម្មវិធី​សង្គមកិច្ច​មួយ​នេះ​។ សម្ដេច បញ្ជាក់ថា មន្ត្រី​នៅតាម​មូលដ្ឋាន ជាពិសេស​ថ្នាក់ភូមិ និង ឃុំ​-​សង្កាត់ គឺជា​តួអង្គ​ដ៏​សំខាន់ ក្នុងការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​និង​តម្លាភាព លើ​កម្មវិធី​ផ្តល់ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល ដល់​អ្នកក្រីក្រ​និង​ជន​ងាយ​រងគ្រោះ ក្នុងអំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​នេះ​៕ 
 
អត្ថបទទាក់ទង
 

Tag:
 ជនក្រីក្រ​
  បណ្ណ​សមធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com