អន្តរជាតិ
រាជអាជ្ញា​ថៃ​ដែល​ទម្លាក់​បទ​ចោទ​ប្រឆាំង​ចៅប្រុស​ថៅកែ​គោជល់ មិន​ទៅ​បំភ្លឺ​តាម​ការកោះហៅ​
10, Aug 2020 , 10:59 pm        
រូបភាព
លោក Vorayuth Yoovidhya នៅប៉ុស្តិ៍ប៉ូលិសកាលពីខែកញ្ញា ឆ្នាំ២០១២ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍  (AFP)
លោក Vorayuth Yoovidhya នៅប៉ុស្តិ៍ប៉ូលិសកាលពីខែកញ្ញា ឆ្នាំ២០១២ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ (AFP)
ដោយ:
​អគ្គរាជអាជ្ញា​រង​រប​ស់​ថៃ លោក Nate Naksuk ដែល​បានអនុម័ត​ការទម្លាក់​បទ​ចោទ​ប្រឆាំង​ចៅប្រុស​ថៅកែ​ក្រុមហ៊ុន​ភេសជ្ជៈ Red Bull (​គោ​ជល់​) លោក Vorayuth Yoovidhya នៅ​ថ្ងៃទី ៩ ខែសីហា គ្មាន​វត្តមាន​តាម​ការ​កោះហៅ​ដើម្បី​ទៅ​បំភ្លឺ ពាក់ព័ន្ធ​នឹង​ការចាត់ចែង​របស់​រាជ​អាជ្ញា​ក្នុង​សំណុំរឿង​នេះឡើយ​។

 
​អគ្គរាជអាជ្ញា​រង​ថៃ Nate Naksuk ត្រូវបាន​កោះហៅ​ឲ្យ​ទៅ​បំភ្លឺ​ដោយ​អនុគណៈកម្មាធិការ​មួយ ដែល​ស្ថិតនៅក្រោម​គណៈកម្មាធិកា​រ​ស៊ើបអង្កេត​ឯករាជ្យ​ដែល​បង្កើតឡើង​ដោយ​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ។ ប៉ុន្តែ​លោក​ពុំបាន​បង្ហាញមុខ​ការកោះហៅ​នេះឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍​។ 
 
អត្ថបទទាក់ទង
 
 
​មានតែ​អ្នកនាំពាក្យ​នៃ​ការិយាល័យ​អគ្គរាជអាជ្ញា និង​រាជអាជ្ញា​មួយក្រុម​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាងលើ បានបង្ហាញ​វត្តមាន​តាម​ការកោះហៅ​បំភ្លឺ​នៅ​ថ្ងៃទី​៩ ខែសីហា​។ កិច្ចប្រជុំ​នេះ មាន​រយៈពេល​ដល់​ទៅ ៥​ម៉ោង​។ បើ បាកក​ប៉ុស្តិ៍ លោក ប្រា​យុទ្ធ ក៏បាន​ចូលរួម​ស្ដាប់​ផងដែរ ក្នុងនាម​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មកា​ធិ​ការស្វែងរក​ការពិត​នេះ​។ 
 
​លោក Borwornsak Uwanno ដែលជា​អ្នកដឹកនាំ​អនុគណៈកម្មាធិការ​ស៊ើបសួរ​ខាងលើ បាន​និយាយថា ក្រុមការងារ​លោក នឹងធ្វើ​យ៉ាងណា​ដើម្បី​ធានាថា លោក Nate បង្ហាញខ្លួន​បកស្រាយ​សំណុំ​រឿងនេះ​។ ត្រង់ចំណុច​នេះ​លោក Uwanno និយាយ​ដូច្នេះ​ថា​៖«​លោក [​អគ្គរាជអាជ្ញា​រង Nate Naksuk] នឹង​ត្រូវមាន​វត្តមាន​ចំពោះមុខ​អនុគណៈកម្មាធិការ នៅ​ទីបំផុត​»​។ 
 
​មកដល់​បច្ចុប្បន្ន គណៈកម្មាធិការ​ចំនួន​៣​ហើយ ត្រូវបាន​បង្កើតឡើង​ដើម្បី​ស៊ើបអង្កេត​មូលហេតុ​នៃ​ការទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង លោក Vorayuth ក្រោយ​ការសម្រេចចិត្ត​នេះ រង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​សាធារណជន​ថៃ​។ ក្នុងនោះ គណៈកម្មាធិការ​មួយ ត្រូវបាន​បង្កើតឡើង​ដោយ​នាយករដ្ឋមន្ត្រី និង​២​ទៀត ត្រូវបាន​បង្កើត​ដោយ​ការិយាល័យ​អគ្គរាជអាជ្ញា​ថៃ និង​ការិយាល័យ​ប៉ូលិស​ជាតិ​ថៃ​។ 
 
​សូមបញ្ជាក់ថា លោក Vorayuth ដែលជា​ចៅប្រុស​មហាសេដ្ឋី Chaleo Yoovidhya ដែល​បាន​បង្កើត​ប្រេន ( Brand) ភេសជ្ជ​ប៉ូវ​កម្លាំង Red Bull ត្រូវបាន​ចោទប្រកាន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើករថយន្ត Ferrari ពណ៌​ខ្មៅ​បុក​ប៉ូលិស​ម្នាក់​រហូតដល់​ស្លា​ប់​កាលពី​ឆ្នាំ​២០១២ ហើយ​អូស​សព​ជាច្រើន​ម៉ែត្រ មុនពេល​បើក​រត់គេច​ពី​កន្លែងកើតហេតុ​។​
 
​យ៉ាងណា កាលពី​ថ្ងៃទី​២៤ ខែកក្កដា បទ​ចោទ​ប្រឆាំង​លោក Vorayuth ចំនួន​៣ រួមមាន បើកបរ​លើស​ល្បឿន​កំណត់ បុក​ហើយ​រត់ និង​បើកបរ​ខ្វះ​ធ្វេសប្រហែស​រហូតដល់​មាន​ករណី​ស្លាប់ ត្រូវបាន​រាជអាជ្ញា​ថៃ​ទម្លាក់ចោល​៕ 
 
 
 
 

Tag:
 ថៃ
  Red Bull
  Vorayuth Yoovidhya
© រក្សាសិទ្ធិដោយ thmeythmey.com