សង្គមអន្តរជាតិ​
អន្តរជាតិ
​លោក បៃ​ឌិន ឲ្យ​រាប់​សន្លឹកឆ្នោត​ទាំងអស់ តែ​លោក ត្រាំ ទាមទារ​ឲ្យ​ឈប់​រាប់​សន្លឹកឆ្នោត​ដែល​ចូល​មណ្ឌល​យឺត
06, Nov 2020 , 7:39 pm        
រូបភាព
មន្ត្រីអាមេរិក រាប់សន្លឹកឆ្នោតដែលបោះតាមប្រៃសណីយ៍ នៅមណ្ឌលមួយក្នុងទីក្រុង Detroit នៃរដ្ឋ Michigan កាល​ពីថ្ងៃទី៤ ខែវិច្ឆិកា ។ រូបភាព៖ AFP
មន្ត្រីអាមេរិក រាប់សន្លឹកឆ្នោតដែលបោះតាមប្រៃសណីយ៍ នៅមណ្ឌលមួយក្នុងទីក្រុង Detroit នៃរដ្ឋ Michigan កាល​ពីថ្ងៃទី៤ ខែវិច្ឆិកា ។ រូបភាព៖ AFP
ដោយ:
លោក ដូ​ណា​ល់ ត្រាំ បេក្ខជន​បក្ស​សាធារណរដ្ឋ បាន​ទទូច​ឲ្យ​ឈប់​រាប់​សន្លឹកឆ្នោត​ផ្ញើមក​យឺត​ក្រោយ​មណ្ឌលបោះឆ្នោត​បិទ ដែល​លោក​ចាត់ទុកថា​ខុសច្បាប់​។ ចំណែក លោក បៃ​ឌិន បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ជឿជាក់​ខ្ពស់​ថា នឹង​ផ្ដួល​លោក​ត្រាំ ខណៈ​ទទូច​ឲ្យ​អ្នកបោះឆ្នោត​អាមេរិក​អត់ធ្មត់ រង់ចាំ​រាប់​សន្លឹកឆ្នោត​ឲ្យ​អស់​សិន ។

 
 
​ការរាប់​សន្លឹកឆ្នោត ក្លាយជា​ប្រធានបទ​ចម្រូងចម្រាស​ក្នុងការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០២០​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក ចូ បៃ​ឌិន ហើយ​នោះ​ក៏​ព្រោះតែ​ជំងឺ​កូ​វីដ​-១៩ ដែល​បង្ខំ​ឲ្យ​ពលរដ្ឋ​អាមេរិក​រាប់លាន​នាក់​បោះឆ្នោត​តាម​ប្រៃសណីយ៍​។ ពលរដ្ឋ​អាមេរិក​ជាង​១០០​លាន​នាក់ បាន​បោះឆ្នោត​មុន​កំណត់ ដែល​ច្រើនជាង​២​ដង​បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ ក្នុង​យុទ្ធនាការ លោក ត្រាំ បញ្ចេញ​ជំហរ​ប្រឆាំង​ការបោះឆ្នោត​តាម​ប្រៃសណីយ៍ ព្រោះ​អាចមាន​ការកេងបន្លំ​កើតឡើង​។ 
 
«​ប្រសិនបើ​អ្នក​រាប់់​តែ​សន្លឹកឆ្នោត​ស្របច្បាប់ ខ្ញុំ​ឈ្នះ​យ៉ាង​ស្រួល​»​។ លោក ត្រាំ បញ្ជាក់​បែបនេះ​ក្នុង​សុន្ទរកថា​លើ​កញ្ចក់​ទូរទស្សន៍​លើកដំបូង​នៅ​ថ្ងៃទី ៥ ខែវិច្ឆិកា មុននឹង​សង្កត់ធ្ងន់​ទៀតថា បើ​រាប់​សន្លឹកឆ្នោត​ខុសច្បាប់ បក្ស​ប្រជាធិបតេយ្យ​អាច​ព្យាយាម​លួច​ការបោះឆ្នោត​។ 
 
​សម្រាប់​លោក ត្រាំ សន្លឹកឆ្នោត​ដែល​លោក​ចាត់ទុក​ខុសច្បាប់​នេះ គឺជា​សន្លឹកឆ្នោត​ដែល​បាន​ផ្ញើ​ចូល​មណ្ឌលបោះឆ្នោត​យឺត​។ ត្រង់ចំណុច​នេះ លោក​លើកឡើងថា លោក​កំពុង​តាមដាន​សន្លឹកឆ្នោត​ទាំងនេះ​យ៉ាង​ល្អិតល្អន់​បំផុត តែ​កត់សម្គាល់ថា មាន​សន្លឹកឆ្នោត​ផ្ញើមក​យឺត​ច្រើន​។ 
 
​ពី​សេត​វិមាន លោក ត្រាំ ក៏បាន​បញ្ជាក់ថា លោក​បានឈ្នះ​រដ្ឋ​សំខាន់ៗ​ជាច្រើន ដូចជា រដ្ឋ Florida, Iowa, Indiana និង Ohio ។ បើតាម​លោក​ត្រាំ ជោគជ័យ​ក្នុង​រដ្ឋ​ទាំងនេះ និង​ដទៃទៀត បានកើត​ឡើង​ទោះ​មានការ​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក ដែល​ពុំ​ធ្លាប់​កើតមាន​ពីមុន ពី​សំណាក់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ និង​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ធំៗ​។ 
 
​ត្រង់នេះ លោក ត្រាំ ទំនង​សំដៅលើ ការបិទបាំង​ព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​ការបោះឆ្នោត​ដែល​លោក​បង្ហោះ​លើ់​បណ្ដាញ​សង្គម Twitter និង​ការចុះផ្សាយ​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​ទំនោរ​ប្រឆាំង​លោក​ជាដើម​។ 
 
​នៅពេល​មុន​ថ្លែង​សុន្ទរកថា​នៅ​សេត​វិមាន​នេះ លោក ត្រាំ ក៏បាន​សរសេរ​លើ Twitter ដូច្នេះ​ថា​៖«​សន្លឹកឆ្នោត​ណា​ដែល​ចូល [​មណ្ឌលបោះឆ្នោត​] ក្រោយ​ថ្ងៃ​បោះឆ្នោត នឹងមិន​ត្រូវ​រាប់​ឡើយ​»​។ ហើយ​លោក​ក៏​បន្ត​ទាមទារ​ឲ្យ​បញ្ឈប់​ការរាប់​សន្លឹកឆ្នោត​ទាំងនោះ​ផងដែរ​។ 
 
​ដោយឡែក លោក ចូ បៃ​ឌិន នៅ​ថ្ងៃទី ៥ ខែវិច្ឆិកា បាន​បញ្ជាក់ថា លោក​ច្បាស់​ក្នុង​ចិត្ត​ថា កាលណា​សន្លឹកឆ្នោត​រាប់​ចប់ លោក​និង​អ្នកស្រី Kamala Harris បេក្ខជន​អនុ​ប្រធានាធិបតី នឹងត្រូវ​ប្រកាស​ជា​អ្នកឈ្នះ​។  
 
​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​កំណើត​លោក​នាទី​ក្រុង Wilmington នៃ​រដ្ឋ Delaware លោក បៃ​ឌិន ស្នើសុំ​ឲ្យ​ពលរដ្ឋ​អាមេរិក​អត់ធ្មត់ រង់ចាំ​ការរាប់​សន្លឹកឆ្នោត​ចប់សព្វគ្រប់​សិន ហើយ​គ្រប់គ្នា​នឹង​ដឹង​លទ្ធផល​ឆ្នោត​នាពេល​ឆាប់ៗ​ខាងមុខ​។ 
 
​ក្រោយ​ក្ដាប់បាន​រដ្ឋ​ប្រទាញប្រទង់​២ រួមមាន Michigan និង​Wisconsin លោក បៃ​ឌិន កើន​សំឡេង​ប្រតិភូ​ដល់ ២៦៤ ខណៈ​លោក​ត្រាំ​មាន​ត្រឹម​២១៤ ក្នុង​ដៃ​ប៉ុណ្ណោះ ។ ដើម្បី​ក្លាយជា​ម្ចាស់​សេត​វិមាន បេក្ខជន​ទាំងពីរ ត្រូវការ​សំឡេង​ប្រតិភូ​យ៉ាងតិច ២៧០ ។ ដូច្នេះ លោក ត្រាំ ត្រូវការ​ឈ្នះ​រដ្ឋ​គន្លឹះ​ដែល​សស់​សល់​តែ​៤ រួមមាន Pennsylvania, North Carolina, Georgia និង Nevada ទើប​រក្សា​តំណែង​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត​បាន​។ 
 
​ការដាក់​ពាក្យបណ្ដឹង​តវ៉ា​ពី​សំណាក់​ក្រុម​ឃោសនា​លោក​ត្រាំ​ក្នុង​រដ្ឋ​ប្រទាញប្រទង់ Georgia និង Michigan ត្រូវបាន​ចៅក្រម​បដិសេធ​។ ទោះ​ចាញ់​មែន ពួកគេ​បាន​ប្តេជ្ញា​ដាក់ពាក្យ​បណ្ដឹង​ថ្មី​ប្រឆាំង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ក្នុង​រដ្ឋ Nevada ផងដែរ ហើយ​កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ក្រុម​ឃោសនា​លោក​ត្រាំ ក៏បាន​ទាមទារ​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ក្នុង​រដ្ឋ Wisconsin ផងដែរ​។  
 
​ការរាប់​សន្លឹកឆ្នោត​ឆ្នាំនេះ មាន​ភាពយឺតយ៉ាវ​
 
​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិក​កាន់តែច្រើន​លើស​ពេលណាៗ​ទាំងអស់ បោះឆ្នោត​មុន​កំណត់ ដោយ​តាមរយៈ​ប្រៃសណីយ៍ ឬ​ដោយផ្ទាល់​នៅ​មណ្ឌល​ឆ្នោត​។ ការបោះឆ្នោត​តាម​ប្រៃសណីយ៍ ជាទូទៅ ត្រូវការ​ពេល​យូរ​ដើម្បី​រាប់ ដ្បិតថា ពួកវា​ត្រូវ​ឆ្លងកាត់​ជំហាន​ច្រើន​ដើម្បី​បញ្ជាក់ ដូចជា ហត្ថលេខា និង​អាសយដ្ឋាន​ជាដើម​។​
 
​រដ្ឋ​អាមេរិក​ខ្លះ ដូចជា រដ្ឋ Florida និង​រដ្ឋ Ohio អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​បោះឆ្នោត​បែបនេះ​ច្រើន​សប្ដាហ៍​មុន​ថ្ងៃ​បោះឆ្នោត​ធំ ដូច្នេះ​សន្លឹកឆ្នោត អាច​រាប់​ទាន់ពេល​។ ក៏ប៉ុន្តែ រដ្ឋ​ផ្សេងទៀត ដូចជា រដ្ឋ Pennsylvania Navada និង​រដ្ឋ Wisconsin មិន​អនុញ្ញាត​ឲ្យ​អនុវត្ត​ដំណើរការ​បោះឆ្នោត​មុនពេល​កំណត់​ឡើយ​។ រដ្ឋ​ទាំងនេះ​គឺ​សំខាន់​ក្នុង​កំណត់​ជោគវាសនា​ម្ចាស់​សេត​វិមាន ហើយ​ខាង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​អាមេរិក អះអាងថា ការរាប់​សន្លឹកឆ្នោត​ក្នុង​រដ្ឋ​ទាំងនេះ អាច​ប្រើពេល​រាប់​ថ្ងៃ​។​
 
​ក៏មាន​កត្ដា​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​ការរាប់​សន្លឹកឆ្នោត​យឺតយ៉ាវ​ផងដែរ​។ ប្រមាណ​ពាក់កណ្ដាល​នៃ​រដ្ឋ​ទាំងអស់​របស់​អាមេរិក ទទួលយក​ការផ្ញើ​សន្លឹកឆ្នោត​តាម​ប្រៃសណីយ៍ ដែល​មកដល់​ក្រោយ​ថ្ងៃ​បោះឆ្នោត​ធំ​ផងដែរ ដរាបណា​សន្លឹកឆ្នោត​ទាំងនេះ បាន​ចុះ​ត្រា​ប្រៃសណីយ៍​ក្នុង​ថ្ងៃទី​៣ ខែវិច្ឆិកា​។ ដូច្នេះ សន្លឹកឆ្នោត​ខ្លះ នឹង​ពុំ​ត្រូវបាន​រាប់​ឡើយ​រហូតដល់​ប៉ុន្មាន​ថ្ងៃក្រោយ​បោះឆ្នោត​ចប់​៕

Tag:
 ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com