អន្តរជាតិ
ចិន មិន​សុំទោស​អូស្ត្រាលី​ជុំវិញ​ការ​បង្ហោះ​រូបថត​មិនល្អ​របស់​ទាហាន​អូស្ត្រាលី​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​
02, Dec 2020 , 9:30 am        
រូបភាព
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣០​ ខែវិច្ឆិកា។  រូបភាពពីក្រសួងការបរទេសចិន
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣០​ ខែវិច្ឆិកា។ រូបភាពពីក្រសួងការបរទេសចិន
ដោយ:
​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​អូស្ត្រាលី​កាន់តែ​ធ្លាក់ចុះ​ត្រដាប់ត្រដួស​បន្ថែមទៀត ក្រោយ​ចិន បដិសេធ​មិន​សុំទោស​តាម​ការទាមទារ​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ពាក់ព័ន្ធ​ការ​បង្ហោះ​រូបថត​សកម្មភាព​ទាហាន​អូស្ត្រាលី​លើ​កុមា​រអា​ហ្វ​ហ្កា​នី​ស្ថាន​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​៣០ វិច្ឆិកា​។ ក្រសួងការបរទេស​ចិន ប្រាប់​ឲ្យ​អូស្ត្រាលី​ទៅសុំ​ទោស​អា​ហ្វ​ហ្កា​នី​ស្ថាន​ចំពោះ​ទង្វើ​អមនុស្សធម៌​របស់ខ្លួន​វិញ​។​

 
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ស្កុ​ត ម៉ូ​រី​សុន នៅ​ថ្ងៃទី​៣០ វិច្ឆិកា បានទាមទារ​ឲ្យ​ចិន សុំទោស​ជា​ផ្លូវការ​ចំពោះ​ការ​បង្ហោះ​សំណេរ និង​រូបគំនូរ​ទាហាន​អូស្ត្រាលី​យក​កាំបិត​ដាក់​លើក​កុមារ​អាហ្វហ្កានីស្ថានម្នាក់​ដោយ​លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​។ លោក​អះអាងថា ការ​បង្ហោះ​គំនូរ​បែបនេះ គឺជា​រឿង​ដែល​គួរ​ឲ្យ​ខឹងសម្បារ មិនអាច​រកហេតុ​ផល​អ្វី​មក​កែតម្រូវ​បាន និង​ជាការ​ប្រមាថ​ប្រជាជន និង​កងទ័ព​អូស្ត្រាលី​ផង ហើយ​ទំនាក់ទំនង​ទ្វេភាគី នឹង​កាន់តែ​យ៉ាប់យ៉ឺន​។​
 
 
​លោក ម៉ូ​រី​សុន ក៏ដូចជា​ទាមទារ​ឲ្យ​ក្រុមហ៊ុន Twitter លុប​សារ​ដែល​បង្ហោះ​ដោយ​លោក Zhao ផងដែរ​។ ប៉ុន្តែ​បណ្តាញ​សង្គម​មួយ​នេះ មិនបាន​លុបចោល​សារ និង​រូបភាព​ដែល​បាន​បង្ហោះ​នោះឡើយ ដោយ​គ្រាន់តែ​ដាក់​សញ្ញា​សម្គាល់ថា គណនី​របស់លោក Zhao ជា​គណនី​មាន​ទំនាក់ទំនង​រដ្ឋាភិបាល​ចិន និង​ប្រាប់​អ្នកប្រើប្រាស់​ឲ្យ​ប្រយ័ត្នប្រយែង​មុននឹង​ចុច​មើល​រូបនោះ​។​
 
​ឆ្លើយតប​នឹង​ការទាមទា​របស់​អូស្ត្រាលី លោកស្រី Hua Chunying អ្នកនាំពាក្យ​មួយរូប​ផ្សេងទៀត​នៃ​ក្រសួងការបរទេស​ចិន លើកឡើង​ក្នុង​សន្និសីទ​សារ​ព័ត​មាន​ថ្ងៃ​ដដែល​ថា ភាគី​អូស្ត្រាលី​ប្រតិកម្ម​ខ្លាំងពេក​ចំពោះ​ការ​បង្ហោះ​របស់​សហសេវិក​របស់លោក​ស្រី​។ លោកស្រី ក៏​ប្រាប់​ឲ្យ​អូស្ត្រាលី​ពិចារណ​កំហុស​ខ្លួនឯង និង​កែប្រែ​កំហុស​នេះ​។​
 
​មិនតែប៉ុណ្ណោះ លោកស្រី Hua ថែមទាំង​បាន​រិះគន់​ទៀតថា អូស្ត្រាលី​គួរ​ណាស់​តែ​អាម៉ាស់​ចំពោះ​ទង្វើ​កងទ័ព​របស់ខ្លួន ក៏ដូចជា​សុំទោស​ជា​ផ្លូវការ​ទៅកាន់​ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​។ លោកស្រី Hua អះអាងថា អំពើ​ដែល​ប្រព្រឹត្ត​ដោយ​ទា​ហាម​អូស្ត្រាលី​គឺជា​រឿង​គួរ​ឲ្យ​រន្ធត់ និង​ស្រងាកចិត្ត​។​
 
​មែនទែនទៅ អគ្គមេបញ្ជាការ​កងទ័ព​អូស្ត្រាលី  ឧ​ត្ត​ម​សេនីយ៍ Angus Campbell បាន​និយាយ​សុំទោស​ជា​សាធារណៈ​រួចមកហើយ​កាលពី​ថ្ងៃទី​១៩ វិច្ឆិកា​។ ចំណែក​លោក ម៉ូ​រី​សុន ក៏​សុំទោស​មេដឹកនាំ​អា​ហ្វ​ហ្កា​នី​ស្ថាន​តាម​ទូរ​សព្ទ​រួចហើយ​ដែរ​។ 
 
​កាលពី​ថ្ងៃទី​១៩ វិច្ឆិកា អគ្គមេបញ្ជាការ​កងទ័ព​អូស្ត្រាលី អះអាងថា​ទាហាន​ខ្លួន​ចំនួន​១៩​រូប​មាន​ជាប់​សង្ស័យ​ក្នុងការ​សម្លាប់​ដោយ​ខុសច្បាប់​ជន​ស៊ីវិល និង​អ្នកទោស​ចំនួន​៣៩​នាក់​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ក្រោយ​ការទទួលស្គាល់​នេះ អូស្ត្រាលី​បានចាប់ផ្តើម​នីតិវិធីរ​ដ្ឋ​បាល និង​តុលាការ​ក្នុងការ​កាត់ក្តី​ទាហាន​របស់ខ្លួន ក៏ដូចជា​បាន​បណ្តេញ​ទាហាន​១៣​នាក់​ចេញពី​កងកម្លាំង​របស់ខ្លួន​។ 
 
​ទំនាក់ទំនង​រវាង​អូស្ត្រាលី និង​ចិន ចាប់ផ្តើម​អាប់អួរ​ក្រោយពេល​អូស្ត្រាលី​ចេញមុខ​ទាមទារ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក​(WHO) បើក​ការស៊ើបអង្កេត​ពី​ប្រភព​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​សង្ស័យថា​មាន​ប្រភព​ចេញមក​ពី​ចិន​។ ចាប់តាំងពី​ពេលនោះ​មក ប្រទេស​ទាំង​២​ចាប់ផ្តើម​ប៉ះទង្គិច​គ្នា​លើ​បញ្ហា​សិទ្ធិមនុស្ស ចោទ​គ្នា​រឿង​ចារកិច្ច ក៏ដូចជា​បញ្ហា​អ្នកកាសែត​។ នៅពេល​ថ្មីៗ​នេះ ចិន​បានដាក់​ពន្ធ​ចំនួន​២១២​ភាគរយ​បន្ថែម​លើ​ស្រា​របស់​អូស្ត្រាលី ក៏ដូចជា​កាត់បន្ថយ​ការ​នាំចូល​ធ្យូងថ្ម​ពី​ប្រទេស​នេះ​ផងដែរ​៕

Tag:
 ចិន​
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com