ជាតិ
សម្ដេច ហ៊ុន សែន បញ្ជា​ឱ្យ​អភិបាលខេត្ត​មណ្ឌលគិរី បើក​យុទ្ធនាការ​បោសសម្អាត​ទ្រង់ទ្រាយ​ធំ លើ​ករណី​ទន្ទ្រាន​ដី​រដ្ឋ
21, Jan 2021 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​អភិបាលខេត្ត​មណ្ឌលគិរី បើក​យុទ្ធនាការ​បោសសម្អាត​ទ្រង់ទ្រាយ​ធំ លើ​ករណី​រំលោភ​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់​។ សម្ដេច​ចេញ​បញ្ជា​បែបនេះ ក្រោយពី មាន​ករណី​រំលោភ​ដី​សម្បទាន​ក្រុមហ៊ុន​ចំនួន​២ និង​ដីចម្ការ​ស្រល់​រដ្ឋ នេះ​បើតាម​លិខិត​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​២១ មករា​។​




​សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​មណ្ឌលគិរី ដកហូត​ដី​កាន់កាប់​ខុសច្បាប់​ទាំងអស់ មក​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។ តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ទទួលបាន​ចំណារ​របស់​សម្ដេច ហ៊ុន សែន នោះ បាន​ផ្ញើ​ទៅ​ក្រសួងកសិកម្ម និង​អភិបាលខេត្ត​មណ្ឌលគិរី​នោះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​រដ្ឋបាលខេត្ត​ត្រូវ​រៀបចំ​ផែនការ​សកម្មភាព ដើម្បី​បើក​យុទ្ធនាការ​បោសសម្អាត​ទ្រ​ង​ទ្រាយ​ធំ លើ​ការរំលោភ​ទន្ទ្រាន​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ខុសច្បាប់​តាម​គ្រប់​រូបភាព ដោយមាន​កិច្ចសហការ​គាំទ្រ​ចូលរួម​ពី​កម្លាំងចម្រុះ​ថ្នាក់ជាតិ​»​។​
 
​មិនតែប៉ុណ្ណោះ​សម្ដេច ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន ពិនិត្យ​លទ្ធភាព​ធ្វើ​និយ័តកម្ម ឬ​ប្ដឹងទៅ​តុលាការ​មោឃភាព ចំពោះ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ ដែល​មិនបាន​បំពេញ​នីតិវិធី​ពេញលេញ​ផងដែរ​។​
 
​កាលពី​ថ្ងៃទី​១៣ មករា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​ផ្ញើលិខិត​ទៅ​សម្ដេច ហ៊ុន សែន រៀបរាប់​ពី​ករណី​រំលោភ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន រ៉ូ​ជី​សាន និង​ក្រុមហ៊ុន ហូរ​លីង លើដី​ចម្ការ​ស្រល់​រដ្ឋ និង​ដីចម្ការ​ស្រល់​រុក្ខា​ទិវា​ជាតិ នៅ​មណ្ឌលគិរី​។​
 
​ក្រោយពី​ទទួលបាន​លិខិត​នេះ សម្ដេច ហ៊ុន សែន តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ជា​ឱ្យ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ចេញ​លិខិតនិរាករណ៍​លើ​លិខិត​ទាំងឡាយណា ដែល​ចេញ​ដោយ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត ដែលមាន​ភាពមិន​ស្របតាម​នីតិវិធី​ពេញលេញ​កន្លងមក និង​ត្រូវ​ចេញ​ដីកា​ដកហូត​ដី​ទាំងនោះ មកជា​សម្បត្តិ​រដ្ឋ​វិញ​។ 
 
​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏​បញ្ជា​ឱ្យចេញ​ចំណាត់ការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឯកសារ​ក្លែងក្លាយ​។ ជាពិសេស​បុគ្គល​ដែល​រឹងទទឹង ឬ​ពុំ​ព្រម​អនុវត្ត​ស្របតាម​វិធាន​នានា ដែល​អាជ្ញាធរ​ចេញ​កន្លង​មកជា​ធរមាន​។​
 
​ចំណែក​ដី​នៅ​ដែន​សមត្ថកិច្ច​ក្រសួងកសិកម្ម ដែល​ត្រូវ​ជនខិលខូច​បំ​លែង​ពីរ​ដ្ឋ ទៅជា​ដី​កម្ម​សិទ្ធ​ឯកជន រួមទាំង​ចេញ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​មិន​ប្រក្រតី​នោះ ក៏ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​ដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​លម្អិត​ពី លោក ស្រី វុ​ឌ្ឍ​នី អ្នកនាំពាក្យ​ក្រសួងកសិកម្ម បានឡើយ ដោយ​លោក​ស្នើ​ឲ្យ​សារ​សួរ​ទៅខាង​ក្រសួងមហាផ្ទៃ និង​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា វិវាទ​នៅ​តំបន់​ចម្ការ​ស្រល់​នេះ ឃើញ​កើតមាន​យូរហើយ​។ 
 
​លោក ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ដី​ប៉ុន្មាន​ហិកតា គេ​ទន្ទ្រាន​យក​ប៉ុន្មាន​ហិកតា​(​ដីស​ម្ប​ទាប​ចម្ការ​ស្រល់​)​ខ្ញុំ​អត់​ដឹង​ដែរ ទាល់​សួរ​មេព្រៃ​ទៅ​។ រឿង​ហ្នឹង​(​សំណុំរឿង​ដី​ដែល​សម្ដេច ស ខេង ឲ្យ​អន្តរក្រសួង​ចុះ​អន្តរាគមន៍​កន្លងមក​នៅ​មណ្ឌលគិរី​និង​សំណុំរឿង​ដីចម្ការ​ស្រល់​ដែល​ស្នើសុំ​ការអន្តរាគមន៍​ពីស​ម្ដេច ហ៊ុន សែន​) ជាប់​ពាក់​គ្នា​ឬ​អត់​ទាល់​សួរ​ក្រសួងមហាផ្ទៃ​។ តាមពិតទៅ​យើង​ធ្វើការ​ដោះស្រាយ​ជា​ហូរហែ​ហ្នឹង គ្រាន់តែ​ថា​យើង​ស្នើ​ឲ្យ​មានការ​ពិនិត្យមើល​បន្ថែ​ម​ទៀត ពិនិត្យ​លិខិតបទដ្ឋាន​ណា​ខុស​ពិនិត្យឡើងវិញ​។ ហើយ​កន្លងមក​ក៏​ខាង​ខេត្ត​សហការ​ជាមួយ​ដែរ​។ តិច​ទៀត​បាន​ក្រុមការងារ​ចុះទៅ តែ​ខ្ញុំ​អត់​ដឹង​ក្នុង​ខែ​ឬ​អត់​ទេ​»​។​
 
​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាចទាក់ទង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បានឡើយ​។​
 
​ដី​តំបន់​មណ្ឌលគិរី ភាគច្រើន​សុទ្ធតែ​អ្នកមានអំណាច និង​ដំណែង​ធំ សម្រុក​នាំគ្នា​ទៅកាន់​កាប់ និង​ចាប់យក​ធ្វើជា​កម្មសិទ្ធិ ខណៈ​ខេត្ត​នេះ កំពុង​ក្លាយ​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា នាពេលខាងមុខ​។ នេះ​បើតាម​សម្ដេច ស ខេង រដ្ឋមន្ត្រី ធ្លាប់​លើកឡើង​កន្លងមក​។​
 
​កន្លងមក​សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​បានសម្រេច​បញ្ចប់​តំណែង​អភិបាលស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ក្រោយ​ម​ន្រី្ត​ជំនាញ​រកឃើញថា​ជាប់​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដី​ខុសច្បាប់​។​ការបញ្ចប់​មុខតំណែង​នេះ ធ្វើឡើង​តាម​ការស្នើសុំ​របស់​ក្រសួងមហាផ្ទៃ ក្រោយ​ក្រុមការងារ​អន្តរក្រសួង​បាន​ចុះ​ស្រាវជ្រាវ​ពី​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​នៅ​តំបន់ការពារធម្មជាតិ​ខេត្តមណ្ឌលគិរី​៕

Tag:
 ​ហ៊ុន សែន​
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com