ជាតិ
ទស្សនៈយុវជនខ្មែរជុំវិញរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា
03, Feb 2021 , 7:59 pm        
រូបភាព
front រូបថត Reuters
front រូបថត Reuters
ព្រឹត្តិការណ៍ក្រោយការចាប់ខ្លួនទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី U Win Myint និងអ្នកនយោបាយផ្សេងទៀតនៃបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) ដោយក្រុមយោធា កាលពីថ្ងៃទី១ ខែកុម្ភៈ ក្លាយជាព័ត៌មានអន្តរជាតិដ៏គួរឲ្យតាមដានពីសំណាក់យុវជនខ្មែរមួយចំនួនផងដែរ។ សារព័ត៌មានថ្មីៗ បានសាកសួរ យុវជនជាង១០នាក់ពីប្រភពផ្សេងៗគ្នា ដោយភាគច្រើនបានដឹង និងកំពុងតាមដានរឿងរ៉ាវរដ្ឋប្រហារយោធានៅប្រទេសសមាជិកអាស៊ានមួយនេះ។

 
មានអាសយដ្ឋាននៅរាជធានីភ្នំពេញ យុវជន វណ្ណ ប៊ុនណា តាមដានស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ាយ៉ាងដិតដល់ ទាំងតាមរយៈព័ត៌មានជាភាសាអង់គ្លេស និងភាសាខ្មែរ ហើយលោកក៏ឆ្លៀតជជីកសួរដល់មិត្តភក្តិដែលជាជនជាតិមីយ៉ាន់ម៉ា ក្នុងបណ្តាញសង្គមផងដែរ។ លោកកត់សម្គាល់ថា រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា គឺជារឿងច្រំដែល ដែលបង្ហាញថា ប្រជាធិបតេយ្យនៅទឹកមិត្តអាស៊ានមួយនេះ កំពុងតែងាកថយក្រោយវិញហើយ។ «ខ្ញុំបារម្ភចំពោះការវិវត្តន៍ស្ថានការនយោបាយចុងក្រោយនៅមីយ៉ាន់ម៉ា ដែលបង្ហាញរូបភាពមិនល្អនៅអាស៊ាន និងអាស៊ីទាំងមូល ទាំងសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ»។
 
យុវជនខ្មែររូបនេះ មិនជឿថា ក្រុមយោធាមីយ៉ាន់ម៉ាដែលប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន១ឆ្នាំ នឹងប្រគល់អំណាចឲ្យរដ្ឋាភិបាលស៊ីវិលវិញនោះឡើយ។ លោកគិតថា ក្រុមយោធាទំនងបានត្រៀមខ្លួនជាមុខរួចស្រេចហើយ ជុំវិញការធ្វើរដ្ឋប្រហារ និងការទទួលសម្ពាធពីបរទេស។ «ការដាក់ទណ្ឌកម្មតែម្យ៉ាង មិនអាចឲ្យយោធាមីយ៉ាន់ម៉ាក្រែប្រែស្ថានការណ៍នេះបានទេ ទាល់មានវិធានការច្បាស់លាស់ជាងនេះ ព្រោះកន្លងមកប្រទេសនេះធ្លាប់រងទណ្ឌកម្មច្រើនហើយ តែរបបយោធានៅតែមានអំណាច»។ 
 

លោក ប៊ុនណា (រូបពីទំព័រហ្វេសប៊ុករបស់លោក Bunna Vann)

ចំណែកលោក ជា តាគីហ៊ីរ៉ូ នៅខេត្តមណ្ឌលគិរី ឯណោះវិញ ក៏មើលឃើញរូបភាពអវិជ្ជមានជុំវិញរដ្ឋប្រហារយោធានេះដែរ។ លោកគិតថា ករណីនេះ សរបង្ហាញឲ្យឃើញពីភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានរបបផ្តាច់ការ។ «យើងស្រមៃថា ប្រសិនបើមេដឹកនាំនៅអាស៊ានច្រើន ចាប់ផ្ដើមធ្វើរដ្ឋប្រហារ គ្មានការទទួលយកគំនិតរិះគន់ អ៊ីចឹងសួរថា ប្រជាធិបតេយ្យរបៀបណា! យ៉ាងដូចម្ដេច! ការសម្រេចអ្វីមួយក្នុងនាមជាអាស៊ាន យ៉ាងណាវិញ បើសមាជិកប្រទេសក្នុងអាស៊ានងាកទៅផ្ដាច់ការបែបនេះ»។ លោកបានលើកឡើងយ៉ាងដូច្នេះ ដែលគំនិតនេះ ប្រហាក់ប្រហែលនឹងការយល់ឃើញរបស់កញ្ញា មាស កន្និថា និងលោក ឃី ពិសី ផងដែរ។
 
ជាមួយគ្នានេះ យុវជនខ្មែរមួយចំនួនក៏មិនបានតាមដានដិតដល់នោះដែរ។ លោក ស៊ីម វិទី បានប្រាប់សារព័ត៌មានថ្មីៗថា មិនសូវច្បាស់ឡើយនូវអ្វីដែលកើតឡើងចំពោះលោកស្រី អ៊ុងសាន ស៊ូជី រីឯកញ្ញា សុខា ថា គាត់អត់អារម្មណ៍រឿងរ៉ាវនយោបាយក្រៅប្រទេសឡើយ ដោយផ្តោតតែសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះ។
 
«ខ្ញុំមិនបានតាមដាន និងមិនសូវដឹងរឿងឡើយ! អរគុណ»។ កញ្ញា យ៉ាម ត្រាង នៅខេត្តរតនគិរី បានឆ្លើយយ៉ាងដូច្នេះ បន្ទាប់ពីបានលឺការសាកសួររបស់សារព័ត៌មានថ្មីៗ។
 
ជុំវិញការចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកនយោបាយមីយ៉ាន់ម៉ា បានធ្វើឲ្យបណ្ដាប្រទេសនៅអឺរ៉ុបនិងអាស៊ានជាច្រើនបានបង្ហាញការព្រួយបារម្ភ ហើយក៏បានចេញថ្លែងការណ៍រៀងៗខ្លួនផងដែរ។ ទន្ទឹមនឹងនេះ ពលរដ្ឋមីយ៉ាន់ម៉ានៅបរទេស បានជួបជុំគ្នានៅមុខស្ថានទូតមីយ៉ាន់ម៉ា ដើម្បីតវ៉ានឹងការធ្វើរដ្ឋប្រហារដោយយោធាប្រឆាំងរដ្ឋាភិបាលស៊ីវិល។


លោក តាគីហ៊ីរ៉ូ យុវជននៅមណ្ឌលគិរី (រូបពីទំព័រហ្វេសប៊ុករបស់ លោក តាគីហ៊ីរ៉ូ)

អត្ថបទទាក់ទង

 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ យុវជននៅរាជធានីភ្នំពេញនិងតាមបណ្ដាលខេត្តចំនួន១០រូប មានតែយុវជន៣រូបប៉ុណ្ណោះ ដែលមិនបានតាមដានព្រឹត្តិការណ៍ការរដ្ឋប្រហារយោធាថ្ងៃទី១កុម្ភៈ ឆ្នាំ២០២១នៅមីយ៉ាន់ម៉ា។ ក្នុងចោមយុវជនខ្មែរ៧រូបទៀត មាន៤នាក់បានតាមដានហេតុការនៃការចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកនយោបាយផ្សេងទៀតយ៉ាងយកចិត្តទុកដាក់ ដោយបញ្ហាពីការព្រួយបារម្ភអំពីស្ថានការនយោបាយនៅតំបន់អាស៊ាន៕
 

Tag:
 យុវជន
  កម្ពុជា
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com