កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ស្វែងយល់​ពូ​ល H រវាង ប៉ូឡូញ សេ​ណេ​ហ្គា​ល់ កូ​ឡុំ​ប៊ី និង​ជប៉ុន​
27, Apr 2018 , 7:59 am        
រូបភាព
​ក្រុម​ទាំង​៤ ដែល​ស្ថិតក្នុង​ពូ​ល H សុទ្ធសឹង​ជា​ក្រុម​ដែល​មិន​ធ្លាប់មាន​ប្រវត្តិ​ឈ្នះ​ពាន World Cup ពីមុនមក​ដូចគ្នា​។ ប៉ុន្តែ​សម្រាប់​ការបង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​ឆ្នាំ​២០១៨ នេះ ប៉ូឡូញ សេ​ណេ​ហ្គា​ល់ កូ​ឡុំ​ប៊ី និង​ជប៉ុន គឺជា​ក្រុម​ដែល​ឈរ​នៅ​កំពូល​តារាង នៃ​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ប្រចាំ​ទ្វីប​របស់​ពួកគេ​រៀងៗ​ខ្លួន​។



អត្ថបទទាក់ទង


​ជំនួប​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H គឺ​ការប្រកួត​រវាង​ប៉ូឡូញ ទល់នឹង​កូ​ឡុំ​ប៊ី ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ២៥ ខែមិថុនា​ឆ្នាំ​២០១៨ ក្នុង​កី​ឡ​ដ្ឋាន Kazan Arena វេលា​ម៉ោង ១​អធ្រាត្រ [​ម៉ោង​នៅ​កម្ពុជា​]​។​

​ការ​ប៉ះគ្នា​រវាង​ប៉ូឡូញ និង​កូ​ឡុំ​ប៊ី​គឺជា​ជំនួប​ពិសេស​មួយ​រវាង​ក្រុម​ជើង​ខ្លាំង​មកពី​អឺរ៉ុប និង​អាមេរិក​ឡាទីន​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ដែល​ត្រូវបាន​គេ​ជឿជាក់ថា​អាច​បង្ហាញ​ពី​ចំនុចខ្លាំង​ថា​ក្រុម​ណា​ដែល​អាច​នាំមុខគេ​ក្នុង​ពូ​ល H នេះ​។​

​អ្វីដែល​យើង​គួរ​ដឹង​អំពី​ក្រុម​ទាំង​៤ ក្នុង​ពូ​ល H
- ជា​ក្រុម​ដែល​ទទួលបាន​កៅអី​ដោយ​ស្វ័យប្រវត្ត​ចុងក្រោយ​នៃ​វគ្គ​ជម្រុះ​នៅ​តំបន់​អាមេរិក​ឡាទីន កូ​ឡុំ​ប៊ី​នឹងធ្វើ​ឲ្យ​បានល្អ​ថែមទៀត ពោលគឺ​លើសពី​ការបង្ហាញ​ខ្លួន​នៅ​ប្រេ​ស៊ី​ល​ឆ្នាំ​២០១៤ ដែល​ពួកគេ​អាចឈាន​ដល់​វគ្គ ១/៤​ផ្តាច់ព្រ័ត្រ​។ កីឡាករ Radamel Falcao និង James Rodriguez ជា​កំលាំង​សំខាន់បំផុត​សម្រាប់​ក្រុម​ដែលមាន​រហស្សនាម Los Cafeteros នេះ​។​

- ការបង្ហាញ​ខ្លួន​លើកដំបូង​របស់​សេ​ណេ​ហ្គា​ល់​ក្នុង​ការប្រកួត World Cup គឺជា​ការចងចាំ​ដ៏​ល្អ​មួយ បន្ទាប់ពី​ក្រុម​រហ្សនាម Lions of Teranga បាន​ឈានដល់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ដែល​កូរ៉េ និង​ជប៉ុន​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ​២០០២​។ កាលនោះ​ពួកគេ​ធ្វើ​បានល្អ​បំផុត ដោយ​ទទួល​ជ័យជម្នះ​លើ​ក្រុម​ការពារ​តំណែង​ជើង​បារាំង​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល និង​ឈ្នះ​ស៊ុយអែត​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​

-​ដោយបាន​ដណ្តើម​ចំណាត់ថ្នាក់​ទី​១ លើ​អារ៉ាប៊ីសាអ៊ូឌីត និង​អូស្ត្រាលី​ដើម្បី​ឈរលើ​កំពូល​តារាង​ពូ​ល B ក្នុង​វគ្គ​ជម្រុះ​តំបន់​អាស៊ី ជប៉ុន​បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​បានល្អ​បំផុត​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រុស្ស៊ី​។ នៅក្នុង​ការបង្ហាញ​ខ្លួន ៥​លើក​កន្លងមក​សមិទ្ធិ​ផល​ដ៏​ល្អ​បំផុត​របស់​ក្រុមរ​សហ្ស​នាម​សាមូរ៉ៃ​ខៀវ បាន​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ ក្នុងនាម​ជា​សហ​ម្ចាស់ផ្ទះ​ឆ្នាំ​២០០២ និង​នៅ​អាហ្វ្រិក​ខាងត្បូង​ឆ្នាំ​២០១០​។​

​ស្ថិតិ​ដែល​គួរ​ចាប់អារម្មណ៍​បំផុត គឺ​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ប៉ូឡូញ​កីឡាករ Robert Lewandowski ដែល​អាច​រក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​បាន​រហូតដល់​ទៅ ១៦​គ្រាប់ សម្រាប់​ការបង្ហាញ​១០​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៅ​តំបន់​អឺរ៉ុប​៕


Tag:
 ​បាល់ទាត់​
  FIFA World Cup
  GroupH
© រក្សាសិទ្ធិដោយ thmeythmey.com