កីឡាអន្តរជាតិ
អន្តរជាតិ
ស្ទង់មតិ៖ ពលរដ្ឋជប៉ុនភាគច្រើន មិនចង់ឱ្យធ្វើអូឡាំពិកក្រុងតូក្យូឆ្នាំនេះ 09, Feb 2021 , 8:59 am
× ប្រជាជនជប៉ុនភាគច្រើនប្រឆាំងនឹងការប្រារព្ធធ្វើព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូនៅឆ្នាំ២០២១នេះ ស្របពេលជំងឺ COVID-19 រាតត្បាតកាន់តែខ្លាំង។ នេះបើយោងតាមការស្ទង់មតិរបស់កាសែត Yomiuri ដែលបានបង្ហាញនៅថ្ងៃទី៨ ខែកុម្ភៈ។
ការស្ទង់មតិរបស់កាសែត Yomiuri បង្ហាញថា ប្រជាជនជប៉ុនប្រហែល ២៨ ភាគរយចង់ឱ្យលុបចោលការប្រកួតកីឡាអូឡាំពិកនេះតែម្តង ខណៈ៣៦ភាគរយទៀតចង់ឱ្យមានការពន្យារពេលព្រឹត្តិការណ៍បន្តទៀតដោយរង់ចាំជំងឺ COVID-19 ថមថយសិន។ អ្នកចូលរូមក្នុងការស្ទង់មតិ៣៦ភាគរយគាំទ្រឱ្យបន្ត និង៨ភាគរយចង់បន្តតែឱ្យមានអ្នកចូលទស្សនាផ្ទាល់។
សរុបមក ការស្ទង់មតិនេះមាន៦៤ភាគរយមិនចង់ឱ្យបន្ត ឬពន្យារពេលដំណើរការកីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ នេះនៅឆ្នាំ២០២១ទៀត ខណៈជប៉ុន និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ពន្យារពេលកីឡានេះ១ឆ្នាំរួចមកហើយ។
អូឡាំពិកក្រុងតូក្យូត្រូវបានពន្យារពេលកាលពីឆ្នាំ២០២០ដោយសារជំងឺ COVID-19 ហើយគ្រោងនឹងធ្វើឡើងនៅឆ្នាំនេះដោយចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដាតទៅ។ ខណៈពេលវាលាកាន់តែខិតជិតមកដល់ ហើយជំងឺឆ្លងនេះនៅតែរាតត្បាតប្រជាជនជប៉ុន និងពិភពលោកកាន់តែខ្លាំង ទើបធ្វើឱ្យមតិមួយចំនួនធំមិនចង់ឱ្យដំណើរកីឡាលំដាប់ពិភពលោកនេះឡើយ។
យ៉ាងណាក៏ដោយ អ្នករៀបចំអូឡាំពិកជប៉ុន រួមទាំង IOC នៅតែបង្ហាញការប្តេជ្ញាចិត្តដើម្បីបន្តដំណើរការកីឡានេះឱ្យខាងតែបាន ស្របពេលវ៉ាក់សាំង COVID-19 ក៏កំពុងត្រូវបានចែកចាយទៅដល់ប្រជាជនមួយចំនួនហើយ។
អ្នករៀបចំជឿជាក់ថាការទទួលបានវ៉ាក់សាំង នឹងជួយដោះស្រាយស្ថានការណ៍ជុំវិញការរៀបចំព្រឹត្តិការណ៍កីឡានេះឱ្យបានជោគជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com