អន្តរជាតិ
ហ្គីណេ មានអ្នកស្លាប់ដោយសារជំងឺអេបូឡា ៤ករណីដំបូង ចាប់ពីឆ្នាំ២០១៦
14, Feb 2021 , 11:29 am        
រូបភាព
សមាជិកកាកបាទក្រហមហ្គីណេ បញ្ជូនសាកសពអ្នកស្លាប់ដោយសារជំងឺអេបូឡា នៅក្នុងឆ្នាំ២០១៥។ រូបភាព៖ AFP
សមាជិកកាកបាទក្រហមហ្គីណេ បញ្ជូនសាកសពអ្នកស្លាប់ដោយសារជំងឺអេបូឡា នៅក្នុងឆ្នាំ២០១៥។ រូបភាព៖ AFP
រដ្ឋមន្រ្តីសុខាភិបាលហ្គីណេ នៅថ្ងៃទី១៣ ខែកុម្ភៈ បានរាយការណ៍ ករណីស្លាប់ដោយសារជំងឺឆ្លងអេបូឡា ចំនួន ៤ករណីដំបូង ចាប់ពីឆ្នាំ២០១៦ កន្លងមក។
 
ជំងឺអេបូឡា បានចាប់ផ្តើមផ្ទុះឡើងនៅចុងឆ្នាំ២០១៣ និងបានរីករាលដាលយ៉ាងខ្លាំងនៅតំបន់អាហ្រិកខាងលិច និងបន្តរីកសាយទៅតំបន់អាហ្វ្រិកផ្សេងទៀត។ ហ្គីណេ ជាប្រទេសមួយស្ថិតនៅតំបន់អាហ្រ្វ៊ិកខាងលិច ដែលមានអ្នកស្លាប់ដោយសារជំងឺឆ្លងមួយនេះចំនួន ១១៣០០នាក់ នៅចន្លោះឆ្នាំ២០១៣ ដល់២០១៦។ 
 
យ៉ាងណាមិញ នៅចុងខែមករា គ្រូពេទ្យម្នាក់បានធ្លាក់ឈឺ និងបានស្លាប់ ដោយសារជំងឺអេបូឡា។ ប្រធានទីភ្នាក់ងារសន្តិសុខសុខាភិបាលជាតិ លោក Sakoba Keita បានប្រាប់សារព័ត៌មានក្នុងស្រុកថា៖ «ក្នុងចំណោមអ្នកចូលរួមបុណ្យសពនេះ មានមនុស្សចំនួន៨ នាក់ បានចេញរោគសញ្ញា ដូចជារាគ, ក្អួត និងធ្លាក់ឈាម»។ ក្រោយមក ក្នុងចំណោមអ្នកចេញរោគសញ្ញានោះ មាន ៣នាក់ បានបាត់បង់ជីវិត និង៥នាក់ព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ទន្ទឹមនេះ លោក Sakoba Keita បានបន្តថា មានអ្នកជំងឺម្នាក់ បានលួចរត់ចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវរកឃើញវិញ។ 
 
ចាប់តាំងពីឆ្នាំពីឆ្នាំ២០១៦ មកអង្គការសុខភាពពិភពលោក បានឃ្លាំមើលជំងឺឆ្លងអេបូឡាយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ អង្គការអន្តរជាតិមួយនេះ ក៏បានបង្ហាញការបារម្ភផងដែរ ជាពិសេសករណីផ្ទុះនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោសារជាថ្មី បន្ទាប់ពីប្រទេសមួយនេះ ទើបតែប្រកាសបញ្ចប់ករណីឆ្លង កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។ 
 
តាមការបញ្ជាក់របស់សម្ព័ន្ធវ៉ាក់សាំង (GAVI) នៅក្នុងខែមករាកន្លងទៅ វ៉ាក់សាំងចំនួន៥០ម៉ឺនដូស គ្រោងនឹងដាក់ឱ្យឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺអេបូឡានាពេលខាងមុខ។ ចាប់តាំងពីឆ្នាំ២០១៣ វ៉ាក់សាំងត្រូវបានពន្លឿនការអភិវឌ្ឍយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងនេះ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ វ៉ាក់សាំងប្រឆាំងជំងឺអេបូឡា Ervebo ត្រូវបានទទួលស្គាល់ដោយគណៈកម្មការអឺរ៉ុប និងអាមេរិក នៅខែធ្នូ ឆ្នាំ២០១៩៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com