កីឡាអន្តរជាតិ
អន្តរជាតិ
Lukaku រកបាន​គ្រាប់​ទី​៣០០ ជួយ Inter ឡើង​កំពូល​តារាង Serie A
15, Feb 2021 , 9:19 pm        
រូបភាព
​ដោយ​៖​ជា យូ​គៀង

Romelu Lukaku ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​ដើម្បី​ជួយ Inter Milan ឈ្នះ Lazio ៣-១ និង​ជាការ​ប្រកួត​ដែល​រូបគេ​អាច​រកបាន​គ្រាប់​ទី​៣០០​ក្នុង​អាជីព​ផងដែរ​។ តាមរយៈ​ជ័យជម្នះ​នេះ Inter ឡើងទៅ​ឈរ​កំពូល​តារាង Serie A ជំនួស AC Milan វិញ​។​

Lukaku បង្ហាញខ្លួន​បាន​យ៉ាង​ល្អ​ឱ្យ​ក្លិប​អ៊ីតាលី​មួយ​នេះ បន្ទាប់ពី​ចាកចេញ​ពី​ក្រុម​ចាស់ Manchester United ដែលជា​ក្រុម​ដែល​រូបគេ​ផ្តល់​ភាព​អស្ចារ្យ​កន្លងមក​នោះ​។ នៅក្នុង​ជំនួប​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស Serie A នៅ​យប់​ថ្ងៃទី​១៥ ខែកុម្ភៈ ខ្សែប្រយុទ្ធ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​រកបាន​២​គ្រាប់​ពោល​ក្នុង​នាទី​២២ និង​៤៥ មុនពេល Sergej Milinkovic-Savic រកបាន​១​គ្រាប់​វិញ​ឱ្យ Lazio នៅ​នាទី​៦១​។ ៣​នាទី​បន្ទាប់ Lautaro Martinez បន្ថែម​គ្រាប់​ទី​៣ ដើម្បី​ជួយ​ក្រុម​លោក Antonio Conte ឈ្នះ Lazio ៣-១​។  
 
Lukaku បាន​ពង្រឹង​តួនាទី​ជា​ខ្សែប្រយុទ្ធ​ដ៏​ល្អ​នៅក្នុង​ចំណោម​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម​នៅ​អឺរ៉ុប​តាមរយៈ​ការរកបាន​គ្រាប់​បាល់​ទី ៣០០ ក្នុង​អាជីព ហើយ​ព្រមទាំង​បាន​ជួយ Inter Milan ឡើងឈរ​កំពូល​តារាង​ផងដែរ​។ 
 
២​គ្រាប់​នេះ​ផងដែរ ក៏បាន​ជួយ​អតីត​សមាជិក​ក្រុម​បិសាច​ក្រហម​តាម​ស្មើ​គ្រាប់​ស៊ុត​របស់ Cristiano Ronaldo ចំនួន​១៦​គ្រាប់ នៅ​ក្របខណ្ឌ​អ៊ីតាលី​ក្នុង​រដូវ​កាល ២០២០-២០២១​នេះ​។ Lukaku បានបង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អជា​មួយ Inter ដោយ​រកបាន ៥៦​គ្រាប់​ហើយ ក្នុងចំណោម ៨០ ប្រកួត​។ 
 
​លោក Antonio Conte អ្នកចាត់ការ​ទូទៅ Inter Milan បាន​និយាយ​ពី​ចំណាប់អារម្មណ៍​ក្រោយ​ចប់​ការប្រកួត​ត​ប្រាប់​ទូរទស្សន៍ Sky Italia ថា​៖ «​អ្នកខ្លះ​បាន​រអ៊ូរទាំ​មកលើ Lukaku ក្រោយពេល​ចាញ់​នៅ​ការប្រកួត Coppa Italia វា​បានធ្វើ​ឲ្យ​រូបគេ​មានការ​ប៉ះទង្គិច​ផ្លូវចិត្ត​បន្តិចបន្តួច​ប៉ុន្តែ Lukaku បាន​ត្រឡប់មកវិញ​នៅ​ទម្រង់​លេង​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុម ហើយ​ក្រុម​ទាំងមូល​ត្រូវការ Romelu​។ យើង​ត្រូវការ​ការប្តេជ្ញាចិត្ត និង​ចំណង​ចំណូលចិត្ត​របស់​ក្រុម​ទាំងមូល​»​។​
 
​គិត​ត្រឹម​សប្តាហ៍​ទី​២២ Inter Milan បាន​ប្រជែង​តំណែង​កំពូល​តារាង​ពី AC Milan ដោយ​នាំមុខ​ចំនួន​១​ពិន្ទុ​។ Inter រកបាន​៥០​ពិន្ទុ ឯ AC Milan មាន​៤៩​ពិន្ទុ ខណៈ Roma នៅ​លេខ​៣​មាន​៤៣​ពិន្ទុ និង Juventus នៅ​លេខ​៤ រកបាន​៤២​ពិន្ទុ​៕
 

Tag:
 Romelu Lukaku
  Inter Milan
© រក្សាសិទ្ធិដោយ thmeythmey.com