កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ឡើងទៅ Top 4 ក្រោយ Tuchel ដឹកនាំឈ្នះ៤ប្រកួតជាប់គ្នា 16, Feb 2021 , 11:12 am
× Chelsea បានរំកិលខ្លួនឡើងទៅចំណាត់ថ្នាក់ទី៤ បន្ទាប់ពីប្រកួតឈ្នះ Newcastle United ២-០។ នេះជាជ័យជម្នះលើកទី៤ហើយ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Thomas Tuchel ក្នុងចំណោម៥ប្រកួតនៅ Premier League ខណៈតោខៀវមិនទាន់ស្គាល់ចាញ់ឡើយ។
ជំនួបក្របខណ្ឌលីគកំពូលអង់គ្លេសសប្តាហ៍ទី២៤ នៅកីឡដ្ឋាន Stamford Bridge នារាត្រីថ្ងៃទី១៥ ខែកុម្ភៈ ខ្សែប្រយុទ្ធ Olivier Giroud និង Timo Werner រកបានម្នាក់មួយគ្រាប់ដើម្បីជួយក្រុមលោក Tuchel ទទួលបាន៣ពិន្ទុបន្ថែម។
ជ័យជម្នះ ២-០ លើក្រុម Newcastle នេះក៏បានជួយ Chelsea ឈានចូលតំបន់ Top 4 វិញដោយរកបាន៤២ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៤ក្នុងតារាង Premier League។ ចាប់តាំងពីអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ Tuchel ឡើងទៅជំនួសតំណែងលោក Frank Lampard ក្រុមរហស្សនាមតោខៀវអាចរកបាន១៣ពិន្ទុពីការប្រកួត៥លើកចុងក្រោយ ដោយក្នុងនោះឈ្នះ៤ និងស្មើ១។
Chelsea បានធ្លាក់ដុនដាបយ៉ាងខ្លាំងក្រោយការដឹកនាំរបស់ Lampard បើទោះជាពួកគេចំណាយប្រាក់ដ៏ច្រើនក្នុងការនាំចូលកីឡាករមានទេពកោសល្យទៅជួយក្រុមនៅដើមរដូវកាលនេះក៏ដោយ។
ដោយឡែក West Ham United ឯណោះវិញ ក៏បានបង្កើនភាពខ្លាំងរបស់ខ្លួនផងដែរក្រោយយកឈ្នះ Sheffield United ដល់ទៅ ៣-០ សម្រាប់ជំនួបសប្តាហ៍ទី២៤។ ៣គ្រាប់ដែលសម្រេចបានដោយ Declan Rice, Issa Diop និង Ryan Fredericks បានជួយក្រុមរហស្សនាមញញួរឡើងទៅចំណាត់ថ្នាក់ទី៥ក្នុងតារាងលីគកំពូលអង់គ្លេសដោយរកបាន៤២ពិន្ទុ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការ David Moyes ចំនួន២៤ប្រកួតរដូវកាលនេះ West Ham ទទួលបានជ័យជម្នះ១២លើក សើ្ម៦ និងចាញ់៦។
ក្រុមកំពូលតារាង Manchester City មានពិន្ទុនាំមុខក្រុមគូប្រជែង Manchester United និង Leicester ដល់ទៅ៧ពិន្ទុ ហើយសល់មួយប្រកួតក្នុងដៃថែមទៀត។ Liverpool ហាក់ឃ្លាតឱកាសក្នុងការការពារតំណែងជើងឯករបស់ខ្លួនក្រោយរកបាន៤០ពិន្ទុប៉ុណ្ណោះ។ ហង្សក្រហមស្ថិតនៅលេខរៀងទី៦ ហើយមាន១១ពិន្ទុតាមពីក្រោយក្រុម Man City៕
Tag:
Premier League
Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com