ជាតិ
អភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​ស្ថិតនៅក្នុង​ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី​រយៈពេល​២០​ឆ្នាំ​
21, Feb 2021 , 11:29 pm        
រូបភាព
លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្មខេត្ត ។ រូបថត WWF Cambodia
លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និង នគរូបនីយកម្មខេត្ត ។ រូបថត WWF Cambodia
ដោយ:
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៨ កុម្ភៈ ឆ្នាំ​២០២១ ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី បាន​ឯកភាព​ទទួលយក​ផែនការ​រៀបចំ​ដែនដី​រយៈពេល​២០​ឆ្នាំ ដែល​ត្រូវ​បានរៀបចំ​ជា​លើកដំបូង​។ ផែនការ​នេះ ត្រូវបាន​ឯកភាព​ទទួលយក​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បៃតង​ប្រកបដោយ​ភាពរស់រវើក និង​និរន្ត​ភាព​។​




​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួមមួយ ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី ជា​យុទ្ធសាស្ត្រ ដែលមាន​ចក្ខុវិស័យ និង​គោលដៅ​អភិវឌ្ឍន៍​រយៈពេល​វែង (២០២១-២០៤០) ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការកើនឡើង​នៃ​សហគមន៍​មូលដ្ឋាន  ការប្រែប្រួល​នៃ​ប្រព័ន្ធ​បរិស្ថាន វប្បធម៌ និង​សេដ្ឋកិច្ចសង្គម​នៅក្នុង​ខេត្ត​។ ផែនការ​នេះ​ក៏​ជាការ​បង្ហាញផ្លូវ​សម្រាប់​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព ការទទួលខុសត្រូវ តុល្យភាព​នៃ​ការបែងចែក ប្រើប្រាស់​ដី ធនធានធម្មជាតិ និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស​និង​សង្គម ។​
 
​លោក ម៉េង បុ​ណ្ណា​រិ​ទ្ធ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​រៀបចំ​ដែនដី និង​នគរូបនីយកម្ម បាន​លើកឡើងថា​៖ « ផែនការ​រៀបចំ​ដែនដី​នេះ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ខេត្តមណ្ឌលគិរី ដែល​មិន​ត្រឹមតែ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​និង​ការអភិវឌ្ឍ​នៅក្នុង​យុគសម័យ​នៃ​ភាវូបនីយកម្ម​ថ្នាក់​តំបន់​និង​សកលភាវូបនីយកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ផ្តល់ឱ្យ​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ ដើម្បី​កំណត់​ទម្រង់​នៃ​ការអភិវឌ្ឍ​ដែនដី​ខេត្ត​ក្នុង​រយៈពេល ២០ ឆ្នាំ​ខាងមុខ »​។ 


រូបភាពពីទំព័រហ្វេសប៊ុកអង្គការ WWF-Cambodia 
​សេចក្ដីប្រកាស​ព័ត៌មាន​បាន​អះអាងថា ការរៀបចំ​ដែនដី​ក្នុង​ខេត្តមណ្ឌលគិរី​ជា ទិសដៅ​ជាក់លាក់​សម្រាប់​ការអភិវឌ្ឍ​ដែនដី​ខេត្ត ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​ដែល​ផ្សារភ្ជាប់​និង​ការអភិរក្ស​។​
 
​លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ដែនដី និង នគរូបនីយកម្ម​ខេត្ត បានលើកឡើង​ផងដែរ​ថា​៖ « ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី មាន​ទិសដៅ​ផ្តល់​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​និង​កសាង​ភាពជា​ម្ចាស់​រួមគ្នា​លើ​ការអភិវឌ្ឍ​ប្រកបដោយ​តុល្យភាព​រវាង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្ត​ភាព ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការទទួលបាន​នូវ​សេវាសាធារណៈ​ប្រកបដោយ​សមធម៌ »​។​


រូបភាពពីទំព័រហ្វេសប៊ុកអង្គការ WWF-Cambodia 
« ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​សង្ឃឹមថា​ផែនការ​រៀបចំ​ដែនដី​ខេត្តមណ្ឌលគិរី នឹងត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​យុទ្ធសាស្ត្រ​មួយ​ដើម្បី​តម្រង់​ទិសដៅ​ជា​អាទិភាព​សម្រាប់​ការអភិវឌ្ឍ និង​ការអភិរក្ស​ខេត្ត​ដ៏​ស្រស់ស្អាត​មួយ​នេះ តាមរយៈ​ការដោះស្រាយ​តម្រូវការ​បច្ចុប្បន្ន និង​ការធានាបាន​នូវ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ប្រកបដោយ​និរន្ត​ភាព​រយៈពេល​វែង និង​មានការ​បំ​ភាយ​ឧស្ម័ន​កម្រិត​ទាប » ។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ហា​ញ ងូ​យ​យេន​(Hanh Nguyen) នាយក​បេសកកម្ម​ស្តីទី របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរ​ជាត​(USAID) ។​
 
​លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា បាន​លើកឡើងថា​៖ « អង្គការ​WWF ត្រៀមខ្លួន​ជាស្រេច​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​រៀបចំ​ផែនការ​ប្រើប្រាស់​ដីធ្លី​ប្រកបដោយ​និរន្ត​ភាព​ដើម្បី​ថែរក្សា​ការពារ​ជីវៈចម្រុះ​សម្បូរបែប​នៅក្នុង​ខេត្តមណ្ឌលគិរី​»​។​
 
​សូម​ជម្រាប​ផងដែរ​ថា ដំណើរការ​នៃ​ការបង្កើត​ផែនការ​រៀបចំ​ដែនដី មានការ​ចូលរួម​ពី​ពហុភាគី និង​ត្រូវបាន​ផ្តួចផ្តើមឡើង​នៅ​ខែមករា ឆ្នាំ ២០១៧ ដោយមាន​ការបង្កើតឡើង​នូវ​រចនាសម្ព័ន្ធ​អភិបាលកិច្ច ក្រោម​ការគាំទ្រ​ថវិកា​ពី​សហភាព​អ៊ឺរ៉ុប (EU)​។ ការបង្កើត​ផែនការ​រៀបចំ​ដែនដី ត្រូវបាន​ចាប់ផ្តើម​នៅ​ខែ តុលា ឆ្នាំ ២០១៨ ក្រោម​ការគាំទ្រ​ថវិកា​ពី​គម្រោង​គាំទ្រ​ដែនជម្រកសត្វព្រៃ​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID) តាមរយៈ​អង្គការ WWF កម្ពុជា​៕


រូបភាពពីទំព័រហ្វេសប៊ុកអង្គការ WWF-Cambodia
 

Tag:
 មណ្ឌលគិរី​
  សេដ្ឋកិច្ច​បៃតង​
© រក្សាសិទ្ធិដោយ thmeythmey.com