អន្តរជាតិ
ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី​៖ ឆន្ទៈ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា ត្រូវតែ​គោរព​តាម​
23, Feb 2021 , 9:29 pm        
រូបភាព
ប្រមុខការទូតឥណ្ឌូណេស៊ី លោកស្រី Retno Marsudi។ រូបភាព៖ Twitter Retno
ប្រមុខការទូតឥណ្ឌូណេស៊ី លោកស្រី Retno Marsudi។ រូបភាព៖ Twitter Retno
​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ បាន​លើកឡើងថា ការផ្ទេរអំណាច​នៅ​មី​យ៉ាន់​ម៉ា ទៅរក​លទ្ធិប្រជាធិបតេយ្យ គួរតែ​គោរព​តាម​ឆន្ទៈ​របស់​ប្រជាជន​។ ការលើក​បែបនេះ ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​ចុះផ្សាយ​ថា ឥណ្ឌូណេស៊ី កំពុង​ជំរុញ​ប្រទេស​សមាជិក​អាស៊ាន​ឯកភាព​លើ​ផែនការ​សកម្មភាព ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​ឡើងវិញ​។ 
 
​នៅក្នុង​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឥណ្ឌូណេស៊ី កំពុង​ជំរុញ​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន ឯកភាពគ្នា​លើ​ការរៀបចំ​បោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​ឡើងវិញ​។ យ៉ាងណាមិញ ក្រុមបាតុករ​មី​យ៉ាន់​ម៉ា មិន​ចង់ឱ្យមាន​ការរៀបចំ​បោះឆ្នោត​ឡើងវិញ​ដូច​ការសន្យា​របស់​ក្រុម​យោធា​ឡើយ​។ តែ​បាតុករ​មី​យ៉ាន់​ម៉ា ទាមទារ​ឱ្យ​របប​សឹក បង្កើត​រដ្ឋាភិបាល​ស៊ីវិល​ឡើងវិញ និង​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០២០​។ បាតុករ​ខ្លះ ក៏បាន​អំពាវនាវ​ឱ្យមាន​បាតុកម្ម​នៅមុខ​ស្ថានទូត​ឥណ្ឌូណេស៊ី នៅ​មី​យ៉ាន់​ម៉ា​ផងដែរ​។ 
 
​បន្ទាប់ពី​ចេញ​របាយការណ៍​នេះ ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី បាន​ផ្ញើលិខិត​មួយច្បាប់​ទៅ Reuters​។ «​ការផ្ទេរអំណាច​បែប​លទ្ធិប្រជាធិបតេយ្យ​ប្រកបដោយ​បរិ​យាប​ន្ន គួរតែ​គាំទ្រ​ដោយ​ផ្អែក​ឆន្ទៈ​របស់​ប្រជាជន​»​។ ការិយាល័យ​របស់លោក​ស្រី Retno Marsudi បានលើកឡើង​បែបនេះ​។​
 
​ក្នុង​លិខិត​ដដែល​នោះ ឥណ្ឌូណេស៊ី បានបង្ហាញ​ការបារម្ភ និង​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ គ្រប់គ្រង​ស្ថានការណ៍​ឱ្យបាន ដើម្បី​ចៀសវាង​ការ​បង្ហូរឈាម​ដាក់គ្នា​។ បើតាម​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី សុខុមាលភាព និង​សន្តិសុខ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា ជា​អាទិភាព​។ 
 
​យ៉ាងណាមិញ ឥណ្ឌូណេស៊ី បាន​បដិសេធ​មិន​បញ្ចេញយោបល់​អ្វី​ឡើយ ថា​តើ​ត្រូវគោរព​លទ្ធផល​បោះឆ្នោត​ក្នុង​ខែវិច្ឆិកា ឬ​យ៉ាងណា​។ លើសពីនេះ ឥណ្ឌូណេស៊ី ក៏បាន​មិន​បដិសេធ​លើ​របាយការណ៍​ជំរុញឱ្យមាន​ការសម្របសម្រួល​រវាង​របប​សឹក​យោធា និង​ក្រុមបាតុករ​ផងដែរ​។​
 
​សូមបញ្ជាក់ថា កន្លងមក​សមាជិក​អាស៊ាន បានបង្ហាញ​ជំហរ​ខុសគ្នា ជុំវិញ​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា ខណៈ​អាមេរិក ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ចិន សហភាព​អឺរ៉ុប ជំរុញ​ឱ្យ​ក្រុម​ប្រទេសមួយ​នេះ​ជួយ​ដោះស្រាយ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​៕

Tag:
 ឥណ្ឌូណេស៊ី​
  មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com