ភ្នំពេញ៖ វិស័យព័ត៌មានក្នុងពិភពលោក រួមទាំងកម្ពុជាកំពុងដើរតួយ៉ាងសំខាន់សម្រាប់ផ្តល់ព័ត៌មានដល់ពលរដ្ឋ។ បច្ចុប្បន្ននៅកម្ពុជាមានស្ត្រីជាអ្នកសារព័ត៌មានជាច្រើនរូបដែលកំពុងតែបំពេញការងារផ្នែកសារព័ត៌មានយ៉ាងសកម្ម។
សារព័ត៌មាន ThmeyThmey សូមលើកយកស្ត្រីឆ្នើមក្នុងវិស័យព័ត៌មាននៃសា្ថប័នទូរទស្សន៍,វិទ្យុ និងសារព័ត៌មានអនឡាញចំនួន៥នាក់៖
១. កញ្ញា អ៊ុង ច័ន្ទសោភា ដែលបច្ចុប្បន្នជានាយិការងព័ត៌មានទូរទស្សន៍ CTN និងCNC បានចូលប្រឡូកក្នុងវិស័យសារព័ត៌មានអស់រយៈពេលជិត២០ឆ្នាំមកហើយ ពោលគឺក្រោយបញ្ចប់ថ្នាក់បិរញ្ញាបត្រផ្នែកអក្សរសាស្ត្របារាំង និងផ្នែកសារព័ត៌មាននៅសកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០០៤។
សម្រាប់ការងារដំបូង កញ្ញា បានចូលបម្រើការនៅកាសែតភាសាបារាំង Cambodge Soir និងវិទ្យុបារាំង RFI ខេមរភាសា រហូតដល់ឆ្នាំ២០០៩។ ជាឱកាសមាសក្នុងការពង្រីកចំណេះដឹងឲ្យកាន់តែជ្រៅជ្រះក្នុងអាជីពមួយនេះ ក្នុងឆ្នាំ២០១០ ស្ត្រីឆ្នើមក្នុងវិស័យព័ត៌មានរូបនេះ បានជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅសាលាកាសែតដ៏ល្បីល្បាញមួយឈ្មោះថា École supérieure de journalisme de Lille នៅប្រទេសបារាំង ។
ដោយការតាំងចិត្ត និងក្តីស្រលាញ់យ៉ាងមុតមាំក្នុងវិស័យព័ត៌មាននេះ ក្រោយបញ្ចប់ការសិក្សាក្នុងឆ្នាំ២០១២ភ្លាម កញ្ញា អ៊ុង ច័ន្ទសោភា បានត្រឡប់មកបំពេញការងារផ្នែកផលិតករព័ត៌មាន និងពិធីការិនី នៅស្ថានីយ៍ទូរទស្សន៍ CTN និង CNC។
![](https://image.thmeythmey.com/pictures/2021/03/06/thumb2/srey__1_.jpg)
លោកស្រី អ៊ុង ច័ន្ទសោភា នាយិការងព័ត៌មានទូរទស្សន៍ CTN និងCNC
ស្ថិតក្នុងវ័យ៣៨ឆ្នាំ កញ្ញា ច័ន្ទសោភា សង្កត់ធ្ងន់ថា ការហែលឆ្លងការលត់ដំ ការតស៊ូ និងការអភិវឌ្ឍខ្លួនឯង គឺជាមាគ៌ានាំឲ្យកញ្ញា ប្រែក្លាយខ្លួនជា នាយិការងព័ត៌មានទូរទស្សន៍ CNC នៅពេលបច្ចុប្បន្ននេះ។
ផលិតករកម្មវិធីវេនអ្នក ឬ YourTurn នៃទូរទស្សន៍ CTN រូបនេះ បានរៀបរាប់ប្រាប់អ្នកព័ត៌មានថ្មីៗតាមទូរសព្ទថា៖«ខ្ញុំខំប្រឹងធ្វើការ។ ខ្ញុំខំធ្វើការអត់ចង់ឲ្យចាញ់បុរសទេ។ ការអភិវឌ្ឍខ្លួនយើងពីអ្នកសារព័ត៌មានទៅផ្នែកផ្សេងៗទៀតដើម្បីឲ្យយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងវិស័យព័ត៌មាន»។
២.លោកស្រី ឱរ លក្ខិណា បច្ចុប្បន្នជាអគ្គនាយិការងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា(ទទក)។ មុននឹងអតីតពិធីការិនីកម្មវិធី«ខ្ញុំ និងអ្នក»រូបនេះ បានក្លាយជាអគ្គនាយិការងនៃស្ថានីយទូរទស្សន៍ទទក លោកស្រីបានចូលបម្រើការងារផ្នែកអានព័ត៌មាន ពិធីការនីទូរទស្សន៍នៅឆ្នាំ២០០៤។ រហូតដល់ឆ្នាំ២០១៦ លោកស្រីលក្ខិណា បានក្លាយជាប្រធានការិយាល័យក្នុងនាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស។
![](https://image.thmeythmey.com/pictures/2021/03/06/thumb2/srey__2_.jpg)
លោកស្រី ឱរ លក្ខិណា អគ្គនាយិការងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា(ទទក)
លោកស្រី ឱរ លក្ខិណា មានវ័យ៣៨ឆ្នាំបានលើកឡើងថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យវិស័យព័ត៌មានមានភាពរីកចម្រើន។ លោកស្រីលក្ខិណា មើលឃើញថាបច្ចុប្បន្នមានស្ត្រីដែលជាអ្នកសារព័ត៌មានជាច្រើនបានចូលរួមផ្តល់ព័ត៌មានដែលប្រកបដោយភាពរឹងមាំ ក្លាហ៊ាន តស៊ូ និងមានទំនួលខុសត្រូវខ្ពស់។
«បច្ចុប្បន្ន ស្ត្រីយើងចូលរួមច្រើនណាស់ក្នុងវិស័យព័ត៌មានហ្នឹង គាត់ស្រឡាញ់អាជីពហ្នឹង។ ពួកគាត់ធ្វើការងារមិនចាញ់នឹងបុរសនោះទេ គាត់មានការអត់ធ្មត់ ទទួលខុសត្រូវ គាត់ធ្វើការដោយអត់ខ្លាចលំបាក ដោយគាត់ត្រូវងើបពីព្រលឹមទៅធ្វើការ ឬងើបពីយប់ទៅខេត្ត។ ស្ត្រីយើងអាចធ្វើបានដូចជាបុរសធ្វើអ៊ីចឹង»។ នេះជាការលើកឡើងរបស់លោកស្រី លក្ខិណា។
៣.កញ្ញា ពៅ រក្សា ពិធីការីនីទូរទស្សន៍BTV បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចកសិកម្ម និងការអភិវឌ្ឍជនបទនៅឆ្នាំ២០១១។ ទន្ទឹមនឹងកញ្ញាជានិស្សិតឆ្នាំទី៣ កញ្ញា ពៅ រក្សា បានប្រឡូកចូលបម្រើការងារផ្នែកសារព័ត៌មាននៅទូរទស្សន៍BTV រហូតដល់បច្ចុប្បន្ន។
«ទោះបីជាយើងមិនបានរៀននៅផ្នែកព័ត៌មានក៏ដោយ ប៉ុន្តែយើងស្រឡាញ់វា យើងតាំងចិត្តថាធ្វើវាឲ្យបាន និងជម្នះធ្វើវាឲ្យបាន។ ខ្ញុំចង់នាំសារ និងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ។ អ៊ីចឹងបានខ្ញុំជម្នះធ្វើវាឲ្យបានតាមរយៈការស្វះស្វែងរៀន»។ នេះជាការលើកឡើងរបស់កញ្ញា រក្សា ការីនិពន្ធនៃទូរទស្សន៍BTV។
![](https://image.thmeythmey.com/pictures/2021/03/06/thumb2/srey__3_.jpg)
កញ្ញា ពៅ រក្សា ពិធីការិនីព័ត៌មាននៅស្ថានីយទូរទស្សន៍BTV
កញ្ញា ពៅ រក្សា ដែលបម្រើការផ្នែកសារព័ត៌មានអស់រយៈពេល១១ឆ្នាំ បានបញ្ជាក់ថា តាមរយៈការប្រឡូកចូលវិស័យព័ត៌មានបានធ្វើឲ្យកញ្ញាទទួលចំណេះដឹងផ្នែកគ្រប់វិស័យ។ កញ្ញា រក្សារៀបរាប់ដូច្នេះថា៖«ការងារផ្តល់ព័ត៌មាននេះ ធ្វើឲ្យខ្ញុំយល់ដឹងច្រើនមែនទែន គឺដឹងគ្រប់វិស័យ និងមានចំណេះដឹងទូលំទូលាយបន្ថែមទៀតតាមរយៈការងារនេះ»។
៤. កញ្ញា យ៉ាន លីណា បច្ចុប្បន្នជាអគ្គនាយិកាស្ថានីយវិទ្យុវាយោ។ ដើមឡើយកញ្ញា លីណា បានចូលបម្រើការងារផ្នែកពិធីការិនីវិទ្យុនៅស្ថានីយវិទ្យុមួយកន្លែងនៅខេត្តសៀមរាបក្នុងឆ្នាំ២០០៦។ រហូតដល់ឆ្នាំ២០០៩ កញ្ញា លីណា បានផ្លាស់មកបម្រើការងារក្នុងតួនាទីជាអគ្គនាយិការ និងជានិពន្ធនាយកវិទ្យុនៅវិទ្យុវាយោ។
![](https://image.thmeythmey.com/pictures/2021/03/06/thumb2/srey__4_.jpg)
កញ្ញា យ៉ាន លីណា អគ្គនាយិកាស្ថានីយវិទ្យុវាយោ
កញ្ញា លីណា ជាពិធីការិនីវិទ្យុដែលមានសមត្ថភាពបញ្ចេញសំឡេងពីរោះដែលអំណោយផលពីកំណើត បានបញ្ជាក់ថា បច្ចុប្បន្នអ្នកសារព័ត៌មានជាស្ត្រីត្រូវបានគេផ្តល់តម្លៃ និងលើកទឹកចិត្តជាងមុន។
ប្រធានស្ថានីយវិទ្យុវាយោវ័យ៣០ឆ្នាំរូបនេះបាននិយាយដូច្នេះថា៖«អ្នកសារព័ត៌មាន ភេទជានារីមិនមែនជារនាំងសម្រាប់ពួកគាត់ឡើយ។ មិនត្រឹមតែមិនមែនជារនាំង ពេលខ្លះភេទជានារី បែរជាជួយសម្រួលដល់ការបំពេញភារកិច្ចរបស់យើងថែមទៀត។ សំខាន់ស្ថិតនៅលើខ្លួន បើយើងជឿជាក់ និងស្រឡាញ់អាជីពនេះ យើងច្បាស់ជាអាចធ្វើបាន»។
៥.កញ្ញា អ៊ឹម រចនា ជានិពន្ធនាយករងនៃវិទ្យុបារាំងជាខេមរភាសា(RFI)។ កញ្ញា រចនា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅឆ្នាំ២០១៣។ ក្រោយរៀនចប់ភ្លាម កញ្ញាដែលមានរាងល្អិតរូបនេះបានចូលបំពេញការងារអ្នកសារព័ត៌មាននៅវិទ្យុបារាំងRFI។
![](https://image.thmeythmey.com/pictures/2021/03/06/thumb2/srey__5_.jpg)
កញ្ញា អ៊ឹម រចនា និពន្ធនាយករងនៃវិទ្យុបារាំងជាខេមរភាសា(RFI)
ធ្លាប់ជាអតីតសិស្សពូកែភាសាខ្មែរនៅទូទាំងប្រទេស កញ្ញា អ៊ឹម រចនា ស្ថិតក្នុងវ័យ២៨រូបនេះ បានមើលឃើញថា បច្ចុប្បន្នកម្ពុជាមានកំណើននៃស្ត្រីជាអ្នកសារព័ត៌មានកាន់តែច្រើនឡើង។ ប៉ុន្តែស្ត្រីមិនទាន់មានឱកាសក្លាយជាថ្នាក់ដឹកនាំក្នុងវិស័យព័ត៌មាននៅឡើយទេ។
«វាជាល្អដែលមានអ្នកកាសែតស្រីច្រើនជាងមុន ប៉ុន្តែច្រើនជាងមុន ក៏មិនច្រើនអីណាស់ណាដែរ។ អ្វីដែលខ្ញុំបារម្ភ ការចូលប្រឡូកក្នុងសារព័ត៌មានរបស់ស្ត្រីជារឿងល្អ ប៉ុន្តែបើជារឿងល្អជាងហ្នឹង យើងគួរតែងាកមកចាប់អារម្មណ៍ស្ត្រីអ្នកសារព័ត៌មានដែលគាត់មានតួនាទីក្នុងជួរថ្នាក់ដឹកនាំ។ ទៅថ្ងៃមុនខ្ញុំចង់ឃើញស្ត្រីអ្នកសារព័ត៌មានស្ថិតនៅក្នុងជួរថ្នាក់ដឹកនាំកាន់តែច្រើនដែលអាចធ្វើបាន»៕