អន្តរជាតិ
ឡាវ រកឃើញករណីឆ្លងប្រចាំថ្ងៃចំនួន ២៨នាក់ ដែលជាចំនួនច្រើនបំផុត
21, Apr 2021 , 2:05 pm        
រូបភាព
ឡាវ នៅថ្ងៃទី២១ ខែមេសា បានរាយការណ៍ករណីឆ្លងប្រចាំថ្ងៃចំនួន ២៨ករណី។ ករណីផ្ទុះដ៏ច្រើននេះ ត្រូវបានអាជ្ញាធរសុខាភិបាលឡាវជឿថា អាចមានចាប់តាំងពីពិធីអបអរចូលឆ្នាំថ្មីមក។
 
ក្រុមការងារជាតិទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងឡាវ នៅថ្ងៃទី២១ ខែមេសា បានប្រកាសថា ឡាវមានករណីឆ្លងចំនួន ២៨ករណី ដោយ ២៦ករណីមាននៅក្នុងទីក្រុងវៀងចន្ទន៍ និង ២ករណី មាននៅក្នុងខេត្តចំប៉ាសក្តិ។ ការរកឃើញនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរសុខាភិបាលឡាវ បានធ្វើតេស្តលើមនុស្សចំនួន ៦៥៦នាក់។ នេះគឺជាចំនួនឆ្លងដ៏ច្រើនបំផុតនៅឡាវ ចាប់តាំងពីផ្ទុះកូវីដ-១៩ នៅចុងឆ្នាំពី២០១៩ មក។ 
 
ករណីឆ្លងភាគច្រើន មានពាក់ព័ន្ធនិស្សិតស្រីវ័យ២៥ឆ្នាំម្នាក់ ដែលបានជួបជាមួយអ្នកឆ្លងព្រំដែនខុសច្បាប់ពីថៃ ក្នុងអំឡុងពេលចូលឆ្នាំថ្មី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។
 
ទាក់ទិននឹងបញ្ហាខាងលើ ឡាវបានបង្កើនកន្លែងធ្វើតេស្តកូវីដ-១៩ នៅក្នុងរដ្ឋធានីវៀងចន្ទន៍ និងតំបន់ ផ្សេងៗជាដើម។ 
 
តាមពិតទៅ កន្លែងកម្សាន្តដូចជាបារ តៀមស្រា និងក្លឹបកម្សាន្តជាដើម ត្រូវបានអាជ្ញាធរឡាវ ប្រកាសបិទបណ្តោះអាសន្ននៅទូទាំងប្រទេសតាំងពីថ្ងៃទី១៣ ខែមេសាមកម្លេះ។ យ៉ាងណាមិញ អ្នកផ្ទុកកូវីដ-១៩ មួយចំនួន សុទ្ធតែធ្លាប់ចូលកន្លែងកម្សាន្តទាំងនោះ មុនថ្ងៃទី១៣ ខែមេសា។ 
 
ដោយឡែកករណីពីរនៅខេត្តចំប៉ាសក្តិវិញ ជាជនជាតិឡាវដែលនៅកន្លែងធ្វើចត្តាឡីស័ក ក្រោយធ្វើដំណើរចូលប្រទេសវិញ។
 
សូមបញ្ជាក់ថា មកទល់ពេលនេះ ឡាវមានករណីឆ្លងសរុបចំនួន ៨៨ករណី និងមិនទាន់មានករណីស្លាប់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៤៩នាក់៕ 
 

Tag:
 ឡាវ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com