អន្តរជាតិ
ជប៉ុនថា ចិនទំនងនៅពីក្រោយការវាយប្រហារអ៊ីនធឺណិតលើក្រុមហ៊ុនចំនួន២០០
21, Apr 2021 , 7:29 pm        
រូបភាព
ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោកKatsunobu Kato។ រូបភាព៖ AFP
ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោកKatsunobu Kato។ រូបភាព៖ AFP
ប៉ូលិសជប៉ុន បានស៊ើបអង្កេតករណីវាយប្រហារតាមអ៊ីនធឺណិតលើក្រុមហ៊ុនចំនួនប្រមាណ២០០ បូករួមទាំងអង្គការស្រាវជ្រាវ និងទីភ្នាក់ងារអវកាសរបស់ជប៉ុនផងដែរ។ នេះបើតាមការអះអាងរបស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២០ ខែមេសា។ ដោយផ្អែកតាមការស៊ើបអង្កេត ជប៉ុន បានជឿថា ចិនទំនងជាអ្នកនៅពីក្រោយការវាយប្រហារអ៊ីនធឺណិតនេះ។
 
នាពេលកន្លងមក ក្រុមហ៊ុនជប៉ុនចំនួនប្រមាណ២០០ រួមទាំងអង្គការស្រាវជ្រាវ និងទីភ្នាក់ងារអវកាសជប៉ុនផងនោះ សុទ្ធតែរងការវាយប្រហារតាមអ៊ីនធឺណិត។  ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato បានអះអាងថា ប៉ូលិសជប៉ុន បានបញ្ជូនសំណុំរឿងនេះ ទៅរដ្ឋអាជ្ញាបន្តទៀតហើយ ដើម្បីស៊ើបអង្កេតបន្ថែម។ 
 
យ៉ាងណាមិញ ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតនេះ ត្រូវបានជប៉ុនចោទថា ចិនជាអ្នកនៅពីក្រោយខ្នង។ បើតាមលោក Kato ប៉ូលិសជប៉ុនជឿថា ការវាយប្រហារលើតាមអ៊ីនធឺណិតលើ ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) ចាប់ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៧ ត្រូវបានធ្វើឡើងដោយក្រុមចោរអ៊ីនធឺណិត «TICK»។ ក្រុមវាយប្រហារតាមអ៊ីនធឺណិត «TICK» គឺស្ថិតក្រោមការបញ្ជារបស់អង្គភាពមួយ ដែលស្ថិតនៅក្នុងកងទ័ពរំដោះប្រជាជនចិន (PLA) ។ 
 
«ការពាក់ព័ន្ធរបស់កងទ័ពរំដោះប្រជាជនចិន គឺមានលទ្ធភាពខ្ពស់»។ លោកប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា យ៉ាងណាមិញ ការវាយប្រហារខាងលើ មិនទាន់ត្រូវបានរកឃើញថា មានការបែកចេញព័ត៌មានសម្ងាត់ ឬការបំផ្លាញទិន្នន័យអ្វីឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
តាមការបកស្រាយរបស់ប៉ូលិសជប៉ុន ក្នុងករណីវាយប្រហារលើទីភ្នាក់ងារអវកាសជប៉ុន អ្នកជំនាញចិនខាងប្រព័ន្ធអ៊ីនធឺណិត ដែលមានវត្តមាននៅប្រទេសជប៉ុនមួយរូប ត្រូវបានចោទថា បានប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយ ដើម្បីវាយប្រហារ។ 
 
លើសពីនេះ ការវាយប្រហារប្រព័ន្ធអ៊ីនធឺណិតខាងលើ ក៏ត្រូវបានសង្ស័យមានពាក់ព័ន្ធនឹងជនជាតិចិនមួយរូបផ្សេងទៀតផងដែរ ដែលជនរូបនោះអាចមានទាក់ទិនជាមួយកងទ័ពរំដោះប្រជាជនចិន។ ជនជាតិចិនម្នាក់នេះ ជាសិស្សផ្លាស់ប្តូរការសិក្សានៅជប៉ុន។ មកទល់ពេលនេះ ជនជាតិចិនទាំងពីរនាក់ខាងលើ បានចាកចេញពីជប៉ុនហើយ។ 
 
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ចិន បានទាត់ចោលការចោទប្រកាន់របស់ជប៉ុន ដែលថាខ្លួនជាអ្នកនៅពីក្រោយខ្នងការវាយប្រហារតាមអ៊ីនធឺណិត។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអះអាងនៅថ្ងៃទី២០ ខែមេសា ថា ការវាយប្រហារតាមអ៊ីនធឺណិត គឺជារឿងទូទៅហើយ ពោលគឺប្រទេសទាំងអស់តែងតែជួបប្រទះ។ ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា ពាក្យលេចឡើងដោយគ្មានហេតុផលត្រឹមត្រូវ មិនគួរធ្វើឡើងឡើយ ហើយចិនជំទាស់បញ្ហានេះដាច់ខាត៕ 
 

Tag:
 ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com