កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖PSG នឹងត្រូវស្វាគមន៍ភ្ញៀវ Man City នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយ
28, Apr 2021 , 9:59 pm        
រូបភាព
ដោយ៖ជា យូគៀង

ក្រុមបាល់ទាត់បារាំង Paris Saint German ក៏នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Manchester City នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយ ហើយក៏ជាការប្រកួតគូរទីពីរសម្រាប់ព្រឹត្តិការណ៍ UEFA Champion League នៅម៉ោង២រំលងអាធ្រាតថ្ងៃទី២៩ ខែមេសា (ម៉ោងនៅកម្ពុជា)។


មុននឹងឈានជើងចូលមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះទាំងក្រុម Man City និង PSG សុទ្ធតែបានទម្លាក់ក្រុមខ្លាំងៗមកពីប្រទេសអាឡឺម៉ង់ដូចៗគ្នា។ ក្រុមមេឃខៀវ Man City ទម្លាក់ក្រុម Dortmund ក្នុងលទ្ធផលសរុបទាំងពីរជើង ៤-២ ចំណែក PSG ទម្លាក់ក្រុមម្ចាស់ជើងឯកចាស់ Bayern Munich ក្នុងលទ្ធផលទាំងសរុបទាំងពីរជើង ៣-៣ ដោយ PSG មានគ្រាប់ចំណេញក្រៅដី។
 
លោក Mauricio Pochettino ដែលជាអ្នកដឹកនាំក្រុម​ PSG  ក៏មានបំណងនាំក្រុមចូលទៅវគ្គផ្តាច់ព្រ័ត្រជាលើកទីពីរ ខណៈលោក Pep Guardiola ក៏ចង់សាងស្នាដៃចុងក្រោយរបស់លោក ដោយនាំក្រុមទៅវគ្គផ្តាច់ព្រ័ត្រ មុននឹងលោកត្រូវចប់កុងត្រាជាគ្រូបង្វឹករបស់ក្រុមមេឃខៀវ Man City នាបញ្ចប់រដូវកាលនេះដែរ។
 
ជុំវិញប្រវត្តិក្រុមទាំងពីរគឺធ្លាប់បានជួបគ្នា៣ដងរួចមកហើយគិតចាប់ពីឆ្នាំ២០០៨មក។ ក្រុមមេឃខៀវ Man City ហាក់មានប្រៀបទៅលើក្រុម PSG ដោយក្នុងចំណោមជំនួប៣ដងដែលធ្លាប់ជួបគ្នានោះ Manchester City ឈ្នះ១ និង ស្មើ២។ ការប្រកួតជើងទីពីរ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភានៅទឹកដី Manchester City វិញម្ដង។
 
គួរបញ្ជាក់ដែរថាទាំងក្រុមមេឃខៀវ Manchester City នឹង Paris Saint German សុទ្ធតែជាក្រុមមិនដែលឈ្នះពាន់រង្វាន់ UEFA Champion League ដូចគ្នាសូម្បីតែ១លើក។
 

© រក្សាសិទ្ធិដោយ thmeythmey.com