អន្តរជាតិ
ឥណ្ឌា បញ្ចេញលុយ៦,៧ពាន់លានដុល្លារដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
05, May 2021 , 7:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ធនាគារកណ្ដាលឥណ្ឌា នៅថ្ងៃទី៥ ខែឧសភា បានបញ្ចេញលុយចំនួន៦,៧ពាន់លានដុល្លារក្នុងទម្រង់ជាកម្ចីងាយស្រួលដល់ក្រុមហ៊ុនផលិតវ៉ាក់សាំង មន្ទីរពេទ្យ និងក្រុមហ៊ុនសុខាភិបាលនានាដើម្បីបង្កើនសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ឥណ្ឌា ជាប្រទេសរងគ្រោះខ្លាំងជាងគេទីពីរបន្ទាប់ពីអាមេរិក ជាមួយករណីឆ្លងរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ។
 
«ល្បឿនដ៏មហន្តរាយដែលវីរុសបានបង្កផលប៉ះនៅទូទាំងប្រទេស ត្រូវតែមានការឆ្លើយតបវិញដោយសកម្មភាពរហ័ស និងទូលំទូលាយ។» ទេសាភិបាលធនាគារកណ្ដាលឥណ្ឌា Shaktikanta Das និយាយបែបនេះនៅថ្ងៃទី៥ ខែឧសភា ពេលលោកប្រកាសវិធានការថ្មីរបស់ធនាគារកណ្ដាលដើម្បីចាក់បញ្ចូលលុយជួយភាគីពាក់ព័ន្ធក្នុងការទបល់ទល់ជំងឺកូវីដ-១៩ ដែលកំពុងរាលដាលខ្លាំងនៅប្រទេសអាស៊ីខាងត្បូងមួយនេះ។
 
នៅថ្ងៃទី៥ ខែឧសភា ឥណ្ឌា កត់ត្រាករណីឆ្លងប្រចាំថ្ងៃជាង៣៨ម៉ឺននាក់ទៀត ជាមួយចំនួនអ្នកស្លាប់ជាង៣៧០០នាក់នៅ២៤ម៉ោងចុងក្រោយ។ តួលេខឆ្លងនេះ ថយចុះបន្តិចធៀបនឹងប៉ុន្មានថ្ងៃមុនដែលករណីឆ្លងហក់ឡើងដល់៤០ម៉ឺននាក់ឯណោះ។
 
ក្នុងវិធានការថ្មី ធនាគារជាតិឥណ្ឌា នឹងបញ្ចេញកម្ចីងាយស្រួលដែលមានការប្រាក់ទាបសម្រាប់ឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំង ឬឱសថ ក្រុមហ៊ុនផលិតអុកស៊ីសែនយកទៅប្រើប្រាស់ សំដៅបង្កើនសមត្ថភាពទប់ទល់ជំងឺនេះ។ មន្ទីរពេទ្យ ឬអ្នកជំងឺក៏អាចខ្ចីលុយពីកញ្ចប់នេះដើម្បីដោះស្រាយបញ្ហាផងដែរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
 
បើតាមលោក Das ធនាគារកណ្ដាល ក៏ផ្ដល់ពេលបន្ថែមដល់អ្នកខ្ចីប្រាក់ទូទៅក្នុងការសងប្រាក់វិញផងដែរ ដើម្បីសម្រាលបន្ទុក និងជំរុញសកម្មភាពសេដ្ឋកិច្ច។ លោកបញ្ជាក់ថា គោលដៅបន្ទាន់ពេលនេះ គឺការពារជីវិតមនុស្ស និងស្ដារឡើងវិញជីវភាពរស់នៅរបស់ប្រជាជន។ 
 
ប្រព័ន្ធសុខាភិបាលឥណ្ឌាដែលខ្វះខាតតាំងពីដើមមកនោះ កំពុងទ្រទ្រង់អ្នកជំងឺរាប់លាននាក់ដែលកើនឡើងយ៉ាងគំហុកដោយសារជំងឺកូវីដ-១៩ ។ នៅតាមមន្ទីរពេទ្យនានា អ្នកជំងឺប្រឈមការខ្វះខាតគ្រែសម្រាក និងអុកស៊ីសែន។ កាន់តែសោកស្ដាយ អ្នកជំងឺខ្លះ ក៏មិនអាចទទួលបានការព្យាបាលពេញលេញទៅទៀត ព្រោះតែកើនឡើងខ្លាំងចំនួនអ្នកឆ្លង។ ជំនួយបន្ទាន់ពីបរទេស បានទៅដល់ឥណ្ឌាជាបន្តបន្ទាប់ដើម្បីដោះស្រាយបញ្ហាក្នុងគ្រានេះ។
 
គិតត្រឹមថ្ងៃទី៥ ខែឧសភា ឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង២០លាននាក់ និងអ្នកស្លាប់ជាង២២ម៉ឺននាក់។ ឥណ្ឌា ជាប្រទេសទីពីរបន្ទាប់ពីអាមេរិកដែលមានអ្នកឆ្លងលើស២០លាននាក់បែបនេះ៕  
 
 
 

Tag:
 ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com