អន្តរជាតិ
តុលាការហូឡង់ បញ្ជាឱ្យក្រុមហ៊ុនប្រេង Royal Dutch Shell កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន
28, May 2021 , 7:59 am        
រូបភាព
ដោយ ឈួ ស៊ាវយីងជាវ
 
នៅថ្ងៃទី២៦ ខែឧសភា តុលាការហូឡង់ចេញបញ្ជាឱ្យក្រុមហ៊ុនប្រេងឥន្ធនៈ Royal Dutch Shell កាត់បន្ថយការបំភាយឧស្ម័នកាបូនរបស់ខ្លួនចំនួន៤៥ភាគរយត្រឹមឆ្នាំ២០៣០ ធៀបនឹងកម្រិតនៅឆ្នាំ២០១៩។ សេចក្ដីសម្រេចដ៏សំខាន់នេះ នឹងក្លាយជាគំរូផ្នែកច្បាប់សម្រាប់ប្រទេសឯទៀតក្នុងការចាត់វិធានការប្រឆាំងក្រុមហ៊ុនថាមពលជុំវិញពិភពលោក។
 
បណ្ដឹងប្រឆាំងក្រុមហ៊ុនប្រេងដ៏ធំ Royal Dutch Shell ត្រូវបានផ្ដួចផ្ដើមដោយក្រុមសកម្មជនតស៊ូមតិលើបម្រែបម្រួលលអាកាសធាតុ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ។
 
ក្នុងសវនាការថ្ងៃទី២៦ ខែឧសភា តុលាការប្រចាំទីក្រុងឡាអេ បានបញ្ជាក់ក្នុងសាលក្រមរបស់ខ្លួនថា ក្រុមហ៊ុនថាមពលខ្នាតយក្សមួយនេះ ត្រូវតែមានកាតព្វកិច្ចកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលចំនួន៤៥ភាគរយនៅឆ្នាំ២០៣០។ បើតាមតុលាការ ផែនការកាត់បន្ថយឧស្ម័នបំពុលរបស់ក្រុមហ៊ុនបច្ចុប្បន្នពុំទាន់រឹងមាំនៅឡើយ។
 
ក្នុងសាលក្រមដដែល តុលាការហូឡង់ បញ្ជាក់ថា ក្រុមហ៊ុន Shell មិនទាន់បំពានកាតព្វកិច្ចរបស់ខ្លួនក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលរបស់ខ្លួនដូចការអះអាងរបស់ក្រុមការពារបរិស្ថានឡើយ ព្រោះក្រុមហ៊ុនមេ បានពង្រឹងគោលនយោបាយរបស់ខ្លួន។ ប៉ុន្តែតុលាការរកឃើញថា គោលនយោបាយរបស់ក្រុមហ៊ុន មិនទាន់ជាក់លាក់ មានចំណុចខ្វះខាត និងពឹងផ្អែកលើការអភិវឌ្ឍសង្គមជាជាងការទទួលខុសត្រូវរបស់ក្រុមហ៊ុនលើការកាត់បន្ថយឧស្ម័នកាបូន។
 
នាយកប្រតិបត្តិក្រុមហ៊ុន Shell លោក Ben Van Beurden បានច្រានចោលបរិមាណដែលកំណត់ដោយតុលាការ។ ក្រុមហ៊ុន ក៏នឹងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមរបស់តុលាការនេះដែរ។
 
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Shell បានដាក់ចេញនូវយុទ្ធសាស្រ្តអាកាសធាតុមួយដោយមានគោបំណងកាត់បន្ថយកាបូនពីការថាមពលយ៉ាងតិច៦ភាគរយនៅត្រឹមឆ្នាំ២០២៣, ២០ភាគរយនៅឆ្នាំ២០៣០ និង១០០ភាគរយនៅឆ្នាំ២០៥០។ ទោះជាយ៉ាងណាគោលនយោបាយនេះត្រូវបានគេមើលថាមិនទាន់មានភាពប្រសិទ្ធភាពនូវឡើយ។ 
 
អង្គការបរិស្ថាន និងសិទ្ធមនុស្សចំនួន៧ក្រុម ក៏ដូចជាប្រជាពលរដ្ឋហូឡង់ប្រមាណ១៧០០នាក់ បានដាក់ពាក្យបណ្តឹងទៅតុលាការនៅឆ្នាំ២០១៨ ដោយស្នើឱ្យតុលាបញ្ជាឱ្យក្រុមហ៊ុន Shell កាត់បន្ថយការបំភាយឧស្ម័នស្របតាមគោលដៅពិភពលោកដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនៃអាកាសធាតុទីក្រុងប៉ារីស៕
 
 

Tag:
 ហូឡង់
© រក្សាសិទ្ធិដោយ thmeythmey.com