COVID-19
ជាតិ
កម្ពុជា​រកឃើញវីរុស​បំប្លែងថ្មី Delta ៣៦ករណីទៀត​ដោយ​៨នាក់ជាបុគ្គលិកសុខាភិបាលនៅភ្នំពេញ ឧត្តរមានជ័យ និង​សៀមរាប
04, Aug 2021 , 10:19 am        
រូបភាព
ក្រសួងសុខាភិបាល បាន​ប្រកាសពី​ការរកឃើញវីរុសបំប្លែងថ្មី B.1.617.2 (Delta) ចំនួន​៣៦ករណី​នៅ​ថ្ងៃទី៣ ខែសីហា ដែលក្នុងនោះ បុគ្គលិកសុខាភិបាលមាន​៨នាក់ អ្នក​ភូមិ​ក្នុងសហគមន៍​២៨នាក់។


តាមរបាយការណ៍ ភ្នំពេញរកឃើញ​៥ករណី ដែលសុទ្ធតែជាបុគ្គលិក​សុខាភិបាល ឧត្តរមានជ័យ មាន​៩ករណី (៧នាក់ជាអ្នកភូមិ​នៅ​ក្រុងសំរោង និង​ស្រុកត្រពាំងប្រាសាទ និង​២នាក់ជាបុគ្គលិក​សុខាភិបាល) សៀមរាប​១៨ករណី (១នាក់ជាបុគ្គលិក​សុខាភិបាល និង​១៧នាក់ទៀតជាអ្នកភូមិ​នៅឃុំតាសោម ឃុំចារឈូក ស្រុកអង្គរជុំ, ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម, សង្កាត់ទឹកវិល, សាលាកំរើក, ស្វាយដង្គំ ក្រុងសៀមរាប) និង​កំពង់ធំ៤ករណី (២នាក់ ជាអ្នក​ប៉ះពាល់​ជាមួយ​កម្មករលើកជ័រនៅឧត្តរមានជ័យ និង​២នាក់ទៀត ជាអ្នក​ភូមិ​ត្បែង ស្រុកកំពង់ស្វាយ)។

គិត​ចាប់តាំងពី​ថ្ងៃទី​៣១​ខែមីនា ដល់​ថ្ងៃទី​៣ ខែសីហា កម្ពុជា​បាន​រកឃើញ​អ្នកមាន​វិជ្ជមាន​កូវីដ-១៩ ប្រភេទដែលតា (Delta) សរុប​២៦០នាក់ (ស្ត្រី​១២៥នាក់) ក្នុងចំណោម​ពលករមកពីថៃ អ្នក​ដំណើរតាមយន្តហោះ បុគ្គលិក​សុខាភិបាល និងអ្នកភូមិ​ក្នុងសហគមន៍។ នេះជាតួលេខ​ចុងក្រោយ ដោយក្រសួង​សុខាភិបាល បាន​កែប្រែតួលេខ​មួយចំនួន​ដែលបាន​ផ្សាយ​កន្លងមក ដោយសារកំហុសបច្ចេកទេស៕

© រក្សាសិទ្ធិដោយ thmeythmey.com