ជាតិ
ទោះបិទរមណីយដ្ឋាន តែផ្ទះស្នាក់ក្នុងខេត្តកំពត នៅតែមានទេសចរទៅសម្រាក
11, Aug 2021 , 7:59 pm        
រូបភាព
ដោយ:
ក្រសួងទេសចរណ៍បានប្រកាសឱ្យបិទរមណីយដ្ឋានទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៩កក្កដាដល់ ១២សីហា។ ដ្បិតរមណីយដ្ឋានត្រូវបានបិទប៉ុន្តែកន្លែងស្នាក់នៅក្នុងខេត្តកំពតនៅតែមានទេសចរសម្រាក។ បើតាមលោក សយ ស៊ីណុលប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ទេសចរភាគច្រើនសម្រាកកម្សាន្តនៅផ្ទះស្នាក់ផ្ទាល់តែម្ដង ព្រោះតាមរមណីយដ្ឋានមិនបើកទទួលភ្ញៀវ។


សេវាស្នាក់នៅ អាហារដ្ឋាន នៅខេត្តកំពតមួយចំនួនបើកដំណើរការធម្មតា ខណៈរមណីយដ្ឋានទាំងអស់ ត្រូវបានផ្អាកទទួលទេសចរជាបណ្ដោះអាសន្នដើម្បីទប់សា្កត់ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី។ ភ្ញៀវទេសចរ នៅតែអាចទៅសម្រាកលម្ហែនៅខេត្តកំពតបាន តាមកន្លែងស្នាក់នៅ ឬរីសតមួយចំនួន។ ភ្ញៀវទេសចរ អាចរៀបចំដំណើរកម្សាន្តជាលក្ខណៈឯកជនតាមកន្លែងខ្លួនស្នាក់នៅបាន។ 
 
បើតាមលោក សយ ស៊ីណុលចុងសប្តាហ៍កន្លងទៅនេះ កន្លែងស្នាក់នៅខ្លះក្នុងខេត្ត មានភ្ញៀវស្នាក់នៅពេញតែម្ដង។  មានទេសចរដើរកម្សាន្តខ្លះមែនតែអ្នកទេសចរទាំងនោះ មិនមានសកម្មភាពនៅទីតាំងទេសចរណ៍ដូចជាដូងទេរ ទឹកឈូនិងរមណីយដ្ឋានផ្សេងៗនោះទេ ព្រោះរមណីយដ្ឋានទាំងអស់ផ្អាកទទួលទេសចរ។ 


លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត 

លោកបានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរស័ព្ទថា៖«សេវាស្នាក់នៅ យើងមិនបានឱ្យពួកគាត់បិទទេ ដូច្នេះភ្ញៀវនៅតែមានទៅសម្រាក។កន្លែងស្នាក់នៅខ្លះពេញអស់ក៏មានដែរ ហើយអាហារដ្ឋានដែរ អនុវត្តវិធានសុវត្ថិភាពក៏អាចទទួលភ្ញៀវបានដែរ។ ភ្ញៀវគាត់ដើរលេងជាលក្ខណៈឯកជន ពួកគាត់មិនទៅទីប្រជុំជនទេ»។ 
 
ដ្បិតមន្ទីរទេសចរណ៍ខេត្តអនុញ្ញាតឱ្យកន្លែងសម្រាកលម្ហែបើកទទួលទេសចរ ប៉ុន្តែកន្លែងទាំងអស់នោះត្រូវអនុវត្តវិធានសុវត្ថិភាពវិធានសុខាភិបាល និងមិនត្រូវទទួលភ្ញៀវច្រើននោះទេ។
 
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២៩កក្កដា រដ្ឋបាលខេត្តកំពតបានចេញវិធានការទប់ស្កាក់ការរីករាលដាលជំងឺកូវីដ-១៩ ដោយសម្រេចឱ្យផ្អាក អាជីវកម្ម ដែលមានហានិភ័យឆ្លងផ្អាកការលក់គ្រឿងស្រវឹង និងដាក់ចេញនូវបម្រាមគោរចរពីចន្លោះម៉ោង ២១ រហូតដល់ម៉ោង៣ភ្លឺ៕
 
 

Tag:
 ThmeyThmey25
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com