ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សង្គមស៊ីវិល នាំគ្នាធ្វើយុទ្ធនាការទាមទារឲ្យដោះលែងយុវជនបរិស្ថាន
11, Aug 2021 , 10:29 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុក Cambodian Youth Network - CYN
រូបពីទំព័រហ្វេសប៊ុក Cambodian Youth Network - CYN
ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា នាំគ្នាបង្កើតយុទ្ធនាការទាមទារឲ្យដោះលែងសកម្មជនបរិស្ថាន និងសកម្មជនធ្វើការផ្នែកសិទ្ធិមនុស្ស ដែលភាគច្រើនជាយុជនយុវតីក្មេងៗ។ យុទ្ធនាការនេះ នឹងធ្វើរហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៣។


ទំព័រ និងគណនីហ្វេសប៊ុកនៃបណ្តាអង្គការសង្គមស៊ីវិល បានបង្ហោះរូបសកម្មជន ដែលកំពុងជាប់ឃុំ ជាមួយនឹងសារសុំឲ្យដោះលែងពួកគេវិញ។ រូបរបស់សកម្មជន ដែលត្រូវបង្ហោះតាមបណ្តាញសង្គម រួមមាន យុវតី ឡុង គន្ធា យុវតី ភួន កែវរស្មី យុវតី ស៊ុន រដ្ឋា យុវជន ថុន រដ្ឋា យុវជន លី ចាន់ដារ៉ាវុទ្ធ និង យុវជន យីម លាងហ៊ី ជាដើម។ នៅមានយុវជនយុវតីផ្សេងទៀត ដែលធ្វើការផ្នែកបរិស្ថាន និងសិទ្ធិមនុស្ស ក៏កំពុងជាប់ឃុំដែរ។
 
តាមរយៈអត្ថបទស្តីពីយុទ្ធនាការទាមទារឲ្យដោះលែងសកម្មជនក្មេងៗទាំងនោះ ដែលបង្ហោះលើគេហទំព័ររបស់ខ្លួន អង្គការលីកាដូ បានសរសេរថា៖«អ្នកទាំងនោះ តែងឈរជួរមុខក្នុងការបង្ហាញ និងតវ៉ាទៅនឹងការបំផ្លាញធនធានធម្មជាតិ។ ជាលទ្ធផល អ្នកទាំងនោះ បែរជារងនូវការរំលោភបំពាន ការបំភិតបំភ័យ និង ការផ្តន្ទាទោសពន្ធនាគារទៅវិញ»។
 
អង្គការលីកាដូ អំពាវនាវឲ្យសាធារណជន ជួយចែករំលែករូបភាពរបស់សកម្មជនក្មេងៗទាំងនោះ និងសារដែលទាមទារឲ្យដោះលែងពួកគេ។ អង្គការលីកាដូ ថែមទាំងអំពាវនាវឲ្យសាធារណជនជួយគាំទ្រសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។  
 
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មើលឃើញថា ការធ្វើយុទ្ធនាការ និងការទាមទារនេះ គឺជាទម្លាប់របស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចនៅកម្ពុជា។ លោក បន្តថា ឲ្យតែរដ្ឋាភិបាល និងតុលាការ ចាត់វិធានការផ្លូវច្បាប់លើសកម្មជនណា ដែលល្មើសច្បាប់ ក្រុមអង្គការសង្គមស៊ីវិល តែងចេញទាមទារឲ្យដោះលែង ដោយពុំបានសិក្សាឲ្យបានច្បាស់ពីអង្គហេតុ និងអង្គច្បាប់។
 
លោក រិះគន់ត្រឡប់ទៅវិញថា ការធ្វើយុទ្ធនាការនេះ គឺស្ថិតក្នុងរបៀបវារៈនយោបាយ ច្រើនជាងការការពារសិទ្ធិសេរីភាព។ លោក ផ្តល់យោបល់ថា បើចង់ជួយសកម្មជនទាំងនោះ ក្រុមអង្គការសង្គមស៊ីវិល គួរតែស្វែងរកភស្តុតាង និងសក្ខីកម្មឲ្យបានរឹងមាំ ហើយចូលរួមក្នុងនីតិវិធីរបស់តុលាការ ដោយពុំមែនត្រូវនាំគ្នាធ្វើយុទ្ធនាការប្រឆាំងនឹងតុលាការឡើយ។ លោក ហៅយុទ្ធនាការនេះថា ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់។
 
មន្រ្តីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌រូបនេះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ថា៖«ទង្វើបែបនេះ ក្នុងសង្គមប្រជាធិបតេយ្យ គេ មិនដែលធ្វើទេ។ វា ជាទង្វើដែលមិនលើកតម្កើងនីតិរដ្ឋ និងសិទ្ធិមនុស្ស ក៏ដូចជាការគោរពច្បាប់»។
 
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រាប់សារព័ត៌មានថ្មីៗថា យុទ្ធនាការទាមទារឲ្យដោះលែងសកម្មជនទាំងនោះ អាចនឹងនៅតែបន្តទៀត នៅក្រោយទិវាសិទ្ធិមនុស្សអន្តរជាតិ។ លោក លើកឡើងថា ក្រុមអង្គការសង្គមស៊ីវិល អាចត្រឹមតែតស៊ូមតិទាមទារឲ្យដោះលែងសកម្មជនទាំងនោះ តាមអនឡាញប៉ុណ្ណោះ ដោយមិនអាចជួបជុំគ្នាផ្ទាល់ឡើយ ដោយសារតែជំងឺកូវីដ-១៩។
 
មន្រ្តីសង្គមស៊ីវិលរូបនេះ អះអាងថា ការធ្វើយុទ្ធនាការតាមអនឡាញ ឬតាមបណ្តាញសង្គមផ្សេងៗ ដើម្បីទាមទារឲ្យដោះលែងសកម្មជនទាំងនោះ គឺផ្អែកទៅលើច្បាប់ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជា។ លោក មានប្រសាសន៍ថា៖«គេ យល់ថា ពួកគាត់ គ្រាន់តែបំពេញការងារការពារបិរស្ថាន និងធនធានធម្មជាតិប៉ុណ្ណោះ»។ 
 
ការធ្វើយុទ្ធនាការរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា ស្របពេលដែលក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បង្ហាញក្តីកង្វល់របស់ពួកគេនាពេលថ្មីៗនេះ អំពីការចាប់និងការបន្តឃុំសកម្មជនបរិស្ថាន។ កង្វល់របស់ពួកគេ បានបង្ហាញឡើងតាមរយៈលិខិត ដែលសរសេររួមគ្នា ជូនទៅរដ្ឋាភិបាលកម្ពុជា។ ក្នុងលិខិតនោះ ពួកគេ បង្ហាញបំណងចង់ឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនទាំងនោះវិញ។ 
 
សំណើ ឬអ្វីដែលក្រុមសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចង់បាន ទំនងជាមិនខុសពីលើកមុនៗឡើយ ពោលគឺ មិនអាចកើតឡើងនោះទេ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលថ្ងៃទី៩ ខែសីហា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ឆ្លើយតបនឹងពួកគេថា ការដោះលែងអ្នកទោសណាម្នាក់ លុះត្រាតែអ្នកទោសនោះ អនុវត្តទោសចប់ តាមការកំណត់របស់តុលាការ (មិនរាប់បញ្ចូលពីការលើកលែងទោសដោយព្រះមហាក្សត្រ)។ 
 
អ្នកជំនាញសិទ្ធិមនុស្ស ដែលសរសេរលិខិតជូនរដ្ឋាភិបាលកម្ពុជា មាន៥រូប គឺលោក វិទិត មុនតាបន អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី Mary Lawlor អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពនៃអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី Irene Khan អ្នករាយការណ៍ពិសេស ស្តីពីការលើកស្ទួយនិងការពារសិទ្ធិសេរីភាព នៃការបញ្ចេញមតិ អ្នកស្រី Miriam Estrada-Castillo អនុប្រធានក្រុមការងារទទួលបន្ទុកករណីឃុំខ្លួនដោយបំពាន និងលោក Clément Nyaletsossi Voulé អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជួបជុំដោយសន្តិវិធី។
 
ចាប់តាំងពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០មក យុវជនយុវតីផ្នែកបរិស្ថាននិងសិទ្ធិមនុស្ស ត្រូវចាប់ខ្លួនជាបន្តបន្ទាប់។ ក្នុងចំណោមពួកគេ អ្នកខ្លះ ត្រូវចាប់ខ្លួន ដោយសារចូលរួមតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន ហើយអ្នកខ្លះទៀត ត្រូវចាប់ខ្លួនដោយសារការបំពេញការងាររបស់ពួកគេ។ ភាគច្រើនបំផុតក្នុងចំណោមពួកគេ ត្រូវបានចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។ 
 
ដោយឡែកយុវជនយុវតីទាំង៦នាក់ គឺ យុវតី ឡុង គន្ធា យុវតី ភួន កែវរស្មី យុវតី ស៊ុន រដ្ឋា យុវជន ថុន រដ្ឋា យុវជន លី ចាន់ដារ៉ាវុទ្ធ និង យុវជន យីម លាងហ៊ី ដែលត្រូវក្រុមអង្គការសង្គមស៊ីវិល បង្ហោះរូបលើបណ្តាញសង្គម មិនត្រឹមតែជាប់ចោទពីបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គមនោះទេ តែក៏ត្រូវចោទពីបទរួមគំនិតក្បត់ (ជាតិ) ផងដែរ៕ 
 

Tag:
 NGO
  សកម្មជនបរិស្ថាន
  យុទ្ធនាការឲ្យដោះលែង
© រក្សាសិទ្ធិដោយ thmeythmey.com