ជាតិ
សង្គមជាតិ
ទន្លេមេគង្គស្ថិតនៅក្នុងភាពរុងរឿង ឬប្រឈមនឹងវិនាសកម្ម?
14, Aug 2021 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ដែលមានប្រវែងជាង៤០០០គីឡូម៉ែត្រ នឹងមានលំហូរតាំងពីប្រទេសចិន មកដល់ប្រទេសវៀតណាម ទន្លេមេគង្គគឺជាខ្សែទឹកដ៏សំខាន់មួយ នៅក្នុងឧបទ្វីបអាស៊ីអាគ្នេយ៍។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្លេមេគង្គ ក៏ត្រូវបានគំរាមកំហែងដោយសកម្មភាពរបស់មនុស្ស នឹងការប្រែប្រួលអាកាសធាតុ។ លោក Zeb Hogan (ហ្សេប ហូហ្គេន) ដែលជាអ្នកជីវវីទូខាងត្រី នៅឯសាកលវិទ្យាល័យនៃរដ្ឋ Nevada (នេវ៉ាដា) មួយរូបបានផ្តល់សម្ភាសន៍ដល់សារព័ត៌មានថ្មីៗ ជុំវិញប្រធានបទដែលនិយាយអំពីអច្ឆរិយភាពនៃទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។
 
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញអានបទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មាននៃសារព័ត៌មានthmeythmey.com និងលោក Zeh Hogan ដែលបានធ្វើឡើងនៅខែកក្កដាឆ្នាំ២០១៧ ដូចតទៅ៖
 
 
គី សុខលីម៖ លោក Zeb Hogan ជាពិធីករម្នាក់នៃកម្មវិធីមួយដែលមានឈ្មោះថា Monster Fish (ត្រីបិសាច) របស់ទូរទស្សន៍ National Geographic នៃសហរដ្ឋអាមេរិក។ ក៏ដូចគ្នាដែរនោះ លោកគឺជាអ្នកកាន់គម្រោង «អច្ឆរិយភាពនៃទន្លេមេគង្គ» ក្នុងប្រទេសកម្ពុជាផងដែរ។ ខ្ញុំចង់សួរទៅកាន់លោកថា តើហេតុអ្វីបានជាលោកចាប់ផ្ដើមកម្មវិធីនេះឡើង? មួយវិញទៀត តើអច្ឆរិយភាពអ្វីខ្លះ ដែលមាននៅក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជា? 


 
Zeb Hogan៖ និយាយទៅ ខ្ញុំបានចាប់ផ្ដើមធ្វើការជាមួយទូរទស្សន៍ National Geographic ប្រមាណជាតាំងពី១៥ឆ្នាំមុន។ នៅពេលដែលខ្ញុំចាប់ផ្ដើមកម្មវិធីនេះ ខ្ញុំបានធ្វើវានៅឯទន្លេមេគង្គនៃប្រទេសកម្ពុជា។ ក្រៅពីនេះទៀត ពួកខ្ញុំក៏បានធ្វើដំណើរទៅផ្នែកផ្សេងៗ នៃពិភពលោក ដើម្បីចាប់យករូបភាព និងព័ត៌មានអំពីត្រីធំៗអស្ចារ្យផងដែរ។ ពួកខ្ញុំបានធ្វើដំណើរមកប្រទេសកម្ពុជា ប្រមាណជា ២ទៅ ៣ដង សម្រាប់ការថតកម្មវិធីទូរទស្សន៍ខាងលើនេះ។ ដោយសារតែខ្ញុំជាជីវវិទូខាងត្រី ខ្ញុំបានធ្វើការងារជាមួយនឹងទូរទស្សន៍ National Geographic និងសាកលវិទ្យាល័យនៃរដ្ឋ Nevada របស់ខ្ញុំ។ ខ្ញុំបានរៀនយ៉ាងច្រើន អំពីទន្លេមេគង្គ។ រឿងពិសេសរបស់វានោះគឺ ភាពសម្បូរបែបនៃពពួកត្រី ដែលរស់នៅក្នុងទន្លេនេះ។ កម្មវិធី«អច្ឆរិយភាពនៃទន្លេមេគង្គ»គឺជាកម្មវិធីថ្មីមួយ ដែលចាប់ផ្ដើមនៅក្នុងឆ្នាំ២០១៧។ កម្មវិធីមួយនេះផ្ដោតទៅលើភាពសំខាន់ៗនៃទន្លេមេគង្គ ជាពិសេសនៅក្នុងព្រំដែននៃប្រទេសកម្ពុជា។ រឿងពិសេសៗទាំងនេះ មានដូចជាប្រភេទត្រីប្រមាណជា ១.០០០ប្រភេទផ្សេងៗគ្នា និងវិស័យជលផលដែលមាននៅក្នុងទន្លេមេគង្គ។ បរិមាណត្រីរាប់រយពាន់តោន ត្រូវបានគេនេសាទជារៀងរាល់ឆ្នាំ សម្រាប់ជាអាហាររបស់ប្រជាជន។ ត្រីគឺជាប្រភពអាហារដែលសំខាន់ សម្រាប់ប្រទេសមួយនេះ។ អរិយធម៌ និងវប្បធម៌ នៃអាណាចក្រអង្គរ ក៏ធ្លាប់មានការពឹងពាក់ខ្ពស់ ទៅកាន់បរិមាណត្រីដែលមាននៅជុំវិញទន្លេមេគង្គ និងបឹងនានាដែរ។ ខ្ញុំបានមកធ្វើការនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០០០មកម្ល៉េះ។ និយាយទៅ វាក្បែរ២០ឆ្នាំហើយ។ សម្រាប់កម្មវិធីទូរទស្សន៍ ពួកខ្ញុំ បានធ្វើវា៣លើករួចមកហើយដែរ។ មួយក្នុងចំណោមកម្មវិធីទាំង៣នោះ គឺការនិយាយអំពីសត្វបបែលយក្ស។ 
 
គី សុខលីម៖ ដោយនិយាយបកមកកាន់កម្មវិធីរបស់លោកវិញ តើលោកគិតថាត្រីគឺជារឿងអច្ឆរិយ តែមួយគត់នៃទន្លេមេគង្គ? តើលោកគិតថា វាមានរឿងអ្វីផ្សេងៗទៀតដែរឬទេ ដែលអាចចាត់ទុកថា ជាអច្ឆរិយនៃទន្លេមេគង្គដែរនោះ? 


 
Zeb Hogan៖ និយាយទៅទន្លេមេគង្គមានអច្ឆរិយភាពច្រើនណាស់។ វាគឺជាតំបន់ធម្មជាតិមួយដែលពោរពេញទៅដោយសត្វផ្សេងៗគ្នា។ ទន្លេមេគង្គ គឺជាប្រព័ន្ធធម្មជាតិមួយ ដែលមានភាពសម្បូរបែបខ្លាំងណាស់។ ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនទៀត ដែលទទួលបានត្រីច្រើនជាងគេ នៅក្នុងពិភពលោក។ ទន្លេមេគង្គ ក៏ស្ថិតនៅក្នុងចំណោមទន្លេ ដែលមានត្រីច្រើនជាងគេផងដែរ។ ជាមធ្យម ប្រជាជននៃប្រទេសកម្ពុជាពិសាត្រី ប្រមាណពីចន្លោះ៣០គីឡូក្រាម ទៅ៦០គីឡូក្រាម ក្នុងមួយឆ្នាំ។ នេះគឺជាចំនួនដ៏ធំមួយ បើយើងប្រៀបធៀបទៅកាន់ប្រទេសផ្សេងៗ។ 
 
គី សុខលីម៖ សម្រាប់សហរដ្ឋអាមេរិក ដែលជាប្រទេសរបស់លោក តើប្រជាជននៅទីនោះពិសាត្រីប៉ុន្មានគីឡូក្រាម ក្នុងមួយឆ្នាំដែរជាមធ្យម? 
 
Zeb Hogan៖ ខ្ញុំមិនបានចាំច្បាស់ទេ។ ប៉ុន្តែខ្ញុំគិតថា វាអាចមានចន្លោះពី៥គីឡូក្រាម ទៅ១០គីឡូក្រាម។
 
គី សុខលីម៖ ជាមួយនឹងជលផលត្រីដ៏ច្រើននៅក្នុងប្រទេសកម្ពុជា ផ្ទះបាយរបស់ជនជាតិខ្មែរ ដែលមិនមានប្រហុក គឺជារឿងមួយដែលខ្ញុំកម្រក្នុងការឃើញដែរ។ លើសពីនេះទៀត ជនជាតិខ្មែរ ប្រើប្រាស់ប្រហុក សឹងតែនៅក្នុងគ្រប់អាហារប្រចាំថ្ងៃទាំងអស់។ សម្រាប់លោក តើលោកចូលចិត្តពិសាប្រហុកដែរឬទេ? 
 
Zeb Hogan៖ ខ្ញុំមិនចូលចិត្តបរិភោគប្រហុកនោះទេ។ វាមានក្លិនមិនល្អប៉ុន្មានទេ។ ប៉ុន្តែខ្ញុំបានធ្វើការជាច្រើនលើក ជាមួយនឹងអ្នកនេសាទ។ នៅពេលដែលខ្ញុំធ្វើដំណើរនៅតាមដងទន្លេ ខ្ញុំបានឃើញអ្នកនេសាទ ធ្វើប្រហុកទៅតាមរបៀបបុរាណរបស់ពួកគេ។ អ្នកនេសាទទាំងនោះ កាត់ក្បាលត្រីចោល ដុសស្រកាចោល និងជាន់ត្រីដើម្បីលាងសម្អាតវា។ បន្ទាប់មកគេដាក់ត្រីទាំងនោះចូលទៅក្នុងពាង រួចដាក់អំបិល និងទុកត្រីនោះចោលដើម្បីឲ្យវាក្លាយទៅជាប្រហុកត្រី។ ខ្ញុំពិតជាចូលចិត្ត មើលអ្នកនេសាទទាំងនោះធ្វើប្រហុក ប៉ុន្តែខ្ញុំមិនសូវជាចូលចិត្តហូបប្រហុកប៉ុន្មាននោះទេ។ 
 
គី សុខលីម៖ សម្រាប់ប្រជាជនកម្ពុជា ទន្លេមេគង្គ គឺជាទន្លេមួយដែលសំខាន់ខ្លាំងណាស់។ ប៉ុន្តែសម្រាប់បឹងទន្លេសាប ដែលជាបឹងមួយធំជាងគេនៅក្នុងតំបន់ ក៏មានលក្ខណៈសំខាន់ខ្លាំងណាស់ដែរ សម្រាប់ប្រជាជនខ្មែរ។ ខ្ញុំនៅតែមានចម្ងល់ថា តើរវាងបឹងទន្លេសាប និងទន្លេមេគង្គ តើផ្ទៃទឹកទាំងពីរនេះមួយណា មានចំនួនត្រីច្រើនជាង? 


 រូបថត Zeb HoganWonders of the Mekong 

Zeb Hogan៖ ត្រីរាប់រយពាន់តោន ត្រូវបានគេនេសាទនៅក្នុងបឹងទន្លេសាប ជារៀងរាល់ឆ្នាំ។ ចំនួនត្រីដែលគេចាប់បាននៅក្នុងទន្លេមេគង្គ ក៏មានចំនួនប្រហាក់ប្រហែលគ្នានេះដែរ។ ចំណុចមួយដែលសំខាន់សម្រាប់ខ្ញុំ ក្នុងការពន្យល់នោះគឺទន្លេមេគង្គ និងបឹងទន្លេសាបមិនមែនជាប្រព័ន្ធ២ ដែលដាច់ពីគ្នានោះទេ។ និយាយទៅ តំបន់ទាំងពីរនេះ គឺស្ថិតនៅក្នុងប្រព័ន្ធតែមួយប៉ុណ្ណោះ។ អ្នកអាចឃើញថា នារដូវវស្សា ទឹកហូរចុះមកតាមទន្លេមេគង្គ រួចហូរឡើងទៅកាន់ទន្លេសាបវិញ នៅចំពីមុខទីក្រុងភ្នំពេញ។ ទឹកដែលហូរចាក់ចូលទន្លេសាបនោះ នឹងបន្តហូរទៅដល់បឹងទន្លេសាប។ ហេតុដូចនេះ អ្នកអាចឃើញបានថា វាគឺជាប្រព័ន្ធតែមួយ ដែលមានលក្ខណៈផ្សារភ្ជាប់គ្នា។ បើអ្នកកាត់ផ្ដាច់ប្រព័ន្ធនេះ វិស័យជលផល នឹងដួលទាំងស្រុង។ បើនិយាយអំពីទេសភាពវិញ ទន្លេសាប ក៏មានលក្ខណៈពិសេសផងដែរ។ ទន្លេនេះ អាចផ្លាស់ប្ដូរទិសដៅរបស់ខ្លួនបាន។ នារដូវប្រាំង ទន្លេសាបហូរចាក់ចូលទៅក្នុងទន្លេមេគង្គ។ នារដូវវស្សា ទន្លេមេគង្គហូរចាក់ចូលទៅក្នុងទន្លេសាបវិញ។ នេះមិនមែនជារឿងសាមញ្ញនោះទេ។ ទន្លេដែលមានលក្ខណៈបែបនេះ មិនមានច្រើនឡើយនៅក្នុងពិភពលោក។ តំបន់មួយចំនួននៃទន្លេមេគង្គ មានជម្រៅរហូតទៅដល់៨០ម៉ែត្រ។ កន្លែងជ្រៅទាំងនោះ ភាគច្រើនមាននៅក្បែរព្រំដែនប្រទេសឡាវ និងប្រទេសកម្ពុជា។ តំបន់មួយចំនួនទៀតក៏ជាកន្លែងស្នាក់នៅនៃផ្សោតទឹកសាប ដូចជានៅក្នុងខេត្តក្រចេះជាដើម។ 
 
គី សុខលីម៖ បើយើងនិយាយនៅក្នុងប្រទេសកម្ពុជា តើលោកចូលចិត្តត្រីអ្វីជាងគេ? 
 
Zeb Hogan៖ ទន្លេមេគង្គមានត្រីធំៗ ច្រើនជាងទន្លេដទៃទៀត នៅក្នុងពិភពលោក។ ត្រីមួយចំនួននៅក្នុងទន្លេមេគង្គ អាចមានប្រវែងទៅដល់៣ម៉ែត្រ និងទម្ងន់ទៅដល់៣០០គីឡូក្រាម។ ក្នុងនោះ សត្វបបែលមួយចំនួន ក៏អាចមានទំហំរហូតដល់៥ម៉ែត្រផងដែរ។ ត្រីគល់រាំង ដែលជាត្រីតំណាងឲ្យប្រទេសកម្ពុជា ជាមួយនឹងក្បាលដ៏ធំ បបូរមាត់ និងស្រកាដ៏ធំបស់ពួកវានោះ អាចមានទម្ងន់រហូតទៅដល់ ២៥០គីឡូក្រាម។ នេះគឺជាត្រីមួយចំនួន ដែលខ្ញុំចូលចិត្ត។ 
 
គី សុខលីម៖ បើនិយាយអំពីត្រីធំៗប៉ុន្មានខាងលើ ដែលលោកបានរៀបរាប់នេះ តើពួកវាមានចំនួនច្រើនទៀតទេ នៅក្នុងទន្លេនៃប្រទេសកម្ពុជា? 
 
Zeb Hogan៖ ត្រីធំៗមួយចំនួនទាំងនោះ ជិតអស់ហើយ។ គោលបំណងនៃកម្មវិធីនេះ គឺជួយការពារចំនួនត្រី ដែលមាននៅក្នុងទន្លេ និងជួយប្រជាជននានា ដែលពឹងផ្អែកទៅលើត្រីទាំងនោះសម្រាប់ជីវភាព។ ជាឧទាហរណ៍ តំបន់ព្រែកទាល់នៃបឹងទន្លេសាប បានក្លាយទៅជាតំបន់ការពារ ជាមួយនឹងទេសភាពព្រៃលិចទឹកដ៏ស្រស់ស្អាត និងជាជម្រកមួយដ៏សំខាន់ សម្រាប់ត្រីធំៗទាំងនោះរស់នៅ។ នៅក្នុងខេត្តក្រចេះ ក៏មានតំបន់ការពារសម្រាប់ការរស់នៅរបស់ផ្សោតទឹកសាប និងត្រីផ្សេងៗដទៃទៀតផងដែរ។ យើងត្រូវតែទុកកន្លែងមួយចំនួននៅក្នុងទន្លេមេគង្គ ឲ្យមានសុខភាពល្អដើម្បីឱ្យត្រីធំៗ និងសត្វដទៃទៀត អាចរស់រានមានជីវិតបាន។ កម្មវិធីមួយនេះ ត្រូវបានគាំទ្រដោយ អង្គការ USAID សហការជាមួយសាកលវិទ្យាល័យនៃរដ្ឋ Nevada រួមជាមួយនឹងរដ្ឋបាលជលផល។ តាមរយៈកម្មវិធីនេះ ពួកខ្ញុំនឹងព្យាយាមបង្កើតកម្មវិធីស្រាវជ្រាវ កម្មវិធីអប់រំ និងកម្មវិធីផ្សេងៗទៀត ក្នុងគោលបំណងដើម្បីការពារទន្លេមេគង្គ។ 
 
គី សុខលីម៖ លោកបានរៀបរាប់ អំពីភាពស្រស់ស្អាតនៃទន្លេមេគង្គ និងបឹងទន្លេសាប។ ប៉ុន្តែមតិដទៃទៀតក៏បាននិយាយដែរថា ទន្លេមេគង្គ និងបឹងទន្លេសាប កំពុងតែប្រឈមជាមួយនឹងបញ្ហា។ តើលោកគិតយ៉ាងម៉េចដែរ ជាមួយនឹងមតិមួយនេះ? 
 
Zeb Hogan៖ ទន្លេមេគង្គ និងបឹងទន្លេសាប កំពុងតែស្ថិតនៅក្នុងភាពប្រឈម និងភាពស្រស់ស្អាតក្នុងពេលតែមួយ។ នៅពេលដែលអ្នកធ្វើដំណើរទៅកាន់ព្រៃលិចទឹក តាមរយៈទូក អ្នកអាចឃើញដើមឈើនានាដុះខ្ពស់ ចេញពីកម្ពស់ទឹកទន្លេ។ អ្នកអាចឃើញសត្វបក្សីធំៗ ហោះទៅហោះមកគួរឲ្យគយគន។ វាគឺជាកន្លែងមួយដែលស្រស់ស្អាតខ្លាំងណាស់។ ប៉ុន្តែនារដូវប្រាំងវិញ តំបន់ជាច្រើនត្រូវបានលេបត្របាក់ដោយភ្លើងឆេះព្រៃ ហើយផ្នែកជាច្រើននៃព្រៃទាំងនោះ ត្រូវបានបំផ្លាញ។ ពួកខ្ញុំក៏បានធ្វើការជាមួយនឹងរាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា ក្នុងការបង្កើតយុទ្ធសាស្ត្រ ដើម្បីការពារភាពស្រស់ស្អាតនៃទន្លេមេគង្គ និងបឹងទន្លេសាបដែរ។ ខ្ញុំគិតថាទន្លេមេគង្គ គឺជាទន្លេដែលសំខាន់បំផុត នៅក្នុងពិភពលោកពីព្រោះមនុស្សជាច្រើន ពឹងផ្អែកទៅលើទន្លេមួយនេះ សម្រាប់ការរស់រៀនមានជីវិត។ ក្នុងពេលដូចគ្នាដែរ ទន្លេមេគង្គបាន និងកំពុងតែជួបបញ្ហាប្រឈមជាច្រើន។ យើងត្រូវធ្វើការឲ្យបានច្រើន ក្នុងការការពារប្រភេទផ្សេងៗនៃត្រី និងសត្វដទៃទៀត ដែលពឹងផ្អែកទៅលើប្រព័ន្ធបរិស្ថានធម្មជាតិមួយនេះ។ ក្នុងនោះយើងអាចលើកឡើងអំពីអាណាចក្រអង្គរ ដែលបានពឹងផ្អែកទៅលើទន្លេមេគង្គ តាំងពីរយៈពេលប្រមាណជា១ពាន់ឆ្នាំមុន។ 


 រូបថត Zeb HoganWonders of the Mekong 

គី សុខលីម៖ នៅពេលដែលលោកធ្វើការ តើលោកដែលត្រូវបានត្រីខាំដែរឬទេ? 
 
Zeb Hogan៖ នៅពេលដែលអ្នកមើលទៅកាន់កម្មវិធីនៅក្នុងទូរទស្សន៍ ត្រីមួយចំនួនហាក់បីដូចជាមើលទៅគួរឱ្យខ្លាចខ្លាំងណាស់។ ពួកគេមានធ្មេញធំៗ និងខ្នងស្រួចៗ។ ប៉ុន្តែត្រីទាំងនោះភាគច្រើន មិនបង្កគ្រោះថ្នាក់ទៅកាន់មនុស្សនោះទេ។ ខ្ញុំតែងតែប្រាប់អ្នកដែលធ្វើការជាមួយថា កុំឱ្យពួកគាត់មានអារម្មណ៍ភ័យខ្លាច នៅពេលចុះទៅក្នុងទឹក។ ប៉ុន្តែអ្នកគួរតែមានភាពប្រុងប្រយ័ត្នខ្ពស់ផងដែរ នៅពេលដែលអ្នកធ្វើការជាមួយនឹងត្រីធំៗ។ ត្រីធំៗទាំងនោះ អាចមានកម្លាំងខ្លាំងណាស់។ ប៉ុន្តែពួកខ្ញុំ មិនដែលមានរឿងរ៉ាវបញ្ហាអ្វីធំដុំនោះទេ។ ពេលមួយ នៅពេលដែលអ្នកកាន់កាមេរ៉ារបស់ពួកខ្ញុំ កំពុងតែថតត្រី អន្ទង់អគ្គិសនីមួយ បានឆក់គាត់ ហើយធ្វើឱ្យគាត់ធ្លាក់ចូលទៅក្នុងទឹក។ ពួកខ្ញុំបានទាញគាត់ចេញមក ហើយគាត់មិនមានបញ្ហាអ្វីនោះទេ។ មនុស្សមួយចំនួនទៀតដែលខ្ញុំធ្វើការជាមួយ ក៏ត្រូវបានត្រីឆ្លាមខាំខ្លះដែរ។ ត្រីមួយចំនួនទៀតនៅក្នុងព្រៃអាម៉ាហ្សូន អាចលោតចេញពីទឹក ហើយបុកទង្គិចជាមួយក្បាលរបស់អ្នកបាន។ ពេលខ្លះ អ្នកក៏អាចជាំបន្តិចបន្តួច ពីការបុកនេះដែរ។ ខ្ញុំក៏ធ្លាប់ទទួលបានគ្រោះថ្នាក់មួយចំនួន មកលើដៃខ្ញុំដែរ នៅពេលដែលខ្ញុំធ្វើការជាមួយត្រី៕
 

Tag:
 ទន្លេមេគង្គ
  Zeb Hogan
© រក្សាសិទ្ធិដោយ thmeythmey.com