ជាតិ
លោកតា លឹម អេងលី នៅតែបន្តធ្វើ «សជី» ទោះមិនសូវមានអ្នកប្រើ និងគាំទ្រ
15, Aug 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ព្រឹទ្ធាចារ្យ លឹម អេងលី ជន្មាយុ៦៤ឆ្នាំ ជាអ្នកធ្វើសជីបែបបុរាណ ដាក់តាមវត្ត ឬទៅតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ដ្បិតស្នាដៃបន្សល់ពីបុរាណមួយនេះ មិនសូវមានអ្នកនិយមប្រើ និងគាំទ្រ តែដូនចាស់រូបនេះ នៅតែស្រឡាញ់ និងតាំងចិត្តបន្តធ្វើរហូតដល់ដំណាក់កាលចុងក្រោយ ដើម្បីបង្ហាញ និងអភិរក្សរបស់ប្រើប្រាស់បែបបុរាណ។


 «សជី» ជាប្រដាប់ ឬគ្រឿងគ្រប មានរាងក្រឡូមតូចស្រួចលើ ធំក្រោម សម្រាប់គ្របភាជនៈដាក់ភោជនាហារ ឬគ្របផ្តិលទឹក។ បច្ចុប្បន្ន «សជី» មិនសូវមានអ្នកស្គាល់ និងប្រើដូចជំនាន់មិនទេ មិនថានៅក្នុងក្រុង ឬស្រុកស្រែចម្ការ។ វប្បធម៌ ឬទម្លាប់នៃការប្រើប្រាស់សជីនៅតាមកម្មវិធីនានា ត្រូវបានបាត់បង់ស្ទើរអស់ទៅហើយ។ ទន្ទឹមនឹងនេះ គេប្រទះឃើញ ប្រជាពលរដ្ឋរស់នៅភូមិកំពង់សំបួរ ស្រុកកោះធំ នៅបន្តប្រើ និងថែរក្សាបានច្រើននៅឡើយ។
 
រស់នៅភូមិកំពង់ដ ឃុំជ្រោយតាកែវ ស្រុកកោះធំ ព្រឹទ្ធាចារ្យ លឹម អេងលី ជាអ្នកធ្វើសជី ដួន ល្អីបែបបុរាណជាង២០ឆ្នាំហើយ។ ដូនចាស់ចេះជំនាញនេះ ពីឪពុកជាអ្នកត្បាញ និងជួសជុលសម្ភារចាស់ៗនៅក្នុងសម័យសង្គ្រាម។ លោកតា អេងលី បានចាប់អារម្មណ៍ និងលួចរៀនចំណេះធ្វើសជីពីឪពុករបស់លោក។ «ខ្ញុំមិនជាចេះអីទេ លួចរៀនតពីឪពុកខ្ញុំដែលជាអ្នកត្បាញ ល្អី និងរបស់របរប្រើប្រាស់ចាស់ៗនៅក្នុងសង្គ្រាម។ ចេះតែអង្កេតមើលហើយចាំទុកទៅមិនដែលបានធ្វើទេកាលនោះ »។ នេះប្រសាសន៍ព្រឹទ្ធាចារ្យ អេងលី។


 
លោកតា លឹម អេងលី ស្រឡាញ់របស់បុរាណ ដោយមានពេលខ្លះអង្គុយស្រមៃឃើញវត្ថុទាំងនោះនៅនឹងមុខ។ ក្រៅពីអាចធ្វើសជី ដួន ល្អី លោកតាក៏អាចជួសជុលរបស់របរចាស់ៗបុរាណបានស្ទើរគ្រប់ប្រភេទ។ បើតាមលោកតា អេងលី របរចាស់ៗមួយចំនួន លោកមិនធ្លាប់បានស្គាល់ទេ ប៉ុន្តែប្រសិនបើបានឃើញនឹងភ្នែកផ្ទាល់ លោកអាចធ្វើ ឬកែលម្អបាន។
 
ដូនចាស់វ័យ៦៤ឆ្នាំរូបនេះ រៀបរាប់បែបនេះ៖ «ពេលខ្លះ ទោះរបស់នោះខ្ញុំមិនធ្លាប់ឃើញពីមុនក្តី ក៏ខ្ញុំចេះធ្វើនឹងជួសជុលដែរ។ ខ្ញុំយកមកអង្គុយមើលដំណើរដើមទង អង្គុយស្វែងយល់បន្តិចនោះអាចធ្វើបានហើយ។ ដូចសជីខ្ញុំមិនដែលចេះធ្វើទេ តែនៅពេលខ្ញុំទៅលេងកំពង់សំបួរ នៅខាងលិចស្រុកខ្ញុំ ឃើញទំនងស្អាតយកមករៀនធ្វើ ក៏ធ្វើបានរហូតមកដល់សព្វថ្ងៃ»។


 
សព្វថ្ងៃ ក្រៅពីការងារក្នុងដីចម្ការ ដូនចាស់រូបនេះ តែងឆ្លៀតពេលបន្តិតបន្តួចអង្គុយបិតឫស្សី និងត្បាញសជីសម្រាប់ការបញ្ជាទិញពីអតិថិជន នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងនៅតាមខេត្តផ្សេងៗមួយចំនួនទៀត។ លោកតា អេងលី ចំណាយពេលចន្លោះពី ៣ទៅ៤ថ្ងៃ ដើម្បីធ្វើសជីមួយ។
 
ការធ្វើ «សជី» ត្រូវផ្ដោតអារម្មណ៍ខ្ពស់ ប្រសិនបើបែកអារម្មណ៍ត្រង់ចំណុចណា សជីនោះអាចនឹងរើចេញវិញទាំងអស់។ សជីធំមួយ មានតម្លៃ៦ម៉ឺនរៀល និងខ្នាតតូចវិញមានតម្លៃ៤ម៉ឺនរៀល។ ព្រឹទ្ធាចារ្យរូបនេះ ពោលថារបស់ទាំងនេះ មិនពិបាកធ្វើនោះទេ គ្រាន់តែត្រូវការអ្នកស្រឡាញ់ និងអត់ធ្មត់បន្តិច។
 
ដ្បិតធ្វើការងារនេះជាង២០ឆ្នាំហើយក្តី តែដូនចាស់នៅតែស្រឡាញ់ និងតាំងចិត្តធ្វើបន្តទៅទៀត ទោះមិនសូវមានអ្នកគាំទ្រក៏ដោយ។ លោក សង្ឃឹមថា ស្នាដៃនីមួយៗដែលអតិថិជនជាវយកទៅ អាចជាផ្នែកមួយជួយរក្សាអភិរក្ស និងផ្សព្វផ្សាយវត្ថុបន្សល់ទុកពីបុរាណ សម្រាប់អ្នកជំនាន់ក្រោយៗបានស្គាល់ និងស្វែងយល់បន្ត។ ដូនចាស់ បន្ថែមថា ទោះមានរបស់ខ្លះបានបាត់បង់ហើយក្តី តែមានរបស់មួយចំនួននៅសល់ គ្រប់គ្នាគួរជួយថែរក្សាក្នុងនាមជាខ្មែរ។
 


លោកតា អេងលី លើកឡើងថា៖ «ខ្ញុំសព្វថ្ងៃធ្វើទាំងសប្បាយចិត្តទោះអ្នកផ្សេងមិនឱ្យតម្លៃក៏មិនអីដែរ។ អ្នកភូមិមួយចំនួនមើលមកថា ខ្ញុំនេះជោរ សម័យនៅហើយនៅបន្តធ្វើរបស់ចាស់ៗ និងប្រើរបស់ទាំងនោះធ្វើអីនៅពេលទៅវត្តម្ដងៗ មិនចេះមើលសម័យកាលទេ? តែសម្រាប់ខ្ញុំទោះគេគិតថាខ្ញុំមិនគ្រប់សតិ ក៏នៅតែបន្តប្រើព្រោះយល់ពីតម្លៃវប្បធម៌របស់ខ្មែរ»។
 
ទាក់ទងនឹងការធ្វើ «សជី»នេះ សូម្បីតែភរិយារបស់លោកតា ក៏មិនពេញចិត្តឱ្យប្រកបរបរនេះ ឬរបស់របរចាស់ៗនេះដែរ។ ទន្ទឹមនឹងនេះ លោកតា អេងលី កំពុងព្រួយបារម្ភគ្មានអ្នកបន្តវេនជំនាញទាំងនេះ ខណៈពេលលោកកាន់តែចា ចំណែកឯកូនៗ និងចៅក៏គ្មានអ្នកធ្វើបន្ត។ 
 
«គ្មានអ្នកណាគេចាប់អារម្មណ៍ទេ។ ខ្ញុំក៏មិនដឹងមកពីមូលហេតុអ្វីដែរ ម្នាក់ៗគិតថាធ្វើការឱ្យគេមួយថ្ងៃបួនប្រាំម៉ឺនបានច្រើនជាងធ្វើសជី។ គេមិនចាប់អារម្មណ៍រៀន ឬធ្វើទេរបស់របរនេះទេ។ បើមានអ្នកចង់រៀន ខ្ញុំសប្បាយចិត្តនឹងបង្រៀន ព្រោះអត់ពីខ្ញុំទៅមានអ្នកបន្ត តែរហូតមកដល់ពេលនេះ មិនទាន់មានសិស្សម្នាក់នៅឡើយទេ»។ នេះជាក្តីបារម្ភព្រឹទ្ធាចារ្យ អេងលី៕ 


 

Tag:
 សជី
  របស់ប្រើប្រាស់បុរាណ
  ព្រឹទ្ធាចារ្យលឹម អេងលី
© រក្សាសិទ្ធិដោយ thmeythmey.com