ជាតិ
បណ្ឌិត ចិន្ត ច័ន្ទរតនា៖ មានតែការសិក្សាទេ ទើបឱ្យយើងរួចផុតពីក្រ
15, Aug 2021 , 11:29 am        
រូបភាព
ទីប្រឹក្សាក្រសួងព័ត៌មាន បុរាណវិទូ ចិន្ត ច័ន្ទរតនា បច្ចុប្បន្នកំពុងត្រៀមបន្តការសិក្សាថ្នាក់ក្រោយបណ្ឌិត ជំនាញប្រព័ន្ធផ្សព្វផ្សាយ នៅសហរដ្ឋអាមេរិក
ទីប្រឹក្សាក្រសួងព័ត៌មាន បុរាណវិទូ ចិន្ត ច័ន្ទរតនា បច្ចុប្បន្នកំពុងត្រៀមបន្តការសិក្សាថ្នាក់ក្រោយបណ្ឌិត ជំនាញប្រព័ន្ធផ្សព្វផ្សាយ នៅសហរដ្ឋអាមេរិក
ភ្នំពេញ៖ មានតួនាទីជាទីប្រឹក្សាក្រសួងព័ត៌មាន បុរាណវិទូ ចិន្ត ច័ន្ទរតនា បច្ចុប្បន្នកំពុងត្រៀមបន្តការសិក្សាថ្នាក់ក្រោយបណ្ឌិត ជំនាញប្រព័ន្ធផ្សព្វផ្សាយ នៅសហរដ្ឋអាមេរិក។ លោក ចិន្ត ច័ន្ទរតនា ដែលកើតក្នុងគ្រួសារសិល្បករនាសម័យសង្គមរាស្ត្រនិយម អះអាងថា ព្រោះតែលោកមិនចង់ក្រ ទើបបានជាលោកតែងប្រាប់ខ្លួនឯងជានិច្ចថា «ត្រូវតែខំរៀន»។

កំពុងធ្វើការបណ្ដើរ រៀនបណ្ដើរ និងព្យាបាលជំងឺប្រចាំកាយបណ្ដើរនៅសហរដ្ឋអាមេរិក លោក បណ្ឌិត ចិន្ត ច័ន្ទរតនា ដែលត្រៀមបន្តការសិក្សាទៅថ្នាក់ក្រោយបណ្ឌិត ជំនាញប្រព័ន្ធផ្សព្វផ្សាយនោះ មិនដែលបោះបង់ចោលការសិក្សាម្ដងណាឡើយ បើទោះបីជាលោកទទួលបានសញ្ញាបត្របណ្ឌិត ពីប្រទេសបារាំងហើយក៏ដោយចុះ។ 
 
មានជំនាញពាក់ព័ន្ធនឹងបុរាណវិទ្យា និងប្រវត្តិសិល្បៈអាស៊ីអាគ្នេយ៍ លោក រតនា មានឱកាសធ្វើជាទីប្រឹក្សារបស់ក្រុមហ៊ុន Walt Disney ដើម្បីផលិតរឿង RAYA AND THE LAST DRAGON ដែលបាននិយាយពីអរិយធម៌ខ្មែរផងនោះ។

លោក ចិន្ត ច័ន្ទរតនា ជាមគ្គុទេសក៍ទេសចរណ៍ ក្នុងអំឡុង ឆ្នាំ១៩៩៧ 

លោក ច័ន្ទរតនា ដែលមានឪពុកឈ្មោះ ចិន្ត នាគ ជាតួឯកល្ខោនក្នុងសម័យសង្គមរាស្ត្រនិយម និងជាអ្នកដឹកនាំរឿងផងនោះបានបញ្ជាក់ថា ដើមហេតុដែលនាំឱ្យលោក ខំប្រឹងប្រែងរៀន មិនមែនត្រឹមតែការស្អប់ភាពក្រប៉ុណ្ណោះទេ តែក៏ព្រោះលោកចង់ទៅលេងក្រៅប្រទេស ដូចឪពុករបស់ខ្លួនដែរ។
 
ចាប់កំណើតនៅរាជធានីភ្នំពេញ ហើយរស់នៅនិងធំធាត់ក្នុងអគារបូឌិញ(អគារស) ដែលជាតំបន់ហ៊ុមព័ទ្ធទៅដោយសំណង់អនាធិបតេយ្យ ជនអនាថា អ្នកសេពគ្រឿងញៀន និងការលេងល្បែងស៊ីសងជាដើម ប៉ុន្តែ កុមារ ច័ន្ទរតនា ដែលកើតក្នុងឆ្នាំ១៩៨០ ពុំបានរងឥទ្ធិពលពីរឿងទាំងនោះឡើយ។ គ្មានពេលចាប់អារម្មណ៍ពីមជ្ឈដ្ឋាននៅជុំវិញខ្លួន ក៏ព្រោះតែគេខំផ្ដោតតែលើការសិក្សា ក្នុងបំណងបានជិះយន្តហោះដើរលេងក្រៅប្រទេស ដោយពុំចាំបាច់ចំណាយប្រាក់ផ្ទាល់ខ្លួននោះឯង។
 
«ឪពុករបស់ខ្ញុំជាសិល្បករ គាត់បានចេញទៅបរទេសច្រើន។ រាល់ដងខ្ញុំតែងសួរគាត់ពីប្រទេសគេ គាត់ប្រាប់ថាស្រុកគេធ្លាក់ទឹកកកធ្លាក់ព្រឹល ស្អាតបែបនេះ ស្អាតបែបនោះ។ ខ្ញុំពិតជាចង់ទៅលេងស្រុកគេ ហើយក៏ចង់ជិះយន្តហោះដែរ។ ឪពុកខ្ញុំប្រាប់ថា បើកូនចង់ទៅកូនត្រូវតែខំរៀន ពេលកូនរៀនពូកែ កូនទៅដើរលេងស្រុកគេ មិនអស់លុយខ្លួនឯងទេ។ តាំងពីពេលនោះ ខ្ញុំគិតតែខំរៀនមួយមុខគត់»។
 
ធ្វើការភាគច្រើនលើផ្នែកស្រាវជ្រាវ និងបកប្រែភាសា បុរសដែលមានបងប្អូន៤នាក់រូបនេះ ចូលចិត្តមុខវិទ្យាពាក់ព័ន្ធនឹងប្រាសាទ ពិសេសប្រវត្តិសាស្ត្រក្នុងសម័យអង្គរ និងសម័យហ្វូណន តាំងពីកុមារភាព។ 
 
យុវជនដែលមានទម្លាប់អានសៀវភៅតាំងតែពីក្មេងរាល់ពេលទំនេររូបនេះ ថាក្រោយសម័យសង្គ្រាម គ្រួសាររបស់លោកចាប់ផ្ដើមពីបាតដៃទទេ ដូចគ្រួសារដទៃដែរ ដោយរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក។ បើទោះបីជាគ្រួសារទីទាល់ក្រយ៉ាងណា ក៏ម្ដាយឪពុករបស់លោក តែងជំរុញឱ្យលោកនៅកៀកនឹងការសិក្សាជានិច្ច។


លោក ចិន្ត ច័ន្ទរតនា ជាមគ្គុទេសក៍ទេសចរណ៍ ក្នុងអំឡុងឆ្នាំ ១៩៩៧ 
 
បានបញ្ចប់ថ្នាក់វិទ្យាល័យក្នុងអាយុ១៦ឆ្នាំ គឺក្នុងឆ្នាំ១៩៩៦ ដោយក្ដីស្រឡាញ់ខាងវប្បធម៌ និងប្រវត្តិសាស្ត្រ យុវជន ចិន្ត ច័ន្ទរតនា បានដាក់ពាក្យប្រឡងចូលរៀនខាងមគ្គុទេសក៍ទេសចរណ៍ ក្នុងអំឡុងឆ្នាំ១៩៩៧ ដោយយកភាសាអង់គ្លេស។ កាលនោះភាសាបរទេសរបស់បុរស ដែលមានម្ដាយជាសិល្បការិនីស្មូត្រកំណាព្យឈ្មោះ ម៉ិញ យុន រូបនេះ ពុំទាន់អាចប្រើប្រាស់បានល្អឡើយ។ ប៉ុន្តែដោយភាពក្លាហាន ផ្សំជាមួយចិត្តចង់ធ្វើការងារផ្នែកនោះផង លោកមិនរារែកក្នុងការដាក់ពាក្យប្រឡងឡើយ។
 
លោក រតនា បញ្ជាក់៖«ប្រឡងជាប់ចូលរៀនខាងមគ្គុទេសក៍ទេសចរណ៍ភ្លាម ខ្ញុំរៀនគួរអង់គ្លេសផង រៀនបារាំងផង រៀនជប៉ុនផង រៀនថៃផង និងរៀនបកប្រែកាសែតផង។ ពេលខ្ញុំរៀនមិនចេះ ខ្ញុំតែងគិតថា ហេតុអ្វីគេរៀនចេះ ហើយហេតុអ្វីខ្ញុំរៀនមិនចេះ? ខ្ញុំតូចចិត្តនឹងខ្លួនឯង ខ្ញុំជិះកង់បណ្ដើរនិយាយបណ្ដើរ សួរខ្លួនឯង ឆ្លើយខ្លួនឯង ធ្វើយ៉ាងណាឱ្យចេះនិយាយ»។ 
 
ក្រោយរៀនចប់ ហើយចូលធ្វើការក្នុងក្រុមហ៊ុនទេសចរណ៍មួយ ជាមគ្គុទេសក៍ទេសចរណ៍ ក្នុងលក្ខខណ្ឌស្ម័គ្រចិត្ត យុវជនដែលមិនបានរៀនគួរភាសាបរទេសបានដិតដល់ព្រោះជីវភាពខ្វះខាតរូបនេះ កាន់តែចង់ដឹងរឿងរ៉ាវពាក់ព័ន្ធនឹងប្រាសាទខ្មែរខ្លាំងឡើយ។ លោកបានប្រឡងអាហារូបករណ៍ យកមហាវិទ្យាល័យបុរាណវិទ្យា ប៉ុន្តែជាអកុសលលោកប្រឡងធ្លាក់រហូតដល់ទៅ២ឆ្នាំ។
«កាលពីក្មេងឪពុកខ្ញុំឧស្សាហ៍នាំខ្ញុំចូលព្រះបរមរាជរាំង និងសារមន្ទីរជាតិ ធ្វើឱ្យខ្ញុំកាន់តែចាប់អារម្មណ៍ខាងបុរាណវិទ្យា។ ជាភ័ព្វសំណាង ដែលខ្ញុំបានស្វែងរកខ្លួនឯងឃើញ ថាខ្ញុំស្រឡាញ់អ្វី ហើយខ្ញុំបានដើរតាមវាជាដរាបមក»។ នេះជាការពន្យល់របស់បណ្ឌិត រតនា។


លោក ចិន្ត ច័ន្ទរតនា ជាមគ្គុទេសក៍ទេសចរណ៍ ក្នុងអំឡុងឆ្នាំ១៩៩៧ 
 
ព្រោះតែជាអ្នកស្រឡាញ់ការសិក្សា ដូច្នោះហើយក្នុងអំឡុងពេលដែលលោក ប្រឡងធ្លាក់ផ្នែកបុរាណវិទ្យា នោះ លោកមិនទុកខ្លួនឱ្យនៅទំនេរឃ្លាតពីការសិក្សាឡើយ ពោលគឺលោកបានប្រឡងជាប់អាហារូបករណ៍ រៀនផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ១៩៩៧-១៩៩៨ ដោយនៅបន្តការងារជាមគ្គទេសសក៍ទេសចរណ៍។
 
ការតស៊ូមិនព្រមបោះបង់ចំពោះអ្វីដែលខ្លួនស្រឡាញ់ ជាសំណាងល្អ នៅឆ្នាំ១៩៩៩ និស្សិត ចិន្ត ច័ន្ទរតនា បានជាប់អាហារូបករណ៍ រៀនជំនាញបុរាណវិទ្យាដូចបំណងប្រាថ្នា ដោយរៀនបណ្ដើរធ្វើការបណ្ដើរ។ ទោះជាយ៉ាងណាក៏ដោយ លោកបានឈប់រៀនជំនាញសេដ្ឋកិច្ច  ក្រោមហេតុផលលោកមិនស្រឡាញ់ជំនាញនោះ។ 
 
រៀនបុរាណវិទ្យារយៈពេល៥ឆ្នាំ ហើយឯកសាររៀនជាង៩០ភាគរយ ជាភាសាបារាំង ដូច្នោះតម្រូវឱ្យលោក រតនា ត្រូវរៀនភាសាបារាំង២០ម៉ោងក្នុងមួយសប្ដាហ៍ ដើម្បីងាយស្រួលស្រាវជ្រាវឯកសារសិក្សា។ ដេប៉ាឌីម៉ងភាសាបារាំងនោះហើយ ដែលធ្វើឱ្យលោក ច័ន្ទរតនា បានជិះយន្តហោះទៅលេងប្រទេសបារាំង  ដោយមិនគិតថ្លៃ ជាលើកដំបូងបង្អស់ក្នុងជីវិត។
 
លោកបន្ថែម៖«រៀនបានប្រាក់ហើយ មានឱកាសទៅលេងបារាំងដោយមិនគិតថ្លៃទៀត ខ្ញុំកាន់តែសប្បាយចិត្តរៀន។ គេប្រឡងជម្រុះយកតែអ្នករៀនពូកែទៅលេងបារាំង។ ក្នុងឆ្នាំ២០០១ ខ្ញុំបានស្គាល់រស់ជាតិនៃការជិះយន្តហោះដំបូងក្នុងជីវិត»។ 
 
ក្រោយពីបានធ្វើសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯកទេសបុរាណវិទ្យាក្នុងឆ្នាំ២០០៤ លោក ចិន្ត ច័ន្ទរតនា បានបន្តប្រឡងយកអាហារូបករណ៍ ផ្នែកប្រវត្តិសិល្បៈ ថ្នាក់អនុបណ្ឌិតទៅសិក្សានៅប្រទេសបារាំង ក្នុងឆ្នាំ២០០៥។ បើទោះបីជាភាសាបារាំងរបស់ខ្លួន ពុំទាន់ស្ទាត់ជំនាញក្ដី ក៏លោកប្រាប់ខ្លួនឯងថា លោកត្រូវតែទៅរៀន។

លោក ចិន្ត ច័ន្ទរតនា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាបុរាណវិទូ 
 
«ពេលនោះខ្ញុំសប្បាយចិត្តផង ភ័យផង ព្រោះបញ្ហាភាសាមិនសូវស្ទាត់ ហើយខ្ញុំត្រូវរៀនជាមួយកូនបារាំង។ ពេលទៅរៀនដំបូង ខ្ញុំចង់យំក៏យំមិនចេញដែរ។ ខ្ញុំភ័យមែន តែខ្ញុំក្លាហាន ខ្ញុំដឹងថាខ្ញុំត្រូវតែតស៊ូ។ ខ្ញុំសួរគ្រូថាភាសាខ្ញុំនៅខ្សោយ តើខ្ញុំត្រូវធ្វើម៉េច? គ្រូថាមានតែរស់នៅក្នុងសង្គមរបស់បារាំង ឧស្សាហ៍និយាយគ្នាជាមួយជនជាតិបារាំង ខ្ញុំធ្វើតាមគាត់គ្រប់យ៉ាង»។ នេះជាការពន្យល់របស់លោក ច័ន្ទរតនា។ 
 
ដើម្បីហ្វិកហាត់ភាសាបារាំងឱ្យខ្លាំង និស្សិតទៅពីកម្ពុជារូបនេះ បានទៅធ្វើការងារជាអ្នកលក់ភ្លៅមាន់ នៅក្នុងផ្សារមួយក្នុងប្រទេសបារាំង រាល់ពេលទំនេរពីការសិក្សា។ ការងារនេះមិនត្រឹមតែជួយឱ្យលោក អាចនិយាយ ស្ដាប់ និងប្រើភាសាម្ចាស់ស្រុកបានល្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយលោកឱ្យទទួលបានចំណូលខ្លះ ដើម្បីផ្គត់ផ្គង់ការចំណាយបានមួយកម្រិតដែរ។ 
បុរសវ័យ៤១ឆ្នាំរូបនេះបន្ថែម៖«ពេលវិស្សមកាល ខ្ញុំទៅលក់មាន់ដុត ដំឡូង និងសាំងវិច នៅផ្សារដែលមានថៅកែខ្មែរ ពេលនោះខ្ញុំចេះភាសាអ្នកផ្សារ។ ប្រាក់អាហារូបករណ៍បានតិច គ្រាន់ជួលផ្ទះនិងចំណាយលើអាហារ ហើយពេលខ្លះក៏ខ្វះខាតដែរ។ បានប្រាក់ធ្វើការនេះខ្ញុំអាចទិញសម្ភារប្រើប្រាស់បានខ្លះ»។
 
បន្ទាប់ពីបញ្ចប់សារណាថ្នាក់អនុបណ្ឌិតដោយជោគជ័យ បុរសដែលចូលចិត្តអានសៀវភៅប្រវត្តិសាស្ត្រតាំងពីអាយុ១១ឆ្នាំរូបនេះ មានសំណាងទទួលបានការផ្ដល់ឱកាសជាថ្មី ដើម្បីដាក់ពាក្យសុំអាហារូបករណ៍ថ្នាក់បណ្ឌិតបន្តទៀត។ បើទោះបីជាគ្រូបានមើលឃើញពីសមត្ថភាពរបស់និស្សិតរូបនេះ ថាអាចបន្តទៅថ្នាក់បណ្ឌិតក៏ពិតមែន ប៉ុន្តែសាមីខ្លួន នៅតែមានភាពស្រពេចស្រពិលនឹងសមត្ថភាពខ្លួនឯង។ 
 
«រៀនអនុបណ្ឌិតទើបចប់មិនទាន់ដឹងឯណាឯណីផង ឥឡូវចង់យកបណ្ឌិតទៀត មិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ។ ខ្ញុំដូចជ្រូកឃើញទឹកក្ដៅរាអ៊ីចឹងដែរ។ ប៉ុន្តែចិត្តមួយទៀតគិតថា ត្រូវតែរៀនទៀត។ អ្នកគ្រូគាត់ជួយចុះឈ្មោះឱ្យខ្ញុំ ប៉ុន្តែខ្ញុំត្រូវមកខ្មែរវិញសិន ដើម្បីសុំអាហារូបករណ៍។ ខ្ញុំអត់ចង់ឱ្យខាតពេល ខ្ញុំរៀនចប់អនុបណ្ឌិតភ្លាម ខ្ញុំតយកបណ្ឌិតភ្លាម»។ នេះជាការពន្យល់របស់លោក រតនា។

លោក ចិន្ត ច័ន្ទរតនា ទីប្រឹក្សាក្រសួងព័ត៌មាននិងជាបុរាណវិទូ 
 
អំឡុងពេលនៃការសិក្សាថ្នាក់បណ្ឌិតនោះ បុរសដែលដើរតាមឪពុកទៅថតចម្រៀងខារ៉ាអូខេ តាំងពីអាយុប្រមាណ១០ឆ្នាំរូបនេះ ត្រូវត្រឡប់មកកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវលើនិក្ខេបបទស្ដីពីប្រាសាទកោះកេរ ដែលមានរយៈពេលស្រាវជ្រាវ៥ឆ្នាំ។ ពេលវេលានោះ លោកស្រាវជ្រាវបណ្ដើរ និងឆ្លៀតធ្វើការបណ្ដើរ ផ្នែកមគ្គទេសទេសចរណ៍ ដឹកនាំថតខារាអូខេ និងធ្វើការងារខាងផលិតកម្មវិធីទូរទស្សន៍ផ្នែកវប្បធម៌ផង នៅរវាងឆ្នាំ ២០០៧-២០០៩។
 
និក្ខេបបទថ្នាក់បណ្ឌិតដែលលោកស្រាវជ្រាវស្ដីពី “កោះកេរនិងព្រះបាទជ័យវរ្ម័នទី៤» នោះ ពិជាពិបាករកឯកសារ ព្រោះមិនសូវមានអ្នកសរសេរ និងមិនសូវមានអ្នកនិយាយ។ លោកត្រូវចំណាយពេលប្រមាណ៤ឆ្នាំដើម្បីសិក្សាស្រាវ នៅតំបន់ប្រាសាទកោះកេរ។ លោក រតនា សារភាពថា ពេលខ្លះលោកសឹងតែបោះបង់ចោល ព្រោះមិនដឹងត្រូវសរសេរយ៉ាងណា។ 
 
«គេចោទព្រះបាទជ័យវរ្ម័នទី៤ ជាស្ដេចជ្រែករាជ ប៉ុន្តែខ្ញុំមិនគិតថាទ្រង់ជាស្ដេចជ្រែករាជឡើយ ទ្រង់ជាស្ដេចគ្រងរាជស្របច្បាប់ ដូច្នេះខ្ញុំត្រូវរកអំណះអំណាងដើម្បីការពារ។ កាលនោះខ្ញុំមិនបានគេងទេ មួយខែទល់មួយខែខ្ញុំនៅបណ្ណាល័យរហូត តាំងពីម៉ោង១០ដល់ម៉ោង៦ល្ងាច។ ខ្ញុំស្រឡាញ់ប្រាសាទកោះកេរ ខ្ញុំទៅតាំងពីឆ្នាំ២០០៣ កាលនោះមានមីនច្រើន។ ខ្ញុំដើរជាមួយគ្រូខ្ញុំ ទៅកន្លែងគេដាក់ផ្លាកប្រយ័ត្នគ្រាប់មីនដើម្បីថតរូប ពួកយើងដើរថតនៅជុំវិញហ្នឹង ប៉ុន្តែយើងដើរមិនប៉ះគ្រាប់មីនឡើយ។ មួយឆ្នាំខ្ញុំទៅប្រាសាទកោះកេរ៣ទៅ៤ដង ប្រហែលជាង១០ឆ្នាំ ដើម្បីស្រាវជ្រាវ និងសន្សំឯកសារទុក»។ 
 
ក្នុងអំឡុងឆ្នាំ ២០១០ លោកបានត្រឡប់ទៅប្រទេសបារាំងវិញ ហើយនៅចុងឆ្នាំ២០១១ លោកបានបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ។ ទទួលបានជោគជ័យលើការសិក្សាក៏ពិតមែន ប៉ុន្តែនោះក៏ជាឆ្នាំដែលលោកសោកស្ដាយនិងឈឺចាប់បំផុតក្នុងជីវិតដែរ។ ឈឺចាប់ក៏ព្រោះតែឪពុកដែលតែងតែជំរុញ លើកទឹកចិត្ត និងចង់ឃើញលោកទទួលបានសញ្ញាបត្របណ្ឌិតនោះ បានទទួលមរណភាព ទាំងដែលលោកគ្មានប្រាក់ជិះយន្តហោះមកមើលមុខឪពុកជាលើកចុងក្រោយ។

 
 
លោក រតនា ពន្យល់៖«ឪពុកខ្ញុំស្លាប់ ដោយសាដួលក្នុងបន្ទប់ទឹក ដាច់សរសៃឈាមខួរក្បាល។ ខ្ញុំមិនបានមកបុណ្យគាត់ទេ ព្រោះមិនមានប្រាក់ជិះយន្តហោះ ម្យ៉ាងខ្ញុំជាប់បញ្ចប់ការសិក្សា។ ម្ដាយរបស់ខ្ញុំប្រាប់ថា ទោះកូនមកក៏ជួយគាត់មិនបានដែរ កូនទុកប្រាក់ធ្វើបុណ្យជូនគាត់វិញល្អជាង។ ពេលនោះហើយដែលខ្ញុំមានបញ្ហាផ្លូវចិត្តខ្លាំង ខ្ញុំគិតអ្វីមិនចេញទេ បានត្រឹមតែយំ។ ខ្ញុំត្រូវរៀនឱ្យចប់ ដើម្បីតបគុណឪពុកខ្ញុំ ព្រោះខ្ញុំបានសន្យាជាមួយលោកថានឹងរៀនឱ្យចប់»។
 
ក្រោយពេលបញ្ចប់ថ្នាក់បណ្ឌិត លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយចូលធ្វើការងារជាគ្រូនៅសាកលវិទ្យាល័យស្សាម៉ាន់ និងសកលវិទ្យាល័យUC ដោយបង្រៀនផ្នែកប្រវត្តិសាស្ត្រ បុរាណវិទ្យា និងសិល្បៈ ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិត។ បន្ថែមពីនោះលោកបានចូលរួមធ្វើការងារ ជាមួយរាជបណ្ឌិត្យសភា ពាក់ព័ន្ធនឹងការងារសិក្សាស្រាវជ្រាវមួយចំនួន។ ចុងក្រោយលោកបានទៅបង្រៀន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខាងប្រវត្តិវិទ្យា ថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត មុនពេលលោកចេញទៅបន្តការសិក្សាថ្នាក់ក្រោយបណ្ឌិតនៅសហរដ្ឋអាមេរិក។
 
ក្រៅពីការងារខាងលើ បុរសដែលមានឪពុកតែងដើរប្រមូលសៀវភៅចាស់ៗ ទាក់ទងនិងប្រវត្តិសាស្ត្រ ប្រាសាទ និងសិល្បៈ (ភាគច្រើនជាភាសាបារាំង) មកទុកក្នុងផ្ទះក្រោយសម័យសង្គ្រាមរូបនេះ ក៏បានបង្កើតក្រុមការងារស្រាវជ្រាវមួយ ដែលមានឈ្មោះថា “ កេរតំណែលខ្មែរ” តាំងពីឆ្នាំ២០០៨ផងដែរ។ “កេរតំណែលខ្មែរ” មានតួនាទីពង្រីកការស្រាវជ្រាវ ការផ្សព្វផ្សាយ ក៏ដូចជាការចងក្រងឯកសារស្ដីពីវប្បធម៌ អរិយធម៌ខ្មែរ សម្រាប់កូនខ្មែរជំនាន់ក្រោយ បានសិក្សាស្វែងយល់។
 
លោកជាទីប្រឹក្សាក្នុងរឿង “ហ្លួងព្រះស្ដេចកន”។ បណ្ឌិតរូបនេះ ក៏ទទួលបានការសព្វព្រះរាជហឫទ័យ ពីព្រះមហាក្សត្រខ្មែរផងដែរ ដោយទ្រង់បានតែងតាំងលោកជាទីប្រឹក្សាអមក្រសួងព័ត៌មាន ឋានៈស្មើអនុរដ្ឋលេខាធិការ ដោយជួយលើការងារស្រាវជ្រាវផ្នែកវប្បធម៌ធម៌។


 
 
ទៅអនាគត បុរសដែលកើតក្នុងគ្រួសារមន្ត្រីរាជការមានជីវភាពមធ្យមរូបនេះ មានគោលបំណងបណ្ដុះធនធានមនុស្សផ្នែកវប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រជាតិ តាមរយៈការអប់រំតាមអនឡាញ ក៏ដូចជាការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុក “កេរដំណែលខ្មែរ” និងឆានែលយូធូបជាដើម។ លោកថាសារសំខាន់នៃការផ្សព្វផ្សាយនោះ នឹងជួយឱ្យកូនខ្មែរដឹងថាអ្វីជាអត្តសញ្ញាណខ្លួន អ្វីជាសម្បត្តិជាតិ ហើយពួកគេអាចឈប់វង្វេងតទៅទៀត។
 
លោក ច័ន្ទរតនា បានបោះពុម្ពនិក្ខេបបទស្រាវជ្រាវថ្នាក់បណ្ឌិតរបស់ខ្លួន ស្ដីពីប្រាសាទកោះកេរ បាន២ភាសាហើយ។ ជាភាសាបារាំងបានបោះពុម្ពជាសៀវភៅ ក្នុងឆ្នាំ២០១២ និងភាសាខ្មែរជា E-Book ក្នុងឆ្នាំ២០២០។ ជាភាសាខ្មែរដដែល នឹងបោះជាសៀវភៅប្រហែលក្នុងខែកក្កដា ឬខែសីហាឆ្នាំ២០២១នេះ។ ដោយឡែកសៀវភៅចំណងជើងដដែល ជាភាសាអង់គ្លេស អាចចេញជារូបរាងនៅឆ្នាំ២០២២ខាងមុខ។ 
 
បណ្ឌិត ចិន្ត ច័ន្ទរតនា បញ្ជាក់ជាចុងក្រោយថា ការសិក្សាបានខ្ពង់ខ្ពស់ដែលរួចផុតពីភាពក្រ មិនសំដៅតែលើទ្រព្យសម្បត្តិឡើយ ប៉ុន្តែក៏សំដៅលើប្រាជ្ញាស្មារតីផងដែរ ហើយលោកពន្យល់ដូច្នេះ៖«បើយើងកំណត់គោលដៅយ៉ាងណា នោះវានឹងក្លាយទៅជាយ៉ាងនោះ។ កើតមកជាកូនអ្នកក្រ មិនមែនជាកំហុសឡើយ ប៉ុន្តែបើស្លាប់ទៅ នៅតែជាអ្នកក្រនោះទើបជាកំហុស៕
 


 
 
 
 

Tag:
 អប់រំ
  សិក្សា
  រៀន
© រក្សាសិទ្ធិដោយ thmeythmey.com