COVID-19
ជាតិ
កម្ពុជា និងអាស៊ាន រៀបចំវិធីសាស្រ្ត២ចំណុច ដើម្បីគៀងគរជំនួយ ដល់ប្រទេសមីយ៉ាន់ម៉ា ទប់ស្កាត់កូវីដ-១៩
19, Aug 2021 , 6:59 pm        
រូបភាព
ភ្នំពេញ៖ អាស៊ាន ប្ដេជ្ញារួមគ្នាគៀងគរជំនួយ ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់កូវីដ-១៩។ នេះបើតាមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស និងតំណាងនៃប្រទេសជាសមាជិកអាស៊ានផ្សេងទៀត នៅក្នុងសន្និសីទដើម្បីកៀរគរជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៨ សីហា ។
 
ដាតូ លឹម ចុក ហយ (Dato Lim Jock Hoi) អគ្គលេខាធិការ និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន បានបង្ហាញពីវិធីសាស្រ្ត២កម្រិត នៅក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា រួមមាន ការសង្រ្គោះជីវិត នៅដំណាក់កាលទី១  និង ការទ្រទ្រង់ជីវិត នៅដំណាក់កាលទី២ ។
 
«សន្និសីទបានសង្កត់ធ្ងន់អំពីការដឹកជញ្ជូនជំនួយជាបន្ទាន់ និង ដែលមានការសម្របសម្រួលយ៉ាងល្អ  ទៅកាន់សេវាសុខាភិបាលនៅមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស និងផ្តល់ការថែទាំចាំបាច់ដល់អ្នកដែលបានឆ្លងជំងឺ និងដើម្បីជួយសម្រាលការលំបាកនៃសហគមន៍នានាដែលងាយរងគ្រោះ និងនៅតំបន់ដាច់ស្រយាល»។ នេះបើតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៩ សីហា ដែលបានបន្ថែមថា អ្នកចូលរួមប្រជុំទាំងអស់គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការកៀរគរជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា។
 
បើតាមក្រសួងការបរទេសដដែល អង្គសន្និសីទ ក៏បានធ្វើការសន្យារៀបចំកញ្ចប់ហិរញ្ញវត្ថុដ៏សំខាន់ និងជំនួយសប្បុរស រួមមាន វ៉ាកសាំង ជាដើម សម្រាប់ដំណើរប្រតិបត្តិការនៃជំនួយនៅដំណាក់កាលទី១។
 
រដ្ឋមន្រ្តីការបរទេស លោក ប្រាក់ សុខុន ដែលបានចូលរួមសន្និសីទនោះ បានបញ្ជាក់ពីការរួមចំណែករបស់កម្ពុជា ជាថវិកា១០ម៉ឺនដុល្លារ ដើម្បីគាំទ្រជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។ 
 
នៅថ្ងៃទី១៩ សីហានេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បាននាំយកគ្រឿងបរិក្ខារ ឧបត្ថម្ភទៅមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស់ចំនួន ៣លាន, ឧបករណ៍តេស្ដរហ័ស ៥០ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២ពាន់, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិ ១០០គ្រឿង, ម៉ាស៊ីនជំនួយដកដង្ហើម ២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញា ជីវិត ២០គ្រឿង រួមទាំងថវិកា ២០ម៉ឺនដុល្លារ ពីសម្ដេច ហ៊ុន សែន ផងដែរ។ បន្ថែមលើនេះ កាកបាទក្រហមកម្ពុជា ក៏បានបរិច្ចាគថវិកា ១០ម៉ឺនដុល្លារអាមេរិក ដល់សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា (Myanmar Red Cross Society) ទៀតផង។
 
កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាក៏បានផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន ម៉ាស់ ចំនួន២លាន និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ផងដែរ៕
 
 

Tag:
 covid-19
© រក្សាសិទ្ធិដោយ thmeythmey.com