អត្ថបទពាណិជ្ជកម្ម
ធនាគារព្រីនស៍ ម.ក សហការជាមួយធនាគារ SME លើគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២
25, Aug 2021 , 4:42 pm        
រូបភាព
ភ្នំពេញ៖ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ – ដើម្បីបន្តគាំទ្ររដ្ឋាភិបាល និងធុរកិច្ចកម្ពុជាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញពីការរីករាល ដាលកូវីដ-១៩ ធនាគារ ព្រីនស៍ បានចាប់ដៃគូជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដើម្បីអនុវត្តគម្រោង សហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ ដែលជាប្រភពហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
 
គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម គឺជាកម្មវិធីមួយដែលផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ជូននូវហិរញ្ញប្បទាន ជាមួយអត្រាការប្រាក់ឥណទានដ៏សមរម្យ និងលក្ខខណ្ឌឥណទានមានភាពងាយស្រួល។ 
 
នៅពាក់កណ្តាលខែតុលា ឆ្នាំ២០២០ គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SCFS) ជំហានទី១ បានអនុម័តដោយជោគជ័យផ្តល់ជូននូវឥណទានដែលមានតម្លៃស្មើនឹង ១០០លានដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់កំណត់ត្រឹម ៧% សម្រាប់ម្ចាស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យមចំនួន ៧៥៣ នាក់។


 
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ ម.ក បានមានប្រសាសន៍ថា៖ «សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមធម៌ នៃសេដ្ឋកិច្ចកម្ពុជា។ ទោះជាយ៉ាងណា ក្នុងរយៈពេលពីរឆ្នាំនៃការឆ្លងកាត់បញ្ហាប្រឈមដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ វិស័យសហគ្រាសធុនតូច និងមធ្យមបានជួបផលលំបាកក្នុងការពង្រីក និងរក្សាប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយសារតែខ្វះការគាំទ្រផ្នែកហិរញ្ញវត្ថុ ភាពលំបាកក្នុងការស្នើសុំប្រាក់កម្ចី និងអត្រាការប្រាក់ខ្ពស់»។ 
 
លោកបានបន្តថា៖ «ដោយចក្ខុវិស័យរបស់យើង គឺផ្តល់ដំណោះស្រាយហិរញ្ញវត្ថុល្អបំផុត និងក្លាយជាស្ថាប័នហិរញ្ញវត្ថុដែលជាជម្រើសទីមួយរបស់អតិថិជន យើងមានភាពសោមនស្សរីករាយ ក្នុងការបន្តការគាំទ្ររបស់យើងចំពោះកម្មវិធីហិរញ្ញប្បទាននេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ យើងសង្ឃឹមថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២នេះ អាចជួយដល់ការស្តារសេដ្ឋកិច្ចរបស់ប្រទេសយើង និងជួយអតិថិជនអាជីវកម្មរបស់យើងឱ្យសម្រេចបាននូវគោលដៅអាជីវកម្មរបស់ពួកគេ»។ 


 
លោក លឹម អូន នាយកប្រតិបត្តិនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់យ៉ាងឆាប់រហ័សដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យមដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ដើម្បីបន្តអាជីវកម្មរបស់ខ្លួនឡើងវិញ និងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណ និងទទួលស្គាល់ដោយស្មោះចំពោះធនាគារ ព្រីនស៍ ម.ក និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ សម្រាប់ការបន្តសហការគ្នានៅក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២នេះ» ។
 
ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ ម្ចាស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម ដែលស្នើសុំឥណទានសហគ្រាសធុនតូច និងមធ្យម នៅធនាគារ ព្រីនស៍ នឹងទទួលបានអត្រាការប្រាក់ពិសេសចាប់ពី ៦.៥% ក្នុងមួយឆ្នាំ ជាមួយនឹងទំហំឥណទានអតិបរមារហូតដល់ ៥០០,០០០ ដុល្លារអាមេរិក និងរយៈពេលឥណទានរហូតដល់ ៧ឆ្នាំ។
ធនាគារ ព្រីនស៍បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបម្រើអតិថិជនអាជីវកម្មថ្មី និងអតិថិជនអាជីវកម្មចាស់ ជាមួយឥណទានសហគ្រាសធុនតូច និងមធ្យមនេះ ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាផលិតផលឥណទានទូទៅផងដែរ។
 
លោក-អ្នកអាចស្នើសុំឥណទាននៅ ៣២ សាខារបស់ធនាគារ ព្រីនស៍ ម.ក ទូទាំងប្រទេស ឬទំនាក់ទំនងមកលេខ ១៨០០ ២០ ៨៨៨៨  នៅថ្ងៃនេះ ដើម្បីប្រឹក្សាជាមួយអ្នកជំនាញផ្នែកឥណទានរបស់ធនាគារ ព្រីនស៍ ម.ក (មិនគិតថ្លៃ)៕
 



អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានប្រែក្លាយទៅជា ធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខ ធ ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ 
 
ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះ ធនាគារ ព្រីនស៍ មាន ៣២សាខា និងម៉ាស៊ីនអេធីអឹមចំនួន ៧០ ទីតាំងទូទាំងប្រទេស។ 
 



អំពីធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ត្រូវបានផ្តល់អាជ្ញាប័ណ្ណផ្លូវការជាធនាគារពាណិជ្ជ ដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ តាមរយៈការណែនាំផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការតម្រង់ទិសពីធនាគារជាតិនៃកម្ពុជា  គោលបំណង និងទិសដៅជាយុទ្ធសាស្ត្ររបស់យើង គឺស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអាចធានាជូនលោកអ្នកនូវប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការធនាគារដែលអាចទុកចិត្តបាន និងមានស្ថិរភាព ជូនដល់សហគ្រាសធុនតូច និងមធ្យមទាំងអស់នៅក្នុងប្រទេសកម្ពុជា។
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com