អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិកសម្ពោធ​ការិយាល័យ​ថ្មី CDC ប្រចាំអាស៊ីអាគ្នេយ៍​ ដែលមានទីតាំងនៅហាណូយ​
26, Aug 2021 , 9:29 am        
រូបភាព
លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala D. Harris នាពិធីសម្ពោធការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍  (CDC) នៅក្រុងហាណូយ។ រូបថត AFP
លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala D. Harris នាពិធីសម្ពោធការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ (CDC) នៅក្រុងហាណូយ។ រូបថត AFP
លោក​ស្រីអនុប្រធានាធិបតីអាមេរិក​ Kamala D. Harris នា​ថ្ងៃនេះ បានសម្ពោធការិយាល័យប្រចាំតំបន់អាស៊ី​អាគ្នេយ៍ នៃ​មជ្ឈមណ្ឌលបង្ការនិងកម្ចាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក នៅក្រុងហាណូយ ប្រទេសវៀតណាម ដោយ​មាន​ការ​ចូល​រួម​ពី​មន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលមកពីប្រទេសចំនួន១១។
 
ការិយាល័យ​ថ្មី CDC ប្រចាំអាស៊ីអាគ្នេយ៍ ជាចំណែកមួយ​នៃការពង្រឹង​សមត្ថភាព​​​របស់ CDC អាមេរិក ក្នុងការបំពេញបេសកកម្ម​របស់​ខ្លួន​ក្នុង​ការការពារ​ជនជាតិ​អាមេរិក​ និង​ប្រជាជន​​នៅក្នុងតំបន់ ដោយ​ធ្វើការ​ឆ្លើយ​តប​បាន​ឆាប់​រហ័ស​ទៅ​នឹងការគំរាម​កំហែង​ផ្នែក​សុខភាព​។ នេះ​បើតាម​សេចក្តី​ប្រកាសព័ត៌មាន​ដែល​ផ្តល់ដោយស្ថានទូតអាមេរិក​ប្រចាំនៅ​កម្ពុជា។
 
នាពិធីសម្ពោធ លោក​ស្រី Harris បានបញ្ជាក់បន្ថែមលើការប្តេជ្ញាចិត្ត​របស់សហរដ្ឋអាមេរិក ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែកសន្តិសុខនៃសុខភាព​នៅក្នុងតំបន់ ហើយបានបន្តធ្វើការអំពាវនាវឲ្យមានសកម្មភាព ក្នុងការឆ្លើយតប និង​ការត្រៀមខ្លួនជាស្រេច ចំពោះរោគរាតត្បាតនេះ។
 
«តាមរយៈ​ការិយាល័យ​​នេះ យើងនឹងធ្វើការជិតស្និទ្ធជាមួយដៃគូក្នុងតំបន់​ ដើម្បីចែករំលែកយុទ្ធសាស្រ្ត និង​ពង្រឹង​​សមត្ថភាពគ្នា​ទៅវិញទៅមក ដើម្បីធ្វើការបង្ការ តាមដាន និងឆ្លើយតបទៅនឹងការគំរាម​កំហែង​នៃជំងឺឆ្លង សម្រាប់​ពេលនេះ និងពេលអនាគត»។ នេះជាការបញ្ជាក់​របស់​រដ្ឋមន្រ្តីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក លោក Xavier Becerra ។
 
បើតាម​លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky ប្រធានទីភ្នាក់ងារ CDC ភាព​ជាដៃ​គូ​យូរ​អង្វែង​របស់​ CDC​ជាមួយប្រទេសនៅតំបន់អាស៊ាន បានពង្រឹងមន្ទីរពិសោធន៍​ផ្នែកសុខភាពសាធារណៈ មជ្ឈមណ្ឌល​ប្រតិបត្តិការ​សម្រាប់​គ្រាបន្ទាន់ ប្រព័ន្ធតាមដាន ដែលសុទ្ធតែជាមធ្យោបាយចាំបាច់ នៅក្នុងអំឡុងពេល​នៃការមាន​រោគ​រាតត្បាត​ ក្នុង​ពេល​នេះ។ 
 
លោក​វេជ្ជបណ្ឌិត John MacArthur គឺជាប្រធានថ្មី​នៃទីភ្នាក់ងារ CDC ប្រចាំតំប​ន់អាស៊ីអាគ្នេយ៍ ដែល​ធ្វើការងារគាំទ្រដល់​ដំណើរការ និង​សកម្មភាព​នៅ​ក្នុង​ប្រទេសចំនួន ១១ រួម​បញ្ចូល​ទាំង​ប្រទេស​កម្ពុជា​ផងដែរ​។ ការិយាល័យ CDC អាមេរិក នៅ​កម្ពុជា គឺ​ជា​ផ្នែក​មួយ​របស់​​ស្ថាន​ទូតសហរដ្ឋ​​អាមេរិ​ក នៅ​ភ្នំពេញ ដែល​មាន​ប្រធាន​ គឺ​អ្នក​ស្រីវេជ្ជបណ្ឌិត Rachel Albalak ហើយដើរ​តួនាទី​សំខាន់​ក្នុងវិស័យសុខភាព​សាធារណៈ តាំង​ពី​ឆ្នាំ ២០០២ ដែលធ្វើការងារយ៉ាងសកម្ម​ក្នុងការ​ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង រួម​ទាំង​ជំងឺគ្រុនចាញ់ ជំងឺ​អេដស៍ និង​ជំងឺ​កូវីដ ១៩៕
 

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com