រថយន្ត
អន្តរជាតិ
កាតានឹងរៀបចំព្រឹត្តិការណ៍ Formula One Grand Prix លើកដំបូងបំផុត
04, Oct 2021 , 7:59 pm        
រូបភាព
ដោយ: ធីតា
កាតានឹងក្លាយជាម្ចាស់ផ្ទះលើកដំបូងបំផុតនៃព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One Grand Prix នាខែវិច្ឆិកានេះ ដោយជំនួស Australian GP ដែលត្រូវបានលុបចោលកន្លងមក។ នេះបើតាមការផ្សាយរបស់ AFP។
 
ការប្រកួត F1 លើកដំបូងនៅកាតា នឹងប្រព្រឹត្តទៅនៅទីលាន Losail International Circuit ភាគខាងជើងក្រុងដូហា នាថ្ងៃទី២១ ខែវិច្ឆិកា មុនពេលដែលអារ៉ាប៊ីសាអូឌីត ត្រូវរៀបចំ Abu Dhabi Grand Prix នាពេលបន្ទាប់។ កាតាក៏នឹងចុះកិច្ចសន្យា១០ឆ្នាំផងដែរ លើការរៀបចំព្រឹត្តិការណ៍ Formula One ចាប់ពីឆ្នាំ២០២៣។
 
ព្រឹត្តិការណ៍បើករដូវកាលជាប្រពៃណី Australian GP ត្រូវបានលើកទៅធ្វើនៅចុងរដូវកាលវិញ ដោយសារតែការរឹតត្បិតវិធានការមួយចំនួនក្នុងបរិបទកូវីដ-១៩។ 
 
«យើងរីករាយស្វាគមន៍កាតាក្នុងប្រតិទិនប្រកួត Formula 1 នៅរដូវកាលនេះ និងបន្តរយៈពេលយូរអង្វែងទៀតចាប់ពីឆ្នាំ២០២៣តទៅ»។ នេះជាការលើកឡើងរបស់លោក Stefano Domenicali ប្រធាន និងជាអគ្គនាយកកម្មវិធី F1។
 
ទីលាន Losail Circuit បានបើកដំណើរកាលពីឆ្នាំ២០០៤ ដោយធ្លាប់បានរៀបចំ Moto GP ផងដែរ។ នេះជាការរៀបចំព្រឹត្តិការណ៍កីឡាដ៏មមាញឹករបស់តាកា ខណៈពិភពអារ៉ាប់មួយនេះ នឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ២០២២៕
 

© រក្សាសិទ្ធិដោយ thmeythmey.com