អន្តរជាតិ
អ្វីទៅជាប្រទេស Commonwealth?
04, Oct 2021 , 9:59 pm        
រូបភាព
ទង់ជាតិប្រទេសសមាជិក Commonwealth ក្នុងព្រឹត្តិការណ៍កីឡា Commonwealth ឆ្នាំ២០១៨ ។ រូបថត EPA
ទង់ជាតិប្រទេសសមាជិក Commonwealth ក្នុងព្រឹត្តិការណ៍កីឡា Commonwealth ឆ្នាំ២០១៨ ។ រូបថត EPA
ដោយ:
Commonwealth ជាអង្គការអន្តរជាតិមួយដែលសមាជិកភាគច្រើនជាអតីតទឹកដីក្រោមអាណានិគមអង់គ្លេស។ ក្នុងចំណោម៥៤ប្រទេសជាសមាជិក ប្រទេស១៦ មានម្ចាស់ក្សត្រិយ Elizabeth ទី២ ជាប្រមុខរដ្ឋ។ Commonwealth មានទីស្នាក់ការកណ្តាលស្ថិតនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស។
 
Commonwealth  ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៣១ ក្រោមច្បាប់នៃ Westminster ដោយមានសមាជិកដំបូងចំនួន៥ប្រទេស រួមមានចក្រភពអង់គ្លេស, កាណាដា, អៀរឡង់, Newfoundland (បច្ចុប្បន្នជាទឹកដីរបស់កាណាដា) និងសហភាពអាហ្រ្វិកខាងត្បូង។


ផែនទីបង្ហាញពីរដ្ឋសមាជិកអង្គការ Commonwealth (ពណ៌ខៀវ)។ រូបថតពីវេបសាយ Commonwealth
Commonwealth ប្រៀបបានជាប្រទេសដ៏ធំធេងមួយដែលមានសមាជិកជាង៥០ប្រទេសស្ថិតក្នុងតំបន់អាហ្រ្វិក អាស៊ី អឺរ៉ុប និងប៉ាស៊ីហ្វិក និងមានប្រជាជនសរុបបញ្ចូលគ្នាប្រមាណ ២,៥ពាន់លាននាក់។ សមាជិក១៦ប្រទេសមានម្ចាស់ក្សត្រិយអង់គ្លេស Elizabeth ទី២ ជាប្រមុខរដ្ឋ, ៦ប្រទេសទៀតមានមហាក្សត្រផ្ទាល់ខ្លួន និង៣២ប្រទេសផ្សេងទៀតជាសាធារណរដ្ឋ។ អូស្រ្តាលី កាណាដា និងនូវែលសេឡង់ សុទ្ធសឹងមានម្ចាស់ក្សត្រិយអង់គ្លេស ជាប្រមុខ។
 
ជាក្រុមប្រទេសចម្រុះប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍ វប្បធម៌ ព្រមទាំងប្រពៃណីខុសៗគ្នា Commonwealth ត្រូវបង្កើតដើម្បីរក្សាចំណងមិត្តភាពរវាងចក្រភពអង់គ្លេសជាមួយប្រទេសដែលធ្លាប់ជាផ្នែកមួយនៃអាណានិគមអង់គ្លេស ហើយក៏ដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ, ជំរុញកំណើនសេដ្ឋកិច្ចនិងពាណិជ្ជកម្ម អភិវឌ្ឍសង្គម លើកកម្ពស់សិទ្ធិមនុស្ស និងដោះស្រាយបញ្ហាប្រឈមដូចជាការប្រែប្រួលអាកាសធាតុ បំណុល និងវិសមភាព។


ម្ចាស់ក្សត្រិយ Elizabeth ទី២ នៃចក្រភពអង់គ្លេស។ រូបថត Xinhua
ដ្បិតព្រះមហាក្សត្រីយានីអង់គ្លេសមានមុខតំណាងជាប្រមុខរដ្ឋ ប៉ុន្តែបណ្តាសមាជិកប្រទេស Commonwealth នីមួយៗមានសិទិ្ធឯករាជ្យលើការជ្រើសរើសអភិបាល និងតាក់តែងច្បាប់ដោយខ្លួនឯង។ ក្នុងនាមជាប្រមុខរដ្ឋ ម្ចាស់ក្សត្រីយមានតួនាទីជាអ្នកជ្រើសតាំងរដ្ឋមន្រ្តី ,ឯកអគ្គរដ្ឋទូត និងអនុម័តច្បាប់ ហើយទ្រង់ក៏មានអគ្គទេសាភិបាលជាអ្នកតំណាងផងដែរ។អគ្គទេសាភិបាលត្រូវបានជ្រើសរើសដោយសភានៃប្រទេស, គណៈរដ្ឋមន្រ្តី, ឬនាយករដ្ឋមន្រ្តី ហើយត្រូវតែងតាំងជាផ្លូវការដោយម្ចាស់ក្សត្រិយផ្ទាល់។
 
នៅឆ្នាំ១៩៦៥សហគមនៃប្រជាជាតិCommonwealth បានបង្កើតលេខាធិការដ្ឋានទទួលបន្ទុកជាភ្នាក់ងារអន្តររដ្ឋាភិបាលដ៏សំខាន់។ លេខាធិការដ្ឋាននេះមានតួនាទីជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិរបស់សមាជិក រៀបចំកិច្ចប្រជុំនានា  ផ្តល់យោបល់លើគោលនយោបាយអភិវឌ្ឍ ជួយជ្រោមជ្រែងសមាជិកប្រទេសលើការអនុវត្តសេចក្តីសម្រេច និងគោលនយោបាយផ្សេងៗ។


មេដឹកនាំប្រទេស Commonwealth នាជំនួបឆ្នាំ២០១៨ ។ រូបថតពីវេបសាយ Australian Institute of International Affairs
មេដឹកនាំនៃប្រទេស Commonwealth តែងតែរៀបចំកិច្ចប្រជុំរៀងរាល់២ឆ្នាំម្តងដែលជាកិច្ចប្រជុំប្រមុខរដ្ឋាភិបាល Commonwealth ។ ដំណើរការកិច្ចប្រជុំត្រូវបានធ្វើឡើងនៅក្នុងប្រទេសជាសមាជិកតាមការវិលជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តី ឬប្រធានាធិបតីរបស់ប្រទេសរៀងៗខ្លួន៕
 

Tag:
 Commonwealth
© រក្សាសិទ្ធិដោយ thmeythmey.com