COVID-19
អន្តរជាតិ
ក្រៅពីជំងឺកូវីដ-១៩ តើពិភពលោកកំពុងព្រួយបារម្ភពីបញ្ហាអ្វីខ្លះនាពេលបច្ចុប្បន្ន?
04, Oct 2021 , 5:39 pm        
រូបភាព
រូបភាព៖ Business Insider
រូបភាព៖ Business Insider
ការស្ទង់មតិចុងក្រោយបង្អស់របស់ទំព័រ Ipsos ស្តីពីវិបត្តិដែលពិភពលោកកំពុងព្រួយបារម្ភ ​នៅក្នុងឆ្នាំ២០២១ ​បានបង្ហាញថា វិបត្តិជំងឺកូវីដ-១៩ ជាវិបត្តិធំជាងគេដែលមនុស្សទូទាំង​សកលលោកព្រួយ​បារម្ភ។ បន្ទាប់ពីបញ្ហាជំងឺកូវីដ-១៩ ភាពគ្មាន​ការងារធ្វើ ព្រមទាំងបញ្ហាភាពក្រីក្រ និងវិសមភាព​សង្គមគឺជាវិបត្តិទី២។ ការប្រែប្រួល​អាកាសធាតុ ក៏ជាបញ្ហាប្រឈមខ្លាំងចំពោះប្រទេសមួយចំនួនដែរ ដែលធ្វើឱ្យវាស្ថិតក្នុង​លំដាប់ទី៨ ស្មើជាមួយបញ្ហាពន្ធ។
 
លទ្ធផលនៃការស្ទង់មតិរបស់ទំព័រ Ipsos ជាមួយសាធារណជនលើបញ្ហាសង្គម និងនយោបាយ ដែលកំពុងព្រួយបារម្ភនៅទូទាំង​ប្រទេសជឿនលឿនចំនួន ២៨ បានបង្ហាញថា ការរាលដាលជំងឺកូវីដ-១៩ ជាវិបត្តិដែលត្រូវ​ព្រួយ​បារម្ភ​ធំជាងគេ។ មនុស្សចូលរួមប្រមាណ ៣៧ភាគរយឯណោះ បានព្រួយបារម្ភពី​បញ្ហាជំងឺ​កូវីដ-១៩ និងធ្វើឱ្យវាឈរនៅលំដាប់ទី១ ក្នុងតារាងនៃបញ្ហាពិភពលោក។
 
វិបត្តិគួរឱ្យព្រួយបារម្ភបន្ទាប់ពីជំងឺកូវីដ-១៩ គឺវិបត្តិគ្មានការងារធ្វើ។ ជាមួយគ្នា​នេះ ភាពក្រីក្រ និងវិសមភាពសង្គមក៏ស្ថិតនៅលំដាប់ទី២ ស្មើនឹងបញ្ហាគ្មានការងារធ្វើ​ដែរ។ វិបត្តិទី៣ គឺអំពីពុករលួយផ្នែកហិរញ្ញវត្ថុ និងនយោបាយ ខណៈវិបត្តិអំពើហិង្សា​ និងឧក្រិដ្ឋ​កម្មឈនៅលំដាប់ទី៤។ វិបត្តិដែលពិភពលោកព្រួយបារម្ភលំដាប់ទី៥ គឺបញ្ហា​សុខភាព។ 
 
ការធ្វើចំណាត់ថ្នាក់បញ្ហាដែលប្រជាជនព្រួយបារម្ភនេះ ផ្អែកលើលទ្ធផលរួមទាំងអស់​ដែលប្រមូល​បាន តែវាមានភាពខុសគ្នាទៅតាមប្រទេសនីមួយៗដែលមានបញ្ហាប្រឈម​ខុសគ្នា។ ជាក់ស្តែងដូចជានៅ ម៉ាឡេស៊ី ទទួលបានលទ្ធផលស្ទង់មតិប្រជាជនថា វាមានការ​ព្រួយបារម្ភ​ខ្លាំងចំពោះវិបត្តិជំងឺកូវីដ-១៩។ ដោយឡែក ស៊ុយអែត វិញមានការព្រួយបារម្ភ​ខ្លាំងលើវិបត្តិ​ឧក្រិដ្ឋកម្ម និងអំពើហិង្សា។ 
 
គួររំលឹកថា វិបត្តិបម្រែបម្រួលអាកាសធាតុ ក៏ជាវិបត្តិប្រឈមខ្លាំងក្នុងប្រទេសមួយចំនួនដែរ ដែលបានស្ថិតនៅលំដាប់ទី៨ នៃតារាងបញ្ហាពិភពលោកដែលមានការព្រួយបារម្ភ។ វាបានឈរនៅលំដាប់ស្មើជាមួយបញ្ហាពន្ធ។ បញ្ហាអាកាស​ធាតុនេះត្រូវបានព្រួយបារម្ភ និងយកចិត្តទុកដាក់​ជាខ្លាំងពីសំណាក់ប្រជាជនរបស់ប្រទេសមួយចំនួន ​ពិសេសអាល្លឺម៉ង់ អូស្ត្រាលី និងកាណាដា៕
 

Tag:
 ការប្រែប្រួលអាកាសធាតុ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com