អន្តរជាតិ
អង្គការលើកលែងទោសអន្តរជាតិ៖ ក្រុមតាលីបង់សម្លាប់ជនភាគតិច Hazara ១៣នាក់
05, Oct 2021 , 3:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
បន្ទាប់ពីឡើងកាន់អំណាច ក្រុមតាលីបង់បានសម្លាប់ ជនភាគតិច Hazara យ៉ាងហោចណាស់ ១៣ នាក់។ នេះបើតាមរបាយការណ៍អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា។ ក្រុមជនជាតិ Hazara ប្រកាន់និកាយឥស្លាម Shia ត្រូវបានក្រុមតាលីបង់ដែលកាន់និកាយឥស្លាម Sunni ធ្វើទុក្ខបុកម្នេញ និងវាយប្រហារលើសមាគមន៍របស់ពួកគេជារឿយៗ។ នេះជាសញ្ញាបង្ហាញពីការវិល ត្រឡប់ទៅរកការសម្លាប់រង្គាលរបស់ក្រុមតាលីបង់កាលពី២០ឆ្នាំមុន។
 
កាលពីថ្ងៃទី៣០ ខែសីហា ក្រុមសកម្មប្រយុទ្ធយុទ្ធតាលីបង់ចំនួន ៣០០ នាក់ បានវាយចូលទៅក្នុង ស្រុក Khidr ហើយបានសម្លាប់អតីតសមាជិកកងកម្លាំងសន្តិសុខជាតិអាហ្វហ្កានីស្ថាន (ANSF) យ៉ាងតិច ១១នាក់ ក្នុងនោះកងកម្លាំង ៩ នាក់ត្រូវបានគេនាំទៅទន្លេក្បែរនោះ ហើយត្រូវបានប្រហារជីវិតភ្លាមៗ បន្ទាប់ពីពួកគេប្រកាសចុះចាញ់។ បើតាមអង្គការលើកលែងទោសអន្តរជាតិ កងកម្លាំងសន្តិសុខដែលត្រូវបានសម្លាប់ខាងលើមានអាយុ ២៦ ទៅ ៤៦ឆ្នាំ ហើយពួកគេសុទ្ធតែជាជនភាគតិច Hazara។
 
ក្នុងការប៉ះទង្គិចគ្នានេះ កើតឡើងបន្ទាប់ពីក្រុមតាលីបង់កំណត់គោលដៅវាយប្រហារទៅលើកងកម្លាំង អាហ្វហ្កានីស្ថានដែលកំពុងព្យាយាមភៀសខ្លួនចេញពីស្រុក Khidr។ ក្មេងជំទង់ម្នាក់ឈ្មោះ Masuma និងជនស៊ីវិលម្នាក់ទៀតឈ្មោះ Fayaz ក៏ត្រូវបានតាលីបង់បាញ់សម្លាប់ផងដែរ។
 
ទាក់ទិននឹងបញ្ហានេះ ក្រុមតាលីបង់ នៅថ្ងៃទី១ ខែកញ្ញា បានបដិសេធថា ខ្លួនមិនបានសម្លាប់អ្នកទាំងនោះទេ។ លោក Saidqullah Abed ដែលត្រូវបានក្រុមតាលីបង់តែងតាំងជាមេប៉ូលិសខេត្ត Daykundi គ្រាន់តែបញ្ជាក់ថា កម្លាំងប្រយុទ្ធម្នាក់របស់ពួកគេ បានរងរបួសអំឡុងការ ប៉ះទង្គិចគ្នានោះ។
 
ខុសពីអ្វីដែលតាលីបង់លើកឡើង លោកស្រី Raihana Azad អតីតសមាជិកសភាប្រចាំតំបន់ Khidr បានផ្ទៀងផ្ទាត់របាយការណ៍របស់អង្គការលើកលែងទោស និងបានប្រាប់សារព័តមាន Al Jazeera  ថា ព្រឹត្តិការណ៍ថ្ងៃទី ៣០ ខែសីហា ជាការសម្លាប់រង្គាល និងអមនុស្សធម៌។ លោកស្រីបានបន្តថា អ្វីដែលតាលីបង់បានធ្វើនៅតំបន់ Khidr ជាការបំពានពាក្យសម្តីខ្លួនទាំងស្រុង ដែលបានសន្យាលើក លែងទោសទូទៅដល់កងកម្លាំងសន្តិសុខ និងរដ្ឋាភិបាលអាហ្វហ្កានីស្ថានដែលត្រូវផ្ដួលរលំ។
 
បន្ថែមពីនេះ អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិលោកស្រី Agnes Callamard បានសង្កត់ធ្ងន់ថា៖ «ការប្រហារជីវិតដោយឈាមត្រជាក់ទាំងនេះ ជាភស្តុតាង បន្ថែមថា ក្រុមតាលីបង់ កំពុងប្រព្រឹត្តអំពើរំលោភបំពានដ៏រន្ធត់ដូចគ្នាដែលពួកគេធ្លាប់ល្បីឈ្មោះ ក្នុងកំឡុងពេលគ្រប់គ្រងអាហ្វហ្កានីស្ថានពីមុន»។
 
របាយការណខាងលើនេះជារបាយការណ៍ទីពីររបស់អង្គការលើកលែងទោសអន្តររជាតិ ដែលកត់ត្រាពីការសម្លាប់ជនភាគតិច Hazara។ របាយការណ៍លើកទី១ ចេញផ្សាយ នៅថ្ងៃទី ១៩ ខែសីហា បានបង្ហាញថា ក្នុងខែកក្កដាក្រុមតាលីបង់ បានសម្លាប់បុរសជន ភាគតិច Hazara យ៉ាងតិច ៩ នាក់នៅខេត្ត Ghazni ។
 
ទាំងក្រុមតាលីបង់ និងគូប្រជែងរបស់ពួកគេរួមមានក្រុមរដ្ឋឥស្លាម ISIS-K និង ISIL ជាដើម តែងតែត្រូវបានចោទប្រកាន់ថា បានកំណត់គោលដៅវាយប្រហារលើជនភាគតិច Hazara ដែលមានប្រជាជនភាគច្រើនកាន់និកាយ Shia ។ 
 
គួររំលឹកថា កាលពីក្រុមតាលីបង់កាន់អំណាចពីឆ្នាំ ១៩៩៦ ដល់ ២០០១ ពួកគេបានធ្វើទុក្ខបុកម្នេញ និងបានសម្លាប់ជនភាគតិច Hazara រាប់រយនាក់នៅក្នុងខេត្ត Balkh និង Bamiyan៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com