ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ផ្ទេរប្រាក់ច្រឡំ តើធ្វើដូចម្តេច ដើម្បីបានមកវិញ?
11, Oct 2021 , 10:09 am        
រូបភាព
លោក កុយ គន្ធី មេធាវីនៃការិយាល័យក្រុមមេធាវីធម្មសាស្ត្រ
លោក កុយ គន្ធី មេធាវីនៃការិយាល័យក្រុមមេធាវីធម្មសាស្ត្រ
កាលពីលើកមុន សារព័ត៌មានថ្មីៗរបស់យើងខ្ញុំ បានផ្សាយអត្ថបទច្បាប់មួយរបស់លោកមេធាវី កុយ គន្ធី ដែលនិយាយពីការផ្ទេរប្រាក់ច្រឡំ។ អត្ថបទនោះ ពន្យល់ថា អ្នកទទួលបានប្រាក់ ដែលគេផ្ទេរទៅច្រឡំ បើព្យាយាមគេចវេះមិនព្រមផ្ទេរជូនម្ចាស់ដើមវិញទេ គឺអាចប្រឈមនឹងការចោទប្រកាន់ពីបទលួច។ ក្រោយអត្ថបទនោះ ចេញផ្សាយ ប្រជាពលរដ្ឋ មានការងឿងឆ្ងល់ជាច្រើន និងបានចោទចេញជាសំណួរផ្សេងៗពីគ្នា។ ក្នុងចំណោមសំណួរទាំងនោះ មានសំណួរមួយប្រភេទ ដែលប្រជាពលរដ្ឋ ចង់ដឹងបន្ត គឺថា «បើបុគ្គលម្នាក់ ផ្ទេរប្រាក់ទៅកាន់គណនីណាមួយដោយច្រឡំ តើបុគ្គលនោះ ត្រូវធ្វើដូចម្តេច ទើបអាចបានប្រាក់មកវិញ?»។ ថ្ងៃនេះ លោកមេធាវី កុយ គន្ធី បានសរសេរអត្ថបទមួយបន្ថែមទៀត ដើម្បីពន្យល់ពីចម្ងល់នេះ។


គេ ត្រូវចងចាំថា នៅក្នុងករណីនេះ គេ ចាត់ទុកធនាគារដូចជាប្រៃសណីយ៍ ដែលគ្រាន់តែជាអ្នកទីបី ក្នុងការជួយបញ្ជូនកញ្ចប់អីវ៉ាន់ទៅកាន់អ្នកទទួលអីវ៉ាន់អ៊ីចឹង។ ធនាគារ មិនទទួលខុសត្រូវចំពោះការខាតបង់របស់អ្នកផ្ទេរទេ លើកលែងតែប្រព័ន្ធទូទាត់អេឡិចត្រូនិចរបស់ធនាគារដើរខុស។ បើសិនជាអ្នកផ្ទេរ បញ្ចូលព័ត៌មានទៅក្នុងប្រព័ន្ធទូទាត់តាមទូរស័ព្ទ ហើយប្រព័ន្ធទូទាត់ ផ្ទេរប្រាក់ទៅតាមព័ត៌មានដូចដែលបានបញ្ចូលនោះ ធនាគារ មិនទទួលខុសត្រូវចំពោះការខាតបង់ឡើយ។

តែទោះជាយ៉ាងណាក្តី ធនាគារ ក៏ត្រូវមាននីតិវិធីដោះស្រាយរឿងភាន់ច្រឡំនេះដែរ។ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ធ៧.០១៧.២៩៩.ប្រក ចុះថ្ងៃទី ២៧ កញ្ញា ២០១៧ ស្តីពីការដោះស្រាយបណ្តឹងអតិថិជនរបស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្តុ ដែលតម្រូវឲ្យគ្រឹះស្ថាននីមួយៗ បង្កើតយន្តការ និងនីតិវិធីដោះស្រាយបណ្តឹងអតិថិជនរបស់ខ្លួន (ប្រការ៦)។ យោងតាមប្រការ៩ នៃប្រកាសនេះ អតិថិជន អាចធ្វើបណ្តឹងជាមួយគ្រឹះស្ថានធនាគារសាមីដោយផ្ទាល់មាត់ក៏បាន ឬ ជាលាយលក្ខណ៍អក្សរក៏បាន។

ឧទាហរណ៍៖ អតិថិជន អាចដាក់ពាក្យបណ្តឹងផ្ទាល់មាត់ ឬ ជាលាយលក្ខណ៍អក្សរជាមួយធនាគាររបស់ខ្លួន ស្តីពីការផ្ទេរប្រាក់ច្រឡំ ដើម្បីសុំឲ្យជួយទាមទារយកប្រាក់មកវិញ។ បើបណ្តឹងជាលាយលក្ខណ៍អក្សរ ធនាគារ ត្រូវចុះបញ្ជីបណ្តឹង ថ្ងៃខែទទួលបណ្តឹង ឈ្មោះអ្នកប្តឹង និង ការបរិយាយពីហេតុដែលមានបណ្តឹង ជាអាទិ៍។ បន្ទាប់មកធនាគារ ត្រូវស្រាវជ្រាវរករឿងហេតុ និងដោះស្រាយបណ្តឹងនោះមិនឲ្យលើសពី៣០ថ្ងៃ គិតចាប់ពីថ្ងៃទទួលបណ្តឹង។ ធនាគារក៏ត្រូវជូនដំណឹងទៅអ្នកប្តឹងពីលទ្ធផលនៃការដោះស្រាយបណ្តឹងនោះផងដែរ។ បើបណ្តឹងនោះ មានលក្ខណៈធ្ងន់ធ្ងរ ធនាគារត្រូវបញ្ជូនបណ្តឹងនោះទៅធនាគារជាតិ ដើម្បីសុំយោបល់ ឬ ធ្វើសេចក្តីសម្រេចចុងក្រោយ។

ធនាគារទាំងអស់ ត្រូវបង្កើតយន្តការដោះស្រាយបណ្តឹងអតិថិជន និង នីតិវិធីនៃការដោះស្រាយបណ្តឹងឈរលើគោលការណ៍នីតិវិធីខាងលើ។ «អ្នកផ្ទេរប្រាក់ដោយភាន់ច្រឡំ អាចទាក់ទងធនាគាររបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានេះ។ ធនាគារ នឹងផ្ទៀងផ្ទាត់ព័ត៌មានអំពីឈ្មោះ និង លេខគណនីរបស់អ្នកទទួល ដើម្បីដឹងថាការផ្ទេរនោះជាការច្រឡំពិតមែនឬយ៉ាងណា»។

ជាការអនុវត្តទូទៅ ធនាគាររបស់អ្នកផ្ទេរប្រាក់ច្រឡំ ត្រូវទាក់ទងជាមួយធនាគាររបស់អ្នកទទួល។ ធនាគាររបស់អ្នកទទួល នឹងទាក់ទងជាមួយអតិថិជនខ្លួន ដែលជាអ្នកទទួលប្រាក់នោះ ដើម្បីជូនដំណឹងពីហេតុការណ៍ដែលមានបណ្តឹងទាមទារឲ្យផ្ញើប្រាក់ត្រឡប់ទៅវិញ។ បើអ្នកទទួលដឹងថា ប្រាក់ដែលចូលក្នុងគណនីរបស់ខ្លួនពិតជាប្រាក់ដែលត្រូវបានផ្ទេរដោយច្រឡំមែន អ្នកទទួល យល់ព្រមឲ្យធនាគារបស់ខ្លួនផ្ទេរត្រឡប់ទៅឲ្យម្ចាស់ដើមវិញ ឬមួយបើអ្នកទទួលប្រើប្រាស់ប្រព័ន្ធទូទាត់តាមទូរស័ព្ទដែរ នោះអ្នកទទួល អាចចុចផ្ញើប្រាក់ត្រឡប់ទៅម្ចាស់ដើមវិញក៏បាន។

«ធនាគាររបស់អ្នកទទួល មិនអាចផ្ទេរប្រាក់ច្រឡំដោយគ្មានការយល់ព្រមពីអតិថិជនរបស់ខ្លួនបានឡើយ ព្រោះធនាគារ ត្រូវតែគោរពភាពជាម្ចាស់លើគណនី និងឯកជនភាពរបស់អតិថិជន»។

ចុះបើអ្នកទទួល មិនព្រមផ្ទេរប្រាក់ ទៅឲ្យម្ចាស់ដើមវិញ តើអ្នកផ្ទេរច្រឡំ ត្រូវធ្វើដូចម្តេច? ដោយសារតែធនាគារ មិនអាចផ្ទេរប្រាក់របស់អតិថិជនដោយខ្លួនឯង (ដូចបានពោលខាងលើ) «អ្នកផ្ទេរច្រឡំ ត្រូវតែចាត់ការផ្លូវច្បាប់ដោយខ្លួនឯង គឺត្រូវសុំដីកាពីតុលាការឲ្យបង្កកគណនីរបស់អ្នកទទួល និងចាត់ការបណ្តឹងទាមទារប្រាក់ត្រឡប់មកវិញ»។ កាលបើមានបណ្តឹងដូច្នេះ អ្នកទទួល អាចនឹងទទួលផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ព្រោះរឿងនេះ នឹងត្រូវធ្វើសវនាការជាសាធារណៈ។ លើសពីនេះ «អ្នកផ្ទេរច្រឡំ អាចមានជម្រើសមួយទៀត គឺការចាត់ការបណ្តឹងព្រហ្មទណ្ឌ ដែលធ្វើឲ្យអ្នកទទួលប្រាក់នោះ កាន់តែទទួលផលវិបាកធ្ងន់ធ្ងរទៀត»៕

កំណត់ចំណាំ៖ អត្ថបទនេះសម្រាប់ជាការអប់រំប៉ុណ្ណោះ ហើយមិនគួរយកទៅប្រើជំនួសឱវាទផ្លូវច្បាប់បានទេ។ អ្នកដែលមានបញ្ហាទាក់ទងនឹងរឿងនេះ គួរស្វែងរកការប្រឹក្សាជាមួយមេធាវីដែលមានឯកទេសក្នុងរឿងនេះ។

Tag:
 កុយ គន្ធី
  ច្បាប់
  ផ្ទេរប្រាក់ច្រឡំ
© រក្សាសិទ្ធិដោយ thmeythmey.com