អន្តរជាតិ
អាម៉េរិក​ផ្អឹប​ជំនួយ៧០០​លាន​ដុល្លារ​ដល់​ស៊ូដង់ ក្រោយ​យោធាធ្វើរដ្ឋប្រហារ
26, Oct 2021 , 10:29 pm        
រូបភាព
ប្រជាជនស៊ូដង់ ធ្វើបាតុកម្មក្រោយយោធាដណ្ដើមអំណាចពីរដ្ឋាភិបាលអន្តរកាលដឹកនាំដោយស៊ីវិល។ រូបថត AFP
ប្រជាជនស៊ូដង់ ធ្វើបាតុកម្មក្រោយយោធាដណ្ដើមអំណាចពីរដ្ឋាភិបាលអន្តរកាលដឹកនាំដោយស៊ីវិល។ រូបថត AFP
អាម៉េរិកនៅថ្ងៃទី ២៥ ខែតុលា បានផ្អាកការផ្ដល់ជំនួយចំនួន៧០០លានដុល្លារដល់ស៊ូដង់ បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលអន្តរកាលដឹកនាំដោយស៊ីវិល។ អាម៉េរិក ក៏បានជំរុញឱ្យមានការស្ដារឡើងវិញជាបន្ទាន់រដ្ឋាភិបាលស៊ីវិលនៅស៊ូដង់ផងដែរ។


«រដ្ឋាភិបាលអន្តរកាលដែលដឹកនាំដោយស៊ីវិលគួរតែត្រូវបានស្តារឡើងវិញភ្លាមៗ ហើយតំណាងឱ្យឆន្ទៈរបស់ប្រជាជន»។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក Ned Price បានប្រាប់អ្នកកាសែតនៅថ្ងៃទី ២៥ ខែតុលាក្រោយក្រសួងព័ត៌មានស៊ូដង់ប្រកាសថា យោធាបានធ្វើរដ្ឋប្រហារ។ លោក Price ក៏បានបន្ថែមថា រដ្ឋាភិបាលអាម៉េរិកនឹងផ្អាកជំនួយដែលគិតជាទឹកប្រាក់៧០០លានដុល្លារដល់ស៊ូដង់ ដោយសារស្ថានភាពវឹកវរ។
 
អ្នកនាំពាក្យដដែល បញ្ជាក់ថា អាម៉េរិកឈរខាងប្រជាជនស៊ូដង់ដែលបានបង្ហាញយ៉ាងច្បាស់នូវបំណងប្រាថ្នារបស់ពួកគេសម្រាប់បន្តការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យ ហើយអាម៉េរិក នឹងបន្តគាំទ្រឆន្ទៈរបស់ខ្លួន និងត្រៀមខ្លួនចាត់វិធានការលើអ្នកប្រឆាំងលទ្ធិប្រជាធិបតេយ្យទៀតផង។ លោក Price ក៏បានព្រមានយោធាឱ្យចៀសវាងអំពើហិង្សាណាមួយប្រឆាំងនឹងក្រុមបាតុករ ខណៈមនុស្ស៣នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបលើបាតុករប្រឆាំងនឹងយោធា។
 
កញ្ចប់ជំនួយជាថវិកាជាង ៧០០ លានដុល្លារនេះ គឺផ្តល់ឱ្យស៊ូដង់ក្នុងគោលបំណងគាំទ្រផ្នែកសេដ្ឋកិច្ច និងគាំទ្រការផ្លាស់ប្តូរទៅជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីការទម្លាក់មេដឹកនាំផ្តាច់ការលោក អូម៉ា អាល់-បាសៀ ដែលដឹកនាំស៊ូដង់ជាង៣​ទសវត្សរ៍កាលពីឆ្នាំ២០១៩ កន្លងទៅ។ 
 
យ៉ាងណាមិញ ប្រមុខយោធា Abdel Fattah al-Burhan នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ បាននិយាយថា កងកម្លាំងប្រដាប់អាវុធ បានប្រមូលផ្តុំមេដឹកនាំរដ្ឋាភិបាល ហើយកំពុងដឹកនាំការផ្លាស់ប្តូរទៅការគ្រប់គ្រងដោយស៊ីវិលយ៉ាងពេញលេញ។
 
មកទល់ពេលនេះ លោក Price បានអះអាង​ថា ​អាម៉េរិកនៅ​មិន​អាច​ទាក់ទង​ជាមួយ​នាយក​រដ្ឋមន្ត្រីលោក Abdalla Hamdok រួមនិងភរិយាដែល​ត្រូវ​បាន​យោធានាំយកចេញពីផ្ទះ។
សមាជិកព្រឹទ្ធសភាអាម៉េរិកលោក Chris Coons និងជាប្រធានក្រុមព្រឹទ្ធសភាទទួលបន្ទុកផ្នែកជំនួយបរទេស ក៏បានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងមិនផ្តល់មូលនិធិដល់របបយោធាស៊ូដង់ទេ។ លោកបានសរសេរនៅលើ Twitter ថា ជំនួយរបស់អាម៉េរិក នឹងបញ្ចប់ប្រសិនបើអំណាចរបស់នាយករដ្ឋមន្ត្រី Hamdok និងរដ្ឋាភិបាលអន្តរកាលមិនត្រូវបានស្តារឡើងវិញ៕

Tag:
 អាម៉េរិក
  ស៊ូដង់
© រក្សាសិទ្ធិដោយ thmeythmey.com