អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន ប្រកាសទម្លាក់ជំនួយកម្ចី ២៥០ពាន់លានដុល្លារ ដល់អាស៊ាន សម្រាប់ដោះស្រាយវិបត្តិកូវីដ-១៩
27, Oct 2021 , 3:00 pm        
រូបភាព
ជប៉ុនប្រកាសទម្លាក់ជំនួយកម្ចី ២៥០ពាន់លានដុល្លារ ដល់អាស៊ាន សម្រាប់ដោះស្រាយវិបត្តិកូវីដ-១៩។ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នាព្រឹកថ្ងៃទី២៧ តុលា។

 
ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានគាំទ្រជំនួយជាកម្ចីពីជប៉ុន ចំនួន ២៥០ពាន់លានដុល្លារ ដែលអាចឆ្លើយតបគ្រោះមហន្តរាយពាក់ព័ន្ធជំងឺកូវីដ-១៩ ។ ជប៉ុន ក៏ប្រកាសពីជំហរគាំទ្រតួនាទីស្នូលរបស់អាស៊ានផងដែរ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានស្រង់ខ្លឹមសារក្នុងកិច្ចប្រជុំបង្ហោះលើហ្វេសប៊ុក។ 
 
បើតាមសម្ដេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលអាស៊ានបានស្នើឱ្យជប៉ុន បន្តភាពជាដៃគូយុទ្ធសាស្ត្រអាស៊ានឱ្យកាន់តែស៊ីជម្រៅ និងរីកចម្រើន ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលមានដូចជា វិស័យឌីជីថល វិស័យសេដ្ឋកិច្ច វប្បធម៌  វិស័យសន្តិសុខ និងវិស័យផ្សេងៗទៀត។
 
ក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ានបានកត់សម្គាល់ លើឯកសារចំនួន២ រួមមាន របាយការណ៍វឌ្ឍនភាពស្ដីអំពីការអនុវត្តការកែសម្រួលការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យស្ដីអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ ឯកសារមួយទៀតទាក់ទង របាយការណ៍ វឌ្ឍនភាពស្ដីពីការអនុវត្តសេចក្តីប្រកាសរួម ស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន លើចក្ខុវិស័យអាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក ។
 
រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសន្ធឹកសន្ធាប់ ជាពិសេសពាក់ព័ន្ធនឹងការផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ- ១៩ ដល់ប្រទេសអាស៊ាន និងផ្ដល់វិភាគទាន ៥០លានដុល្លារ ដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកើតថ្មី។
 
កន្លងមក រដ្ឋាភិបាលជប៉ុន ក៏បានប្រកាសផ្ដល់ជំនួយឥតសំណងចំនួន ២០០លានដុល្លារ សម្រាប់ជួយដល់បរិក្ខាពេទ្យ និងឧបករណ៍ផ្សេងៗ ព្រមទាំងផ្នែកបច្ចេកទេសដល់បណ្ដាប្រទេសអាស៊ាន។ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្វាគមន៍ជំនួយនេះ ហើយស្នើជប៉ុនបន្តជួយកសាងសហគមន៍អាស៊ាន ជាពិសេសការតភ្ជាប់ផែនការមេឆ្នាំ២០២៥  និងសមាហរណកម្មអាស៊ាន សម្រាប់ផែនការគំនិតផ្ដួចផ្ដើមអាស៊ានលើកទី៤ ក៏ដូចជាការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ជាពិសេសនៅតំបន់មេគង្គ ។ 
 
ជប៉ុន គឺជាដៃគូសន្ទនារបស់អាស៊ាន ៤៨ ឆ្នាំមកហើយ។ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានឯកភាពតាមសំណើរបស់ជប៉ុន រៀបចំកិច្ចប្រជុំពិសេសនៅជប៉ុន ក្នុងឆ្នាំ២០២៣ ដែលជាខួបលើកទី៥០នៃការបង្កើតភាពដៃគូរវាងអាស៊ាន និងជប៉ុន៕
 
 
 

Tag:
 ហ៊ុន សែន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com