អន្តរជាតិ
អាស៊ានថា មីយ៉ាន់ម៉ានៅតែជាសមាជិក ខណៈរបបសឹកការពារជំហរមិនបញ្ជូនតំណាងចូលប្រជុំ
27, Oct 2021 , 2:09 pm        
រូបភាព
មេដឹកនាំប្រទេសអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃទិ២៦ ខែតុលា ដោយគ្មានវត្តមានតំណាងមីយ៉ាន់ម៉ា។ រូបថតពីលេខាធិការដ្ឋានអាស៊ាន
មេដឹកនាំប្រទេសអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃទិ២៦ ខែតុលា ដោយគ្មានវត្តមានតំណាងមីយ៉ាន់ម៉ា។ រូបថតពីលេខាធិការដ្ឋានអាស៊ាន
ក្រសួងការបរទេសនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានការពារជំហរមិនបញ្ជូនតំណាងមិនមែននយោបាយចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា។ បើតាមប្រមុខការទូតឥណ្ឌូណេស៊ី អាស៊ានត្រៀមទទួលតំណាងមីយ៉ាន់ម៉ារួចហើយ តែគ្មានអ្នកចូលរួម។ ឯក្នុងសេចក្ដីងថ្លែងការណ៍របស់ប្រធានអាស៊ាន អង្គការតំបន់នេះនៅតែចាត់ទុកមីយ៉ាន់ម៉ាជាសមាជិកដដែល ហើយបន្តទទូចឱ្យមីយ៉ាន់ម៉ាចូលរួមដោះស្រាយវិបត្តិតាមអនុសាសន៍៥ចំណុច។
 
មិនមានតំណាងមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ ទី៣៩ ដែលធ្វើតាមអនឡាញនៅថ្ងៃទី២៦ ខែតុលាឡើយ។ បើតាមវីដេអូនៃកិច្ចប្រជុំ អេក្រង់សម្រាប់មីយ៉ាន់ម៉ាមិនមានរូបភាពមនុស្សឡើយ តែមានពាក្យមីយ៉ាន់ម៉ា។ លោកស្រី Retno Masurdi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បញ្ជាក់ថា អាស៊ានត្រៀមទទួលតំណាងមីយ៉ាន់ម៉ាសម្រាប់កិច្ចប្រជុំកំពូលនេះ តែមីយ៉ាន់ម៉ាបែរជាមិនបញ្ជូនតំណាងតាមការអញ្ជើញរបស់អាស៊ាន។
 
ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទិ២៦ ខែតុលា ក្រសួងការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា បញ្ជាក់ថា អាស៊ាន បានអញ្ជើញលោក Chan Aye លេខាធិការអចិន្រ្តៃយ៍ក្រសួងការបរទេសឱ្យចូលរួមក្នុងជំនួបកំពូល ជំនួសលោក មីន អ៊ុងឡាំង ប្រមុខរបបសឹក។ ដោយសារហេតុនេះ មីយ៉ាន់ម៉ា ក៏សម្រេចមិនបញ្ជូនតំណាងតែម្ដង ព្រោះអាស៊ានបដិសេធអញ្ជើញប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល ឬរដ្ឋមន្រ្តីជាតំណាងមីយ៉ាន់ម៉ាឱ្យចូលប្រជុំ។
 
ក្រសួងការបរទេសមីយ៉ាន់ម៉ាបន្តថា ការទម្លាក់កម្រិតតំណាងរបស់មីយ៉ាន់ម៉ា និងតួនាទីក្នុងការជជែក និងការសម្រេចចិត្តពេលកិច្ចប្រជុំ គឺផ្ទុយពីគោលការណ៍ និងនីតិវិធីរបស់អាស៊ាន។ ទោះជាយ៉ាងណា ក្រសួងដដែលនេះ អះអាងថា អវត្តមានពេលនេះ មិនមែនជាការប្រឆាំងអាស៊ាន ឬការធ្វើពហិការអ្វីឡើយ តែជាការអនុវត្តសិទ្ធិក្នុងនាមជាសមាជិកស្របតាមគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអាស៊ានតែប៉ុណ្ណោះ។
 
លើបញ្ហាមីយ៉ាន់ម៉ានេះ ក្នុងសេចក្ដីថ្លែងការណ៍ប្រធានកិច្ចប្រជុំ មេដឹកនាំអាស៊ាននៅតែស្នើឱ្យមីយ៉ាន់ម៉ាអនុវត្តតាមកុងសង់ស៊ីស៥ចំណុច ពិសេសសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសរបស់អាស៊ាន និងការអនុញ្ញាតឱ្យជួបគ្រប់ភាគីទាំងអស់។ ចំណុចជួបគ្រប់ភាគីនេះហើយ​ ជាបញ្ហារាំងស្ទះដល់ទស្សនកិច្ចរបស់ប្រេសិតអាស៊ាន ព្រោះរបបយោធាមិនព្រមឱ្យមានជំនួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ក្ដីក្ដាំនៅតុលាការ។
 
ទោះមានបញ្ហាក្ដី មេដឹកនាំអាស៊ាន ចាត់ទុកមីយ៉ាន់ម៉ាជាសមាជិកគ្រួសារអាស៊ានដដែល ហើយទទួលស្គាល់ថា មីយ៉ាន់ម៉ាត្រូវការពេលវេលា និងលំហនយោបាយដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ច្រើនស្អេកស្អះ។ ប៉ុន្តែអាស៊ានក៏បញ្ជាក់ថា បញ្ហារបស់មីយ៉ាន់ម៉ា ក៏មិនគួរប៉ះពាល់ដំណើការកសាងសហគមន៍អាស៊ាន និងការសម្រេចចិត្តនានាដែរ៕  

© រក្សាសិទ្ធិដោយ thmeythmey.com