អន្តរជាតិ
សិង្ហ​បុរី ​ជំរុញ​មី​យ៉ាន់​ម៉ា​ឱ្យ​សហការ​ជាមួយ​ប្រេសិតអាស៊ាន​ ខណៈអំពើហិង្សានៅតែមាន
27, Oct 2021 , 7:29 pm        
រូបភាព
ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាននាជំនួបកំពូលថ្ងៃទី២៦ ខែតុលា។ រូបថតពីហ្វេសប៊ុកលោក លី សៀនឡុង
ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាននាជំនួបកំពូលថ្ងៃទី២៦ ខែតុលា។ រូបថតពីហ្វេសប៊ុកលោក លី សៀនឡុង
នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ាសហការយ៉ាងពេញលេញជាមួយប្រេសិតអាស៊ាន ខណៈដែលចលាចលកំពុងបន្តនៅក្នុងប្រទេសនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉រិកលើកទី៩ តាមប្រព័ន្ធអនឡាញ លោក លី បញ្ជាក់ថា សិង្ហបុរីនៅតែព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅមីយ៉ាន់ម៉ាដែលហែកហួរដោយអំពើហិង្សា។


«​យើង​ខក​ចិត្ត​ចំពោះ​ការ​ខ្វះ​ការ​រីក​ចម្រើន​ជាក់ស្តែង​ក្នុង​ការ​អនុវត្តមអនុសាសន៍៥ចំណុច​របស់​អាស៊ាន»។ នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង លើកឡើងបែបនេះនាជំនួបកំពូលអាស៊ាន-អាម៉េរិកនៅល្ងាចថ្ងៃទី២៦ ខែតុលា។
 
កាលពីខែមេសា មេដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ាន បានឈានដល់ការឯកភាពគ្នាលើ ៥ ចំណុច រួមមាន ការបញ្ចប់អំពើហិង្សា ការសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីទាំងអស់ ការតែងតាំងប្រេសិតពិសេសអាស៊ានដើម្បីជួយសម្រួលការសន្ទនាពីការផ្តល់ជំនួយមនុស្សធម៌ និងដំណើរទស្សនកិច្ចរបស់ប្រេសិតអាស៊ាន​នៅមីយ៉ាន់ម៉ា។ មេដឹកនាំ​អាស៊ាន ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ជា​បន្ទាន់​នៅ​មីយ៉ាន់ម៉ា និងដោះលែងអ្នកជាប់ឃុំផងដែរ។ 
 
ប៉ុន្តែ របបយោធា​មីយ៉ាន់ម៉ា មិនបានធ្វើតាមឡើយ ពិសេសបានច្រានចោលសំណើរបស់ប្រេសិតអាស៊ាន​ចូល​ជួប លោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងប្រឈមនឹងបទចោទប្រកាន់ជាច្រើនចាប់តាំងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមក។​
 
ទាក់ទិននឹងបញ្ហានៅមីយ៉ាន់ម៉ា លោក លី បានលើកឡើងថា សិង្ហបុរីគាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជួយមីយ៉ាន់ម៉ាក្នុងលក្ខណៈវិជ្ជមាន សន្តិភាព និងស្ថាបនា។ យ៉ាងណាមិញ​ លោក​បាន​កត់​សម្គាល់​ថា ការ​រីក​ចម្រើន​ក្នុង​ការ​អនុវត្ត​ការ​ឯកភាព​គ្នា​គឺ​មាន​ភាព​យឺតយ៉ាវ។ លោក លី ក៏បានអរគុណអាម៉េរិកដែលបានប្រកាសផ្តល់ជំនួយបន្ថែមចំនួន១៨០លានដុល្លារ ដល់ជនរងគ្រោះដោយវិបត្តិនៅ Rakhine និងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។
 
កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ ប្រព្រឹត្តទៅដោយមិនមានវត្តមានមេដឹកនាំយោធាមីយ៉ាន់ម៉ាចូលរួមឡើយ។ អាស៊ានបានអញ្ជើញឥស្សរជនមិនមែនអ្នកនយោបាយមកពីមីយ៉ាន់ម៉ា ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ប៉ុន្តែរបបយោធាមីយ៉ាន់ម៉ា មិនអនុញ្ញាតឱ្យមានអ្នកតំណាងណាផ្សេង ក្រៅតែពីប្រមុខរដ្ឋ ឬតំណាងថ្នាក់រដ្ឋមន្ត្រីរបស់ខ្លួនឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com