អន្តរជាតិ
ចំពោះមុខមេដឹកនាំអាស៊ាន លោក បៃដិន បរិហាររដ្ឋប្រហារនិងអំពើហិង្សានៅមីយ៉ាន់ម៉ា
27, Oct 2021 , 5:04 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ថ្លែងក្នុងជំនួបកំពូលអាស៊ាន-អាម៉េរិកតាមប្រព័ន្ធវីដេអូ។ រូបថតពី Twitter ការិយាល័យនាយករដ្ឋមន្រ្តីកម្ពុជា
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ថ្លែងក្នុងជំនួបកំពូលអាស៊ាន-អាម៉េរិកតាមប្រព័ន្ធវីដេអូ។ រូបថតពី Twitter ការិយាល័យនាយករដ្ឋមន្រ្តីកម្ពុជា
ដោយ៖ ឡាយ ស្រីពេជ្រ
 
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន នៅថ្ងៃទី២៦ ខែតុលា បានបរិហាររដ្ឋប្រហារយោធានិងអំពើហិង្សាបង្ហូរឈាមនៅមីយ៉ាន់ម៉ាអំឡុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាស៊ាន។ លោក បៃដិន ក៏ឆ្លៀតបានលើកឡើងពីទំនាក់ទំនងនិងភាពជាដៃគូរវាងអាម៉េរិក-អាស៊ានដែរ។
 
ទាក់ទិនការផ្តួលរលំរដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី និងការបង្រ្កាបដ៏សាហាវលើអ្នកប្រឆាំងរបបយោធា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក លោក ចូ បៃដិន បង្កាញក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីរដ្ឋប្រហារយោធា និងអំពើហិង្សាបង្ហូរឈាមនៅមីយ៉ាន់ម៉ា។ ប្រធានាធិបតីអាម៉េរិក អំពាវនាវឱ្យរបបសឹកមីយ៉ាន់ម៉ាបញ្ចប់អំពើហិង្សាជាបន្ទាន់ ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ និងស្តារមាគ៌ាប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ាឡើងវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
 
យ៉ាងណាមិញ ពាក្យរិះគន់របស់លោក បៃឌិន ប្រហែលមិនធ្លាក់លើត្រចៀកមេដឹកនាំមីយ៉ាន់ម៉ា ព្រោះ
ប្រមុខរបបយោធា មីន អ៊ុងឡាំង ត្រូវបានអញ្ជើញមិនឱ្យចូលកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន​ឡើយ ខណៈតំណាងមិនពាក់ព័ន្ធនយោបាយ ក៏មិនមានវត្តមានដែរ។ 
 
ក្រៅពីរឿងមីយ៉ាន់ម៉ា លោក បៃដិន ក៏ថ្លែងសុន្ទរកថាពីតួនាទីរបស់អាស៊ាន និងវត្តមានចិនក្នុងតំបន់ដែរ។ លោក បៃដិន ហៅអាស៊ាន ជាសមាគមដែលមានសារសំខាន់ ហើយលោកក៏បញ្ជាក់ពីការប្តេជ្ញារបស់អាម៉េរិកចំពោះអព្យាក្រឹតភាពរបស់អាស៊ាន។ សម្រាប់លោក បៃឌិន អាស៊ានជាសមាសភាពដ៏សំខាន់នៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការទប់ស្កាត់ការរីកសាយឥទ្ធិពលចិនដែលកំពុងកើនឡើងដ៏ខ្លាំងក្លានៅទូទាំងអាស៊ី។
 
ចំពោះមុខមេដឹកនាំអាស៊ានទាំង៩ លោក បៃដិន អះអាងថា ភាពជាដៃគូរវាងអាម៉េរិកនិងអាស៊ានមានសារសំខាន់ក្នុងការថែរក្សាយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខ និងវិបុលភាពរួមគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ លោកសង្កត់ធ្ងន់ថា អាម៉េរិកគាំទ្រទស្សនវិស័យអាស៊ានទៅលើឥណ្ឌូ-ប៉ាស៊ីហ្វិក និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់៕

Tag:
 អាម៉េរិក
  អាស៊ាន
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com