អន្តរជាតិ
ចិនថា តៃវ៉ាន់​គ្មាន​សិទ្ធិ​ចូលរួមក្នុង​ UN ​ទេ​
27, Oct 2021 , 8:29 pm        
រូបភាព
លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិន។ រូបថត Xinhua
លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិន។ រូបថត Xinhua
ដោយ៖ ឡាយ ស្រីពេជ្រ
 
រដ្ឋាភិបាលចិន នៅថ្ងៃទី២៧ ខែតុលា បញ្ជាក់ច្បាស់ៗថា តៃវ៉ាន់គ្មានសិទ្ធិចូលរួមក្នុងអង្គការសហប្រជាជាតិ (UN) ។ ការបញ្ជាក់ ធ្វើឡើងក្រោយអាម៉េរិកចង់ឱ្យតៃវ៉ាន់មានការចូលរួមប្រកបដោយអត្ថន័យនៅក្នុងស្ថាប័នពិភពលោកមួយនេះ។
 
«តៃវ៉ាន់​គ្មាន​សិទ្ធិ​ចូលរួម​នៅក្នុង​អង្គការ​សហប្រជាជាតិ​ទេ»។ លោក Ma Xiaoguang អ្នក​នាំពាក្យ​សម្រាប់ការិយាល័យ​កិច្ចការ​តៃវ៉ាន់​ចំណុះគណៈរដ្ឋមន្រ្តីចិន ប្រកាសបែបនេះ​ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៧ ខែតុលា ដោយឆ្លើយតបនឹងការលើកឡើងរបស់ប្រមុខការទូតអាម៉េរិក អាន់តូនី ប្លីងខិន ដែលចង់ឃើញតៃវ៉ាន់មានតួនាទីកាន់តែធំលើឆាកអន្តរជាតិ។ លោក Ma អះអាងថា រដ្ឋាភិបាលរបស់តៃវ៉ាន់គ្មានកន្លែងនៅលើឆាកការទូតសកលទេ។
 
ក្នុងសេចក្តីថ្លែងការណ៍រំលឹកខួបទី៥០​ឆ្នាំដែលមហាសន្និបាត UN ប្រគល់អាសនៈឱ្យទីក្រុងប៉េកាំងជាតំណាងចិនទាំងមូលនៅថ្ងៃទី២៦ ខែតុលា លោក ប្ល៊ីងខិន បង្ហាញការសោកស្តាយដែលតៃវ៉ាន់ត្រូវបានផាត់ចេញកាន់តែឆ្ងាយពីឆាកអន្តរជាតិ។ បើតាមលោក ប្លីងខិន នៅពេលអន្តរជាតិប្រឈមមុខបញ្ហានិងរឿងស្មុគស្មាញជាច្រើនដែលមិនធ្លាប់មាន វាពិតជាមានសារសំខាន់ណាស់ដែលអ្នកពាក់ព័ន្ធទាំងអស់ជួយដោះស្រាយបញ្ហាទាំងនេះដោយរួមបញ្ចូលទាំងប្រជាជន២៤លាននាក់រស់នៅតៃវ៉ាន់ផង។ 
 
លោក ប្ល៊ីងខិន បន្ថែមទៀតថា ការចូលរួមប្រកបដោយអត្ថន័យរបស់តៃវ៉ាន់នៅក្នុងប្រព័ន្ធ UN មិនមែនជាបញ្ហានយោបាយទេ ប៉ុន្តែជាការអនុវត្តជាក់ស្តែងមួយ។ នេះជាមូលហេតុដែលលោកលើកទឹកចិត្តឱ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ចូលរួមក្នុងការគាំទ្រការចូលរួមដ៏រឹងមាំនិងប្រកបដោយអត្ថន័យរបស់តៃវ៉ាន់នៅទូទាំងប្រព័ន្ធ UN និងក្នុងសហគមន៍អន្តរជាតិ។
 
យ៉ាងណាមិញ លោក Ma លើកឡើងថា UN ជាអង្គការអន្តររដ្ឋាភិបាលដែលរដ្ឋអធិបតេយ្យទើបអាចចូលរួមជាសមាជិកបាន ឯតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិនដែលរង់ចាំបង្រួបបង្រួម៕

© រក្សាសិទ្ធិដោយ thmeythmey.com