អន្តរជាតិ
UN ព្រមានថា ពិភពលោកប្រឈមនឹងការកើនឡើងសីតុណ្ហភាព២,៧ អង្សា
28, Oct 2021 , 9:42 am        
រូបភាព
ដោយ:
របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ(UN) ដែលផ្សាយនៅថ្ងៃទី២៧ ខែតុលា​ ព្រមានថា ការបេ្តជ្ញាចិត្តបច្ចុប្បន្នរបស់ប្រទេសនានាលើពិភពលោកក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ កំពុងធ្វើឱ្យភពផែនដីកាន់តែកើនឡើងកម្តៅរហូត២,៧អង្សា។ របាយការណ៍នេះ ជាការព្រមានថ្មីមួយទៀតដោយ UN មុនពេលកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុ COP26 ចាប់ផ្តើមចុងសប្ដាហ៍នេះ។


ប្រទេសជាច្រើន បានចេញមុខសន្យា​ និងបេ្តជ្ញាចិត្តកាត់បន្ថយឧស្ម័នបំពុលឱ្យបានត្រឹមឆ្នាំ២០៣០ និងឆ្ពោះទៅអព្យាក្រឹតភាពកាបូនក្នុងឆ្នាំ២០៦០។ ប៉ុន្តែ កម្មវិធីបរិស្ថានសហប្រជាជាតិ​ (UNEP) បានព្រមានថា​ ​ផែនការជាតិក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន ពិសេសក្នុងចំណោមប្រទេសអ្នកមាន ប្រៀបបានជា​ការសន្យាតែមាត់ ដោយមិនទាន់មានការអនុវត្តអ្វីឡើយ ហើយវាធ្វើឱ្យពិភពលោកប្រឈមមុខបញ្ហា។
 
«បណ្តាក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 មានចំណែក៧៨ភាគរយនៃការបំភាយឧស្ម័នបំពុលទៅកាន់បរិយាកាសទាំងអស់ ដូច្នេះដើម្បីសម្រេចបាន ស្ថិតនៅលើពួកគេ។» នាយិកាប្រតិបត្តិ UNEP ​លោកស្រី Inger Anderson ប្រាប់សារព័ត៌មាន Al Jazeera បែបនេះ ជាមួយការព្រមានថាការសន្យាប្ដេជ្ញាចិត្តរបស់ប្រទេសនានាក្នុងគោលដៅកាត់បន្ថយឧស្ម័នកាបូនិក ត្រូវបានពន្យាពេលរហូតដល់ឆ្នាំ២០៣០ ដែលវានឹងអាចយឺតពេលខ្លាំងទៅហើយ។
 
ទន្ទឹមនេះ ​អង្គការឧតុនិយមពិភពលោក អះអាងថា ​កម្រិតឧស្ម័នផ្ទះកញ្ចក់បានកើនឡើងខ្ពស់ខ្លាំងរហូតបំបែកកំណត់ត្រាកាលពីឆ្នាំ២០២០ ហើយពិភពលោកក៏កំពុងចាកឆ្ងាយលើការកាត់បន្ថយការឡើងកម្តៅ។
 
របាយការណ៏ខាងលើបានសរសេរ​ថា ជាមួយការប្ដេជ្ញាចិត្តដូចពេលបច្ចុប្បន្នរបស់ប្រទេសទាំង១៩៣ ដែលបានចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស គួបផ្សំការចាត់វិធានការមិនត្រឹមត្រូវ និងការពន្យារពេលសម្រេចគោលដៅរហូតដល់ឆ្នាំ២០៣០ ការបំភាយឧស្ម័នផ្ទះកញ្ចក់នឹងកើនឡើង១៦ក្នុងឆ្នាំ២០៣០​ បើប្រៀបធៀបនឹងកម្រិតឆ្នាំ២០១០។ ការកើនឡើងកម្រិតបំភាយនេះ នឹងធ្វើឱ្យពិភពលោកកើនកម្តៅ ២,៧អង្សា។
 
ជាមួយគ្នានេះ​​ អគ្គលេខាធិការ UN លោក អាន់តូនីញ៉ូ ​ហ្គូតេរ៉េស​ បានអះអាងក្នុងរបាយការណ៍ដដែលថា ​ពិភពលោកនៅតែស្ថិតនៅលើផ្លូវនៃគ្រោះមហន្តរាយអាកាសធាតុ។
កាលពីខែសីហា ក្រុមជំនាញអន្តររដ្ឋាភិបាលស្តីពីអាកាសធាតុរបស់ UN បានព្រមានដែរថា​ ផែនដីអាចនឹងកើនឡើងកម្តៅ១,៥អង្សានៅឆ្នាំ២០៣០ និងកើនជាងនេះទៀតនៅត្រឹមពាក់កណ្តាលសតវត្សរ៍ទី២១។
 
ចាប់ពីចុងសប្ដាហ៍នេះ​ មេដឹកនាំលើពិភពលោកនឹងជួបប្រជុំគ្នានៅសន្និសីទ COP26 ដើម្បីពិភាក្សា និងកំណត់ការបេ្តជ្ញាចិត្តលើមហិច្ឆតាកាត់បន្ថយឧស្ម័នបំពុល។ កិច្ចប្រជុំនេះ ក៏ត្រូវបានរំពឹង​ថា ជាឱកាសចុងក្រោយក្នុងការអូសទាយមេដឹកនាំពិភពលោកចូលរួមកាត់បន្ថយការកើនឡើងកម្តៅឱ្យទាបជាង​២អង្សាប្រៀបធៀបនឹងកម្រិតមុនសម័យឧស្សាហកម្ម៕

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com