អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាស៊ាន និងអូស្រ្តាលី ឯកភាពដំឡើងភាពជាដៃគូយុទ្ធសាស្រ្តបន្ថែមមួយកម្រិតទៀត
28, Oct 2021 , 11:36 am        
រូបភាព
អាស៊ាន និងអូស្រ្តាលី នៅថ្ងៃទី២៧ ខែតុលា បានឯកភាពបង្កើត «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុយជ្រោយ» ពីភាពជាដៃគូយុទ្ធសាស្រ្ត ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៤។ មិនតែប៉ុណ្ណោះ អូស្រ្តាលី ក៏បានប្រកាសផ្តល់ជំនួយ ក្នុងទំហំទឹកប្រាក់ជាង ៩៣លានដុល្លារ ឬ១២៤លានដុល្លារអូស្រ្តាលី សម្រាប់គាំទ្រវិស័យសន្តិសុខរបស់អាស៊ានផងដែរ។
 
ក្នុងកិច្ចប្រជុំអាស៊ាន-អូស្រ្តាលី នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានថ្លែងថា កំណើនសេដ្ឋកិច្ចរបស់អាស៊ាន បានបង្ហាញពីស្ថិរភាពក្នុងតំបន់ និងវិបុលភាពរបស់អូស្រ្តាលី។ ក្នុងជំនួបកំពូលដដែលនោះ អូស្រ្តាលី និងអាស៊ាន បានសម្រេចដំឡើងកម្រិតទំនាក់ទំនងភាគីទាំងពីរ ទៅមួយកម្រិតទៀត។ ការអភិវឌ្ឍទំនាក់ទំនងបែបនេះ នឹងធ្វើឱ្យអូស្រ្តាលី មានតួនាទីកាន់តែច្រើននៅក្នុងតំបន់ ស្របពេលចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួន។ 
 
«មេដឹកនាំអាស៊ាន និងអូស្រ្តាលី បានឯកភាពបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអូស្រ្តាលី»។ ប្រមុខការទូតអូស្រ្តាលី អ្នកស្រី Marise Payne បានអះអាងបែបនេះ នៅក្នុងបណ្តាញសង្គម Facebook របស់ខ្លួនដោយបន្ថែមថា តាមរយៈទំនាក់ទំនងថ្មីនេះ អូស្រ្តាលី នឹងវិនិយោគទឹកប្រាក់ ៩៣លានដុល្លារ ឬ ១២៤លានដុល្លារអូស្រ្តាលី សម្រាប់មូលនិធិមួយរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមដូចជា ការងើបឡើងនៃសេដ្ឋកិច្ចពីជំងឺកូវីដ-១៩, ភេរវកម្ម, ឧក្រិដ្ឋកម្មឆ្លងដែន, សន្តិសុខថាមពល និងបញ្ហាបរិស្ថានសមុទ្រជាដើម។ 
 
មិនត្រឹមតែប៉ុណ្ណោះ អូស្រ្តាលី ក៏បានផ្តល់អាហារូបករណ៍ ១០០កន្លែងសម្រាប់អាស៊ានផងដែរ ដើម្បីគាំទ្រការលេចឡើងភាពជាអ្នកដឹកនាំនៅក្នុងតំបន់។ មិនត្រឹមតែប៉ុណ្ណោះ អូស្រ្តាលី នឹងគាំទ្រសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់ជាមួយអាស៊ានឱ្យបានល្អបំផុត។ 
 
សូមបញ្ជាក់ថា អូស្រ្តាលី បានក្លាយជាដៃគូពិភាក្សាអាស៊ានលើកដំបូងនៅក្នុងឆ្នាំ១៩៧៤ មុននឹងក្លាយជាដៃគូយុទ្ធសាស្រ្តនៅក្នុងឆ្នាំ២០១៤៕ 
 

Tag:
 អាស៊ាន
  អូស្រ្តាលី
© រក្សាសិទ្ធិដោយ thmeythmey.com